កំណត់ត្រាប្រវត្តិសាស្ត្រ៖ សម្តីចុងក្រោយរបស់លោក ខៀវ សំផន

0
36

ប្រជាជនខ្មែរ ប្រហែលលែងបានឮសម្តីរបស់លោក ខៀវ សំផន មេដឹកនាំលំដាប់កំពូលម្នាក់នៃរបបខ្មែរក្រហម នៅក្នុងតុលាការខ្មែរទៀតហើយ។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក បាននិយាយសម្តីចុងក្រោយរបស់លោក ក្នុងតុលាការកំពូលនៃតុលាការខ្មែរក្រហម។ សម្តីចុងក្រោយរបស់លោក នឹងក្លាយជាកំណត់ត្រាមួយបន្ថែមទៀតក្នុងប្រវត្តិសាស្រ្តខ្មែរ។ ប្រជាជនខ្មែរ គួរស្តាប់ឬអានសម្តីចុងក្រោយរបស់លោក ហើយពិចារណាថា អ្វី ដែលលោកនិយាយ គឺសមហេតុផល និងអាចទទួលយកបានដែរឬទេ។

លោក ខៀវ សំផន ប្រមុខរដ្ឋនៃរបបខ្មែរក្រហម និងជាសមាជិកគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា ត្រូវបានតុលាការកំពូលនៃតុលាការខ្មែរក្រហម បើកសវនាការជំនុំជម្រះលើរូបលោក នៅក្នុងសំណុំរឿង ០០២/០២។ ការបើកសវនាការនេះ គឺធ្វើទៅតាមបណ្តឹងសាទុក្ខរបស់លោក ដែលលោកប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការដំបូងនៃតុលាការខ្មែរក្រហម ដែលសម្រេចឲ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។

តុលាការកំពូលនៃតុលាការខ្មែរក្រហម បានប្រើពេលបួនថ្ងៃជាប់គ្នា គឺពីថ្ងៃ១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងការជំនុំជម្រះលើសំណុំរឿង ០០២/០២ របស់លោក ខៀវ សំផន។ រយៈពេលបីថ្ងៃ គឺពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ លោក បានត្រឹមតែអង្គុយស្តាប់អង្គសវនាការប៉ុណ្ណោះ ដោយមិនទាន់និយាយអ្វីឡើយ។ លុះដល់ថ្ងៃទី១៩ ដែលជាថ្ងៃចុងក្រោយ ទើបលោក និយាយ ហើយការនិយាយរបស់លោក គឺស្ថិតនៅចុងបញ្ចប់នៃសវនាការ ដែលហៅថា សម្តីចុងក្រោយរបស់ជនជាប់ចោទ។

ពាក់អាវពីរជាន់ដែលសុទ្ធតែពណ៌ស ដោយអាវខាងក្នុងកិបឡេវ និងអាវខាងក្រៅប្រឡេះឡាវ លោក ខៀវ សំផន ប្រើពេល១៧នាទី និង២៣វិនាទី ក្នុងការនិយាយសម្តីចុងក្រោយនេះ ដោយការអង្គុយ។ ស្ថិតក្នុងវ័យ៩០ឆ្នាំ និងមានសភាពលក្ខណៈចាស់ទ្រុឌទ្រោម លោក ខៀវ សំផន បាននិយាយមួយៗ យឺតៗ និងមានអាការដង្ហក់ៗក្នុងពេលនិយាយ តែលោក ប្រឹងប្រើសំឡេងខ្លាំងៗ ដើម្បីឲ្យឮច្បាស់នូវពាក្យពេចន៍របស់លោក។ ក្នុងដៃរបស់លោក មានក្រដាសសពីរ-បីសន្លឹក ដែលលោក កត់ចំណុចគោលៗ សម្រាប់និយាយ។

លោក ខៀវ សំផន គឺជាបុគ្គលចុងក្រោយគេ ដែលនិយាយនៅក្នុងសវនាការតុលាការកំពូលនៃតុលាការខ្មែរក្រហម ហើយក្រោយលោក និយាយរួច សវនាការ ក៏ត្រូវប្រកាសបិទបញ្ចប់តែម្តង ដោយរង់ចាំការប្រកាសសាលដីកានៅពេលខាងមុខ។ ក្រោយចប់សវនាការ លោក ក៏ត្រូវបានបញ្ជូនទៅឃុំឃាំងវិញ នៅមន្ទីរឃុំឃាំងនៃតុលាការខ្មែរក្រហម។

ក្នុងរយៈពេល១៧នាទី និង២៣វិនាទីនេះ គ្មានឡើយពាក្យសូមទោស និងការសារភាពកំហុស ដែលចេញពីមាត់របស់លោក ខៀវ សំផន។ ផ្ទុយមកវិញ លោក បដិសេធថា លោក មិនដែលមានបំណងប្រព្រឹត្តឧក្រិដ្ឋកម្មសម្លាប់មនុស្សនោះទេ ហើយរាល់ការចោទប្រកាន់ថា លោក បានប្រព្រឹត្តឧក្រិដ្ឋកម្មសម្លាប់មនុស្ស ត្រូវលោក បដិសេធយ៉ាងដាច់អហង្ការ។ ចំណុចសំខាន់បំផុតនៃសម្តីចុងក្រោយរបស់លោក គឺការបង្ហាញពីភាពស្អាតស្អំរបស់លោក និងការបដិសេធនូវរាល់ការចោទប្រកាន់លើលោក។

ខាងក្រោមនេះជាសម្តីចុងក្រោយទាំងស្រុងរបស់លោក ខៀវ សំផន ក្នុងតុលាការកំពូលនៃតុលាការខ្មែរក្រហម៖

សូមគោរពលោកប្រធាន សូមគោរពអស់លោក លោកស្រីទាំងអស់ ដែលចូលរួមក្នុងសវនាការនេះ! សូមថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅតាមវត្តអារាមនានាទូទាំងប្រទេស! បងប្អូនរួមជាតិទាំងឡាយ អស់លោកចៅក្រមនៃតុលាការកំពូល! ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតហើយ ដែលខ្ញុំនិយាយចំពោះមុខអស់លោក។

អង្គជំនុំជម្រះសាលាដំបូង បានកាត់ទោសខ្ញុំឲ្យជាប់គុកអស់មួយជីវិតពីរលើក។

លើកទីមួយ សាលក្រមរបស់អស់លោក កាត់ទោសខ្ញុំ អំពីថាខ្ញុំ បានចូលរួមក្នុងការសម្លាប់រង្គាល [លើ] ទាហាន នាយទាហាន អតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ ដែលជាកន្លែងខ្ញុំមិនដែលដឹងផងទេ ថានៅស្រុកណានោះ រហូតមកដល់ពេលនេះ។ ប៉ុន្តែអស់លោក បានប្រថាប់ត្រាការកាត់ទោសខ្ញុំ អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងក្របខ័ណ្ឌនៃការជម្លៀសប្រជាជនចេញពីក្រុង និងទីរួមខេត្ត ដោយថា ខ្ញុំបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំមនុស្សជាតិនេះ តាមរយៈសហឧក្រិដ្ឋកម្មរួម។

[លើកទីពីរ] អង្គជំនុំជម្រះសាលាដំបូង ក៏បានបន្តកាត់ទោសខ្ញុំថែមទៀត អំពីឧក្រិដ្ឋកម្មមួយចំនួនទៀត ដែលខ្ញុំជំទាស់។ ជាថ្មីម្តងទៀត ខ្ញុំ សូមជម្រាបថា នៅពេលខ្លះ ឧក្រិដ្ឋកម្ម ដែលថាខ្ញុំ បានប្រព្រឹត្តនោះ ខ្ញុំ មិនដឹងនៅកន្លែងណាផងទេ។ គេថា ខ្ញុំ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម។ គេថា ខ្ញុំ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ គេថា ខ្ញុំ ទទួលខុសត្រូវអំពីការរៀបការដោយបង្ខំ។ [គេថា ខ្ញុំបានប្រព្រឹត្តអំពើ] ទាំងអស់នេះ តាមរយៈសហឧក្រិដ្ឋកម្មរួម។ ប៉ុន្តែ អ្វីដែលខ្ញុំ ជម្រាបបាន គឺថា ខ្ញុំ មិនដែលប្រព្រឹត្តសហឧក្រិដ្ឋកម្មរួមម្តងណាសោះទេ។ ខ្ញុំ បដិសេដដាច់អហង្ការ [ចំពោះ] ការចោទប្រកាន់ដែលថា ខ្ញុំ មានចេតនាចង់ប្រព្រឹត្តឧក្រិដ្ឋកម្ម [ទោះ] នៅពេលណាមួយក៏ដោយ ទោះជាឧក្រិដ្ឋកម្មអ្វីក៏ដោយ ទោះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតាមរូបភាពណាមួយក៏ដោយ ទោះជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាមក៏ដោយ ទោះជាឃាតកម្មក៏ដោយ ទោះជាការរៀបការដោយបង្ខំក៏ដោយ។

អង្គជំនុំជម្រះសាលាដំបូង បានបង្ហាញឲ្យឃើញថា ខ្លួន មិនអាចវិនិច្ឆ័យខ្ញុំ ដោយមិនលម្អៀងនោះបានទេ។ ច្បាស់ណាស់ តាមរយៈខ្ញុំ គេ សំដៅបក្សកុម្មុយនីស្តកម្ពុជាឯណោះទៅវិញទេ។ ប៉ុន្តែអ្វី ដែលអង្គជំនុំជម្រះ និងសហព្រះរាជអាជ្ញា អះអាងថា ជានយោបាយរបស់បក្សកុម្មុយនីស្តកម្ពុជានោះ វា មិនត្រូវនឹងមាគ៌ានយោបាយបក្សកុម្មុយនីស្តកម្ពុជាទាល់សោះទេ ហើយក៏វា មិនត្រូវនឹងទស្សនគោលជំហររបស់ខ្ញុំផងដែរ។

ខ្ញុំ មិនដែលចង់បានអ្វី ក្រៅពីប្រទេសខ្ញុំឯករាជ្យ អធិបតេយ្យ ដែលនៅក្នុងនោះ បងប្អូនរួមឈាមខ្ញុំ អាចរស់នៅបាន ហើយរួមគ្នាកសាងអនាគតមួយ ក្រោយពីបានស្តារសេដ្ឋកិច្ច ដែលត្រូវខ្ទេចខ្ទីដោយសង្គ្រាមអស់ជាច្រើនឆ្នាំ។ ជានិច្ចកាល ខ្ញុំ ចង់ឲ្យកម្ពុជា ស្ថិតនៅជាឯករាជ្យ អធិបតេយ្យ ដែលព្រំដែនរបស់ខ្លួន ត្រូវបានប្រទេសជិតខាងគោរព ពិសេសវៀតណាម។

សហព្រះរាជអាជ្ញា និងអង្គជំនុំជម្រះសាលាដំបូង បានបង្ហាញថា សុន្ទរកថារបស់ខ្ញុំ នៅពេលសង្គ្រាម នៅពេលដែលវៀតណាមឈ្លានពានកម្ពុជា [គឺ] សំដៅដល់ប្រជាជនវៀតណាមជាទូទៅ ឬជនជាតិវៀតណាម ដែលរស់នៅកម្ពុជា តើនេះ មែនទែនជាការមួលបង្កាច់ការពិតនោះទេឬ? ពេលនោះ ជាពេលសង្គ្រាម ខ្ញុំ ចង់ឲ្យមានកិច្ចការពារប្រទេសប្រឆាំងនឹងកងទ័ពឈ្លានពានតែប៉ុណ្ណឹង។

ឯករាជ្យ អធិបតេយ្យ បូរភាពដែនដី នេះហើយ ជាការគិតគូរជាប្រចាំរបស់ខ្ញុំ។ តែមិនមែនឲ្យទៅវាយប្រហារប្រជាជនស៊ីវិលនោះទេ ហើយតាមរយៈសារព័ត៌មាន ខ្ញុំឃើញថា បញ្ហាអធិបតេយ្យ បញ្ហាឯករាជ្យ បញ្ហាព្រំដែននេះ  នៅចោទរហូតមកដល់ទល់នឹងសព្វថ្ងៃនេះ។ នេះហើយ ដែលខ្ញុំ ត្រូវស្រែកឲ្យខ្លាំងៗថា ខ្ញុំ មិនអាចទទួលបានទេ  ហើយខ្ញុំ ព្រួយបារម្ភខ្លាំងណាស់ ចំពោះអនាគតនៃប្រទេសខ្ញុំ។

ខ្ញុំ មិនមែនជាអ្នកច្បាប់ទេ។ តែមេធាវីខ្ញុំ និយាយពីច្បាប់ និយាយពីកំហុសរបស់អង្គជំនុំជម្រះសាលាដំបូង ក្នុងការកាត់ទោសខ្ញុំ។ ខ្ញុំ សូមប្រកាសថា ខ្ញុំ មិនអាចទទួលបានទេ ការចោទប្រកាន់ថា ខ្ញុំ បានចូលរួមនៅក្នុងផែនការមួយ ដែលមានទិសដៅប្រព្រឹត្តឧក្រិដ្ឋកម្មលើបងប្អូនរួមជាតិឯង ក្នុងនោះរាប់ទាំងបងប្អូនចាម ឬជនជាតិវៀតណាម។

ជាច្រើនឆ្នាំ ក្រោយពីបានអង្គុយជាជនជាប់ចោទ នៅពេលបញ្ចប់រឿងក្តីដ៏យូរលង់នេះ វា សំខាន់ណាស់ចំពោះខ្ញុំ ជម្រាបអស់លោក ជាពិសេស ជម្រាបប្រជាជនកម្ពុជាថា មិនដែលពេលណាខ្ញុំ នឹកឃើញចង់ប្រពឹ្រត្តឧក្រិដ្ឋកម្មប្រឆាំងនឹងបងប្អូនរួមជាតិឯងនោះទេ ឬក៏ប្រឆាំងនឹងអ្នកផ្សេងទៀតក៏ដោយ។

ទោះបីអស់លោក សម្រេចយ៉ាងណាក៏ដោយ ខ្ញុំ នឹងត្រូវស្លាប់នៅក្នុងគុក។ ខ្ញុំ ស្លាប់ទៅដោយចងចាំជានិច្ច [នូវ] ទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជា។ ខ្ញុំ ស្លាប់ទៅដោយសង្កេតឃើញថា ខ្ញុំម្នាក់ឯង ចំពោះមុខអស់លោក ត្រូវបានគេ កាត់ទោសជានិមិត្តរូប ជាជាងតាមអំពើប្រពឹ្រត្តជាក់ស្តែងរបស់ខ្ញុំ ក្នុងឋានៈជាបុគ្គលនោះទេ។

សូមអស់ លោកប្រធាន សូមអរគុណ!

សូមកត់ចំណាំ៖ សម្តីចុងក្រោយរបស់លោក ខៀវ សំផន ខាងលើនេះ ត្រូវបានកែសម្រួលខ្លះ តែការសម្រួលនោះ មានតិចតួចបំផុត ដើម្បីអាចយល់បាន ដ្បិតថា សម្តីរបស់លោកនៅត្រង់ចំណុចខ្លះ ពិបាកយល់ បើមិនកែសម្រួល។ ការសម្រួលនោះ មានដូចជា ដូរពាក្យ ប្តូរទីតាំងពាក្យ លុបពាក្យ និង បន្ថែមពាក្យក្នុងឃ្នាប។

ពាក្យដែលត្រូវកែសម្រួល រួមមាន៖

សម្តីដើម៖ អំពីលើកទីមួយ សាលដីការបស់អស់លោក មិនបានទទួលយកផងទេ កាត់ទោសខ្ញុំ អំពីថាខ្ញុំ បានចូលរួមក្នុងការសម្លាប់រង្គាល ទាហាន នាយទាហាន អតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ ដែលជាកន្លែងខ្ញុំមិនដែលដឹងផងទេ ថានៅស្រុកណានោះ រហូតមកដល់ពេលនេះ។

សម្រួលមកជា៖ លើកទីមួយ សាលក្រមរបស់អស់លោក កាត់ទោសខ្ញុំ អំពីថាខ្ញុំ បានចូលរួមក្នុងការសម្លាប់រង្គាល [លើ] ទាហាន នាយទាហាន អតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ ដែលជាកន្លែងខ្ញុំមិនដែលដឹងផងទេ ថានៅស្រុកណានោះ រហូតមកដល់ពេលនេះ។

ពាក្យ «អំពី» នៅដើមគេបំផុត ត្រូវបានលុបចេញ។ ពាក្យ «សាលដីកា» ត្រូវដូរមកជាពាក្យ «សាលក្រម» វិញ ពីព្រោះសេចក្តីសម្រេចរបស់តុលាការដំបូង ហៅថាសាលក្រម ឯពាក្យសាលដីកា គឺប្រើសម្រាប់សេចក្តីសម្រេចរបស់តុលាការកំពូល។ ពាក្យ «មិនបានទទួលយកផងទេ» ត្រូវបានលុបចេញ។ ពាក្យ «លើ» ក្នុងឃ្នាប ត្រូវបានបន្ថែម។

សម្តីដើម៖ អង្គជំនុំជម្រះសាលាដំបូង ក៏បានបន្តកាត់ទោសខ្ញុំថែមទៀត អំពីឧក្រិដ្ឋកម្មមួយចំនួនទៀត ដែលខ្ញុំជំទាស់។

សម្រួលមកជា៖ [លើកទីពីរ] អង្គជំនុំជម្រះសាលាដំបូង ក៏បានបន្តកាត់ទោសខ្ញុំថែមទៀត អំពីឧក្រិដ្ឋកម្មមួយចំនួនទៀត ដែលខ្ញុំជំទាស់។

ពាក្យ «លើកទីពីរ» ក្នុងឃ្នាបនៅខាងដើមគេ ត្រូវបានបន្ថែម។

សម្តីដើម៖ ខ្ញុំសូមជម្រាបថា នៅពេលខ្លះ ជាថ្មីម្តងទៀត ឧក្រិដ្ឋកម្ម ដែលថាខ្ញុំបានប្រព្រឹត្តនោះ ខ្ញុំ មិនដឹងនៅកន្លែងណាផងទេ។

សម្រួលមកជា៖ ជាថ្មីម្តងទៀត សូមជម្រាបថា នៅពេលខ្លះ ឧក្រិដ្ឋកម្ម ដែលថាខ្ញុំបានប្រព្រឹត្តនោះ ខ្ញុំ មិនដឹងនៅកន្លែងណាផងទេ។

ពាក្យ «ជាថ្មីម្តងទៀត» ត្រូវប្តូរទីតាំង ដោយលើកទៅដាក់នៅខាងមុខគេវិញ។

សម្តីដើម៖ គេថា ខ្ញុំ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម គេថា ខ្ញុំ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គេថា ខ្ញុំ ទទួលខុសត្រូវអំពីការរៀបការដោយបង្ខំ ទាំងអស់នេះ តាមរយៈសហឧក្រិដ្ឋកម្មរួម។ ប៉ុន្តែ អ្វីដែលខ្ញុំ ជម្រាបបាន គឺថា ខ្ញុំ មិនដែលប្រព្រឹត្តសហឧក្រិដ្ឋកម្មរួមម្តងណាសោះទេ។ ខ្ញុំ បដិសេដដាច់អហង្ការ ការចោទប្រកាន់ដែលថា ខ្ញុំ មានចេតនាចង់ប្រព្រឹត្តឧក្រិដ្ឋកម្មនៅពេលណាមួយក៏ដោយ ទោះជាឧក្រិដ្ឋកម្មអ្វីក៏ដោយ ទោះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតាមរូបភាពណាមួយក៏ដោយ ទោះជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាមក៏ដោយ ទោះជាឃាតកម្មក៏ដោយ ទោះជាការរៀបការដោយបង្ខំក៏ដោយ។

សម្រួលមកជា៖ គេថា ខ្ញុំ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម។ គេថា ខ្ញុំ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ គេថា ខ្ញុំ ទទួលខុសត្រូវអំពីការរៀបការដោយបង្ខំ។ [គេថា ខ្ញុំបានប្រព្រឹត្តអំពើ] ទាំងអស់នេះ តាមរយៈសហឧក្រិដ្ឋកម្មរួម។ ប៉ុន្តែ អ្វីដែលខ្ញុំ ជម្រាបបាន គឺថា ខ្ញុំ មិនដែលប្រព្រឹត្តសហឧក្រិដ្ឋកម្មរួមម្តងណាសោះទេ។ ខ្ញុំ បដិសេដដាច់អហង្ការ [ចំពោះ] ការចោទប្រកាន់ដែលថា ខ្ញុំ មានចេតនាចង់ប្រព្រឹត្តឧក្រិដ្ឋកម្ម [ទោះ] នៅពេលណាមួយក៏ដោយ ទោះជាឧក្រិដ្ឋកម្មអ្វីក៏ដោយ ទោះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតាមរូបភាពណាមួយក៏ដោយ ទោះជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិវៀតណាមក៏ដោយ ទោះជាឃាតកម្មក៏ដោយ ទោះជាការរៀបការដោយបង្ខំក៏ដោយ។

ពាក្យ «គេថា ខ្ញុំបានប្រព្រឹត្តអំពើ» ពាក្យ «ចំពោះ» និង ពាក្យ «ទោះ» នៅក្នុងឃ្នាប ត្រូវបានបន្ថែម។

សម្តីដើម៖ សហព្រះរាជអាជ្ញា និងអង្គជំនុំជម្រះសាលាដំបូង បានបង្ហាញថា សុន្ទរកថារបស់ខ្ញុំ នៅពេលសង្គ្រាម នៅពេលដែលវៀតណាមឈ្លានពានកម្ពុជា សំដៅដល់ប្រជាជនវៀតណាមជាទូទៅ ឬជនជាតិវៀតណាម ដែលរស់នៅកម្ពុជា តើនេះ មែនទែនជាការមួលបង្កាច់ការពិតនោះទេឬ? ពេលនោះ ជាពេលសង្គ្រាម ខ្ញុំ ចង់ឲ្យមានកិច្ចការពារប្រទេសប្រឆាំងនឹងកងទ័ពឈ្លានពានតែប៉ុណ្ណឹង។

សម្រួលមកជា៖ សហព្រះរាជអាជ្ញា និងអង្គជំនុំជម្រះសាលាដំបូង បានបង្ហាញថា សុន្ទរកថារបស់ខ្ញុំ នៅពេលសង្គ្រាម នៅពេលដែលវៀតណាមឈ្លានពានកម្ពុជា [គឺ] សំដៅដល់ប្រជាជនវៀតណាមជាទូទៅ ឬជនជាតិវៀតណាម ដែលរស់នៅកម្ពុជា តើនេះ មែនទែនជាការមួលបង្កាច់ការពិតនោះទេឬ? ពេលនោះ ជាពេលសង្គ្រាម ខ្ញុំ ចង់ឲ្យមានកិច្ចការពារប្រទេសប្រឆាំងនឹងកងទ័ពឈ្លានពានតែប៉ុណ្ណឹង។

ពាក្យ «គឺ» នៅក្នុងឃ្នាប ត្រូវបានបន្ថែម។

សម្តីដើម៖ ខ្ញុំ ស្លាប់ទៅដោយចងចាំជានិច្ច ទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជា។

សម្រួលមកជា៖ ខ្ញុំ ស្លាប់ទៅដោយចងចាំជានិច្ច [នូវ] ទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជា។

ពាក្យ «នូវ» ក្នុងឃ្នាប ត្រូវបានបន្ថែម។

ដោយសារស្ថិតក្នុងបរិបថនៃជំងឺកូវីដ-១៩ សវនាការតុលាការកំពូលនៃតុលាការខ្មែរក្រហម លើសំណុំរឿង០០២/០២ របស់លោក ខៀវ សំផន ត្រូវកំណត់ឲ្យមានអ្នកចូលរួម ក្នុងចំនួនតិចតួចប៉ុណ្ណោះ ដោយកន្លែងអង្គុយសម្រាប់តំណាងស្ថានទូតបរទេស និងតំណាងរដ្ឋាភិបាលកម្ពុជា ត្រូវបានរៀបចំត្រឹម១៥កន្លែង កន្លែងអង្គុយសម្រាប់អ្នកសារព័ត៌មាន ត្រូវបានរៀបចំត្រឹម១៥កន្លែងដូចគ្នា និង កន្លែងអង្គុយសម្រាប់សាធារណជន ត្រូវបានរៀបចំត្រឹម១០កន្លែង។

ក្រោយចប់សវនាការនៃតុលាការកំពូលនាពេលនេះ សំណុំរឿងរបស់លោក ខៀវ សំផន នៅក្នុងតុលាការខ្មែរក្រហម ក៏ហាក់ដូចជាត្រូវបញ្ចប់ដែរ ដោយនៅរង់ចាំតែម្យ៉ាងប៉ុណ្ណោះ គឺការប្រកាសសាលដីរបស់តុលាការកំពូល លើសំណុំរឿង០០២/០២របស់លោក។ ដូច្នេះ ការដែលលោក ខៀវ សំផន ត្រូវឡើងតុលាការខ្មែរក្រហម និងនិយាយក្នុងតុលាការខ្មែរក្រហមសាជាថ្មីនោះ គឺស្ទើរតែលែងមានហើយ ឬក៏អាចលែងមានតែម្តង។ លោក ខៀវ សំផន ក៏និយាយខ្លួនឯងដែរថា ថ្ងៃ ដែលលោក និយាយក្នុងសវនាការតុលាការកំពូលនៃតុលាការខ្មែរក្រហមនាពេលនេះ គឺជាថ្ងៃចុងក្រោយរបស់លោក។

មានភាគរយតិចបំផុត ដែលលោក ខៀវ សំផន អាចនឹងត្រូវឡើងតុលាការខ្មែរក្រម នៅពេលក្រោយទៀត គឺទីមួយ លោក ត្រូវបានកោះហៅឲ្យចូលធ្វើជាសាក្ខី ឬជាអ្នកពាក់ព័ន្ធ ដើម្បីបំភ្លឺលើអង្គហេតុណាមួយ និងទីពីរ លុះត្រាតែលោក ប្តឹងសើរើ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លោក គង់ សំអុន មេធាវីម្នាក់របស់លោក ខៀវ សំផន មានប្រសាសន៍ថា៖«វា អាចដែរ [ដែលលោក ខៀវ សំផន អាចឡើងតុលាការខ្មែរក្រហមម្តងទៀត]។ ឧទាហរណ៍ថា សំណុំរឿងថ្មី គេ ត្រូវការគាត់ធ្វើជាសាក្សី អ៊ីចឹងគាត់ អាចឆ្លើយក្នុងនាមជាសាក្ខី មិនមែនក្នុងនាមជាជនជាប់ចោទទៀតទេ។ ចំពោះការចោទប្រកាន់ [លើគាត់] វា បិទអស់ហើយ។ យើង គិតមើល គាត់ អាយុប៉ុណ្ណេះហើយ  មានអ្នកណា ទៅប្រើនីតិវិធីចោទប្រកាន់ [គាត់] អ៊ីចឹង [ទៀត]»។

ចំពោះឱកាស ដែលលោក ខៀវ សំផន អាចឡើងតុលាការខ្មែរក្រហម តាមរយៈការប្តឹងសើរើ គឺរឹតតែមិនងាយកើតមាន។ លោកមេធាវី គង់ សំអុន បកស្រាយថា៖«បណ្តឹងសើរើហ្នឹង មិនមែនថាអត់ទេ វា មាន និយាយតាមផ្លួវច្បាប់។ តែនិយាយពីលទ្ធភាពដែលអាចកើតមានវិញ វា ស្ទើរតែសូន្យ ស្ទើរតែអត់ហើយ»។

សម្រាប់សំណុំរឿងរបស់លោក ខៀវ សំផន គឺមានបី គឺសំណុំរឿ០០២ សំណុំរឿង០០២/០១ សំណុំរឿង០០២/០២។ សំណុំរឿង០០២ មិនបានឈានទៅដល់ការកាត់ទោសលោកឡើយ ដោយសំណុំរឿង០០២នេះ ត្រូវបានបំបែកចេញជាសំណុំរឿងពីរ គឺសំណុំរឿង០០២/០១ និង សំណុំរឿង០០២/០២។ សំណុំរឿង០០២/០១ និងសំណុំរឿង០០២/០២នេះហើយ ដែលតុលាការដំបូងនៃតុលាការខ្មែរក្រហម កាត់ទោសលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ លោក ខៀវ សំផន ត្រូវបានតុលាការដំបូងនៃតុលាការខ្មែរក្រហម ប្រកាសសាលក្រមកាត់ទោសលោក ឲ្យជាប់ពន្ធនាគារអស់មួយជីវិ។ បន្ទាប់មកលោក បានដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលនៃតុលាការខ្មែរក្រម ដើម្បីជំទាស់នឹងសាលក្រមរបស់តុលាការដំបូងនៃតុលាការខ្មែរក្រហម។ ប៉ុន្តែនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការកំពូលនៃតុលាការខ្មែរក្រហម បានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់ទុកសាលក្រមរបស់តុលាការដំបូងនៃតុលាការខ្មែរក្រហមដដែល ពោលគឺនៅតែសម្រេចឲ្យលោក ជាប់ពន្ធនាគារអស់មួយជីវិត។

ទោះកាត់ទោសឲ្យលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០២/០១ រួចម្តងហើយក៏ដោយ តែតុលាការដំបូងនៃតុលាការខ្មែរក្រហម មិនបានបញ្ចប់សំណុំរឿងនោះទេ ដោយបន្តកាត់ទោសលោកបន្ថែមទៀត ក្នុងសំណុំរឿង០០២/០២។ នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តុលាការដំបូងនៃតុលាការខ្មែរក្រហម ក៏បានប្រកាសក្រមកាត់ទោសលោកឲ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងទៀត ក្នុងសំណុំរឿង០០២/០២នេះ ដូច្នេះលោក ត្រូវតុលាការដំបូងនៃតុលាការខ្មែរកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំនួនពីរលើក។

មិនខុសពីសំណុំរឿង០០២/០១ទេ សំណុំរឿង០០២/០២ ដែលត្រូវតុលាការដំបូងនៃតុលាករខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនេះ ក៏ត្រូវលោក ខៀវ សំផន ប្តឹងសាទុក្ខទៅតុលាការកំពូលនៃតុលាការខ្មែរក្រហមដែរ ដើម្បីសុំជំទាស់។

ក្រោយបញ្ចប់សវនាការ សហព្រះរាជអាជ្ញានៃតុលាការខ្មែរក្រហម ប្រកាសថា សាលដីការបស់តុលាការកំពូលនៃតុលាការខ្មែរក្រហម លើសំណុំរឿង០០២/០២របស់លោក ខៀវ សំផន អាចនឹងត្រូវប្រកាសនៅរយៈពេលប្រាំមួយខែទៀត។ យ៉ាងណា លោកមេធាវី គង់ សំអុន សន្និដ្ឋានថា សាលដីកានេះ អាចនឹងត្រូវប្រកាសក្នុងរយៈពេលមួយឆ្នាំ ឬជាងមួយឆ្នាំទៀតឯណោះ។

មានមេដឹកនាំកំពូលៗផ្សេងទៀតនៃរបបខ្មែរក្រហម ដូចជា លោក នួន ជា លោក អៀង សារី និង អ្នកស្រី អៀង ធីរិទ្ធិ ជាភរិយារបស់លោក អៀង សារី ត្រូវបានចាប់ខ្លួនយកទៅកាត់ទោសនៅតុលាការខ្មែរក្រហម។ ក្នុងសំណុំរឿង០០២ មិនមែនមានតែលោក ខៀវ សំផន ម្នាក់ឡើយជាជនជាប់ចោទ លោក នួន ជា លោក អៀង សារី និង អ្នកស្រី អៀង ធីរិទ្ធិ ក៏ជាជនជាប់ចោទដែរ។ នៅពេលសំណុំរឿង០០២ ត្រូវបានបំបែកទៅជាសំណុំរឿង០០២/០១ អ្នកទាំង៤រូប គឺជាជនជាប់ចោទក្នុងសំណុំរឿង០០២/០១នេះ។

ក្នុងសំណុំរឿង០០២/០១ មានតែលោក ខៀវ សំផន និងលោក នួន ជា ទេ ដែលត្រូវតុលាការដំបូងនៃតុលាការខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ឯលោក អៀង សារី និង អ្នកស្រី អៀង ធីរិទ្ធិ មិនត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតឡើយ ព្រោះប្តីប្រពន្ធទាំងពីរនាក់នេះ បានទទួលមរណភាព នៅមុនតុលាការដំបូងនៃតុលាការខ្មែរក្រហម ប្រកាសសាលក្រមកាត់ទោស។ ក្រោយទទួលមរណភាព សំណុំរឿងរបស់លោក អៀង សារី និងសំណុំរឿងរបស់អ្នកស្រី អៀង ធីរិទ្ធិ ក៏ត្រូវផុតរលត់។

លោកមេធាវី អាង ឧត្តម ដែលធ្លាប់ការពារក្តីឲ្យលោក អៀង សារី ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា លោក អៀង សារី និង អ្នកស្រី អៀង ធីរិទ្ធិ បានទទួលមរណភាព ក្នុងអំឡុងតុលាការដំបូងនៃតុលាការខ្មែរក្រម កំពុងដំណើរការជំនុំជម្រះលើសំណុំរឿង០០២/០១។ ដោយសារលោក អៀង សារី និង អ្នកស្រី អៀង ធីរិទ្ធិ ទទួលមរណភាពនៅមុនការប្រកាលសាលក្រម ទើបអ្នកទាំងពីរ មិនមានឈ្មោះថាជាអ្នកទោស ដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត ដូចលោក ខៀវ សំផន និង លោក នួន ជា។ លោក អៀង សារី បានស្លាប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣។ អ្នកស្រី អៀង ធីរិទ្ធិ ទទួលមរណភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

លោក នួន ជា បានរួមគ្នាជាមួយលោក ខៀវ សំផន ក្នុងការដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលនៃតុលាការខ្មែរក្រហម ដើម្បីជំទាស់នឹងតុលាការដំបូងនៃតុលាការខ្មែរក្រម ដែលប្រកាសសាលក្រមឲ្យលោកទាំងពីរ ជាប់ពន្ធនាគារអស់មួយជីវិត។ ដូចការអធិប្បាយខាងលើ តុលាការកំពូលនៃតុលាការខ្មែរ នៅតែឲ្យលោកទាំងពីរជាប់ពន្ធនាគារអស់ជីវិតដដែល។ លោក នួន ជា ក៏ជាជនជាប់ចោទក្នុងសំណុំរឿង០០២/០២ ជាមួយលោក ខៀវ សំផន ដែរ ហើយលោក នួន ជា ត្រូវតុលាការដំបូងនៃតុលាការខ្មែរក្រហម កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតជាលើកទីពីរ ដូចនឹងលោក ខៀវ សំផន។ អ្នកទាំងពីរ បន្តរួមគ្នាប្តឹងសាទុក្ខទៅតុលាការកំពូលនៃតុលាការខ្មែរក្រហម។ ប៉ុន្តែ អ្នក ដែលនៅមានវត្តមានចុងក្រោយក្នុងសវនាការតុលាការកំពូលនៃតុលាការខ្មែរក្រហម ដើម្បីតតាំងក្នុងសំណុំរឿង០០២/០២នេះ គឺលោក ខៀវ សំផន តែម្នាក់ឯងប៉ុណ្ណោះ ដោយលោក នួន ជា បានទទួលមរណភាពហើយ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

លោក ខៀវ សំផន និង នួន ជា ត្រូវចោទពីបទឧក្រិដ្ឋកម្មជាច្រើន ដូចជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អំពើមនុស្សឃាត និង អំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ជាដើម។

ដោយឡែក លោក កាំង ហ្កេកអ៊ាង ហៅ ឌុច ជាប្រធានគុកទួលស្លែង ឬគុកស១ ក្នុងទីក្រុងភ្នំពេញ ក៏ត្រូវតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរ ក្រោមបទប្រព្រឹត្តឧក្រដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដូចជា ការធ្វើទារុណកម្ម និងការសម្លាប់រង្គាល ចំពោះអ្នកជាប់ឃុំក្នុងគុកទួលស្លែង ដែលលោកកាន់កាប់។ ឌុច បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

លោក ខៀវ សំផន ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង អាចចាត់ទុកជាមេដឹកនាំកំពូលនៃរបបខ្មែរក្រហមតែម្នាក់ ដែលនៅរស់រានមានជីវិត ខណៈមេដឹកនាំកំពូលផ្សេងទៀតនៃរបបខ្មែរក្រហមបានបាត់បង់ជីវិតសឹងអស់ទៅហើយ។ លោក បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច នៅប្រទេសបារាំង ក្នុងឆ្នាំ១៩៥៥។ លោក បានក្លាយជាប្រមុខរដ្ឋនៃរបបខ្មែរក្រហម នៅឆ្នាំ១៩៧៦។

ប៉ុល ពត ដែលជាមេដឹកនាំលំដាប់ទីមួយនៃរបបខ្មែរក្រហម បានស្លាប់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅមុនការដាក់ឲ្យដំណើរការតុលាការខ្មែរក្រហម។ រដ្ឋាភិបាលកម្ពុជា ផ្តើមគំនិតបង្កើតតុលាការខ្មែរក្រហម តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ រហូតដល់ឆ្នាំ២០០៦ ទើបតុលាការខ្មែរក្រហម បានលេចរូបរាងឡើង និងត្រូវដាក់ឲ្យដំណើរការកាត់ក្តីជាផ្លូវការលើមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ តុលាការនេះ មានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តែប្រជាពលរដ្ឋហៅជាទូទៅថា តុលាការខ្មែរក្រហម ឬសាលាក្តីខ្មែរក្រហម។ តុលាការខ្មែរក្រហម មានពីរថ្នាក់ គឺតុលាការដំបូង (សាលាដំបូង) និង តុលាការកំពូល។ តាមពិតតុលាការខ្មែរក្រហម នៅមានមួយថ្នាក់ទៀត ដែលក្រោមតុលាការដំបូង ហៅថាអង្គបុរេជំនុំជម្រះ។ អង្គបុរេវិនិច្ឆ័យជំនុំជម្រះនេះ គឺសម្រាប់ជំនុំជម្រះក្តីតាមសំណើឬតាមបណ្តឹងសាទុក្ខរបស់ភាគីណាមួយ ដែលសុំប្រឆាំងនឹងសេចក្តីសម្រេចរបស់ចៅក្រោមស៊ើបអង្កេត ក្នុងដំណាក់កាលស៊ើបអង្កេត។

ក្នុងរចនាសម្ព័ន្ធដឹកនាំរដ្ឋនៃរបបខ្មែរក្រហម ប៉ុល ពត ជានាយករដ្ឋមន្រ្តី ដែលជាតំណែងខ្ពស់បំផុត ខៀវ សំផន ជាប្រមុខរដ្ឋ នួន ជា ជាប្រធានសភា ឈុន ជឿន ឬដែលគេស្គាល់ថា តាម៉ុក ជាអនុប្រធានសភា សុន សេន ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ វន វ៉េត ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អៀង សារី ជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស អៀង ធីរិទ្ធិ ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។ល។

ក្នុងរចនាសម្ព័ន្ធដឹកនាំបក្សកុម្មុយនីស្តកម្ពុជា ប៉ុល ពត ជាលេខាបក្ស ដែលជាតំណែងខ្ពស់បំផុត ហើយ នួន ជា ជាអនុលេខាបក្ស។ ប៉ុល ពត ត្រូវគេហៅថា បងធំទីមួយ ហើយនួន ជា ត្រូវគេហៅថា បងធំទីពីរ។ អ្នកដែល មានអំណាចបន្ទាប់ពីលេខាបក្ស និងអនុលេខាបក្ស គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ដោយប៉ុល ពត និង នួន ជា ក៏ស្ថិតក្នុងសមាជិកគណៈអចិន្ត្រៃយ៍ដែរ។ សមាជិកផ្សេងទៀតក្នុងគណៈអចិន្រ្តៃយ៍ គឺ អៀង សារី វន វ៉េត និង សោ ភឹម (ទាំងអស់ប្រាំនាក់)។ អ្នក ដែលមានអំណាចបន្ទាប់ពីសមាជិកគណៈអចិន្ត្រៃយ៍បក្ស គឺសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។ គណៈកម្មាធិការមជ្ឈិមបក្ស នៅតែមាន ប៉ុល ពត នួន ជា អៀង សារី វន វ៉េត សោ ភឹម ជាសមាជិកដដែល ដោយបន្ថែមសមាជិកប្រាំនាក់ទៀត គឺ ខៀវ សំផន តាម៉ុក សុន សេន ញឹម រស់ និង កែ ពក (ទាំងអស់ដប់នាក់)។ អ្នកដែល មានអំណាចបន្ទាប់មកទៀត គឺសមាជិកបក្ស ដែលគ្រប់គ្រងតាមភូមិភាគនីមួយៗ។ ក្នុងបបបខ្មែរក្រហម ប្រទសកម្ពុជា ត្រូវបានបែងចែកជាប្រាំពីរភូមិភាគ។

ថ្វីបើរបបខ្មែរក្រហម ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ក្តី តែកម្ពុជា មិនទាន់មានសន្តិភាពពេញលេញឡើយ។ ពេលខ្មែរក្រហមដួលរលំភ្លាមៗ រដ្ឋាភិបាលកម្ពុជា នៅមានការប្រយុទ្ធគ្នាជាមួយទ័ពខ្មែរក្រហមនៅឡើយទេ ដោយកាលនោះ ពួកគេ បន្តលាក់ខ្លួន នៅតាមតំបន់ផ្សេងៗ ដូចជា នៅអន្លង់វែងជាអាទិ៍។

តមកទៀត ទោះជាមេដឹកនាំខ្មែរក្រហម មាន ខៀវ សំផន នួន ជា ជាដើម បានផ្តាច់ខ្លួនចេញពីទ័ពខ្មែរក្រហម មកចុះចូលជាមួយរដ្ឋាភិបាល ហើយរដ្ឋាភិបាល បានយកជ័យជម្នះទាំងស្រុង លើទ័ពខ្មែរក្រហម ដែលបន្តលាក់ខ្លួនទាំងនោះក្តី ក៏ កម្ពុជា មិនទាន់អស់ការបំផ្ទុះអាវុធដែរ។

សូម្បីតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក៏ដោយ ក៏កម្ពុជា នៅតែមានការបំផ្ទុះអាវុធ។ តែការបំផ្ទុះទាំងនោះ មិនមែនជាមួយទ័ពខ្មែរក្រហមដូចលើកមុនទេ គឺជាការបំផ្ទុះអាវុធ ដាក់ក្រុមបាតុករ និងការបំផ្ទុះអាវុធក្នុងជួរកងកម្លាំងរដ្ឋាភិបាលខ្លួនឯង។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានការបំផ្ទុះគ្រាប់បែក នៅមុខរដ្ឋសភាចាស់ (បច្ចុប្បន្នជាតុលាការកំពូល) ដែលបណ្តាលឲ្យមនុស្សស្លាប់ដប់ប្រាំមួយនាក់ និងរបួសជាងមួយរយនាក់ ខណៈជនរងគ្រោះទាំងនោះ ប្រមូលផ្តុំគ្នាទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលដឹកនាំដោយលោក សម រង្ស៊ី។

នៅថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ដដែល មានការបំផ្ទុះអាវុធម្តងទៀត ដែលគេ អះអាងថា បង្កឡើងដោយកងទ័ពខាងគណបក្សហ៊្វុនស៊ិនប៉ិច និងកងទ័ពខាងគណបក្សប្រជាជនកម្ពុជា។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) សរសេរថា  មានយុទ្ធជនប្រមាណពីររយនាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍នោះ រួមទាំងមន្ត្រីយ៉ាងតិចហុកសិបនាក់នាក់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ត្រូវបានសម្លាប់ដែរ។

សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ និង ព្រឹត្តិការណ៍ថ្ងៃទី៥-ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ក្រុមអ្នកប្រឆាំង និងអង្គការជាតិ-អន្តរជាតិ តែងតែទាមទាមឲ្យរដ្ឋាភិបាលកម្ពុជា រកយុត្តិធម៌ជូនអ្នកស្លាប់និងអ្នករបួស រួមទាំងស្វែងរកជនល្មើសមកផ្តន្ទាទោស។ មកដល់ពេលនេះ គេ មិនទាន់ឃើញជនណាម្នាក់ ត្រូវបាននាំទៅកាត់ទោស ដោយសារបំផ្ទុះអាវុធក្នុងព្រឹត្តិការណ៍ទាំងពីរនេះទេ។

រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំណត់ថា កម្ពុជា មានសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មក ក្រោមនយោបាយឈ្នឈ្នះរបស់ខ្លួន។  គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល តែងចាត់ទុក ២៩ធ្នូ ថាជាថ្ងៃទីដ៏សំខាន់មួយ សម្រាប់ប្រវត្តិសាស្ត្រ ហើយតែងប្រារព្ធពិធីរម្លឹកខួបក្នុងថ្ងៃនេះជារៀងរាល់ឆ្នាំ។

រដ្ឋាភិបាលកម្ពុជា  បង្កើតទិវាជាតិនៃការចងចាំ ដើម្បីឲ្យប្រជាជន ចងចាំពីសោកនាកម្មក្នុងរបបខ្មែរក្រហម។ ទិវាជាតិនៃការចងចាំនេះ ត្រូវរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ ដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា។

ក្នុងរបបខ្មែរក្រហមរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ប្រជាជនខ្មែរប្រមាណ១,៧លាននាក់ បានបាត់បង់ជីវិត ដោយសារការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់អាហារ និង ការធ្វើការងារហួសកម្លាំង ជាដើម។ ប៉ុន្តែ ភាគច្រើននៃមេដឹកនាំក្នុងរបបខ្មែរក្រហម ទាំងអ្នកដែលត្រូវបានចាប់យកកាត់ទោសក្នុងតុលាការខ្មែរក្រហម និងអ្នកដែលមិនត្រូវបានចាប់យកទៅកាត់ទោស គឺបដិសេធទៅនឹងការចោទប្រកាន់ថា ពួកគេ ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស។ សូម្បី ប៉ុល ពត ដែលជាមេដឹកនាំលំដាប់ទីមួយនៃរបបខ្មែរក្រហម ក៏បដិសេធដែរ។

ក្នុងបទសម្ភាសមួយក្នុងអំឡុងទសវត្សរ៍៩០ នៅស្រុកអន្លង់វែង ជាកន្លែងដែលខ្លួន រត់ទៅរស់នៅ សម្រាប់ជីវិតចុងក្រោយ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉ុល ពត បាននិយាយថា៖«ខ្ញុំ មករួមតស៊ូ មិនមែនដើម្បីសម្លាប់ប្រជាជន សម្លាប់ជាតិទេ។ ឥឡូវក៏ដោយ លោក មើលខ្ញុំ ជាមនុស្សកាច សាហាវ ឃោរឃៅឬក៏យ៉ាងម៉េច? អត់ទេ។ ដូច្នេះ ជាសតិសម្បជញ្ញៈ ជាទិសដៅ អត់មានបញ្ហានេះទេ បែងចែកឲ្យច្បាស់»។

ប្រជាជនខ្មែរ មានពាក្យមួយថា មេដឹកនាំខ្មែរ មិនសូវចេះទទួលស្គាល់កំហុសឡើយ៕

ប្រភព : ថ្មីថ្មី

LEAVE A REPLY

Please enter your comment!
Please enter your name here