លោក ស៊ី ជីនពីង ស្នើឱ្យអ្នកមានខ្លាំង ចូលរួមជួយកាត់បន្ថយវិសមភាពសង្គម

0
353

«វិបុលភាពរួម» គឺជាឃ្លារបស់អតីតប្រមុខដឹកនាំចិនលោក ម៉ៅ សេទង់ ដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ។ តាំងពីប្រធានាធិបតីចិនបច្ចុប្បន្នលោក ស៊ី ជីនពីង បានស្នើឲ្យពលរដ្ឋ និងក្រុមហ៊ុន រោងចក្រចូលរួម ចំណែកជួយសង្គមមក ឃ្លាដដែលមួយនេះ ត្រូវបានគេឮនៅគ្រប់វរជនចិនគ្រប់រូប។ អ្វីដែលលោក ស៊ី ជីនពីង ចង់បាន គឺសុំឲ្យអ្នកមានខ្លាំង ចូលរួមជួយកាត់បន្ថយវិសមភាពសង្គម តាមរយៈការចែករំលែកទ្រព្យសម្បត្តិ មួយភាគរបស់ពួកគេ។ ជាផ្លូវការ ចិនបានលុបបំបាត់ភាពក្រីក្រមួយភាគធំ កាលពីឆ្នាំ២០២០ តែស្របពេលគ្នានេះ វិសមភាពសង្គមកំពុងបន្តមាន។ កន្លងមក គេមិនធ្លាប់ឃើញមានការអំពាវនាវផ្ទាល់ សុំឲ្យក្រុមអ្នកមានខ្លាំងចូលរួមជួយសង្គមដូចពេលនេះទេ។ តែទោះជាយ៉ាងនេះក្តី គេបានសង្កេតឃើញជារួមថា ការអំពាវនាវរបស់លោក ស៊ី ជីនពីង ពេលនេះ បានធ្វើឡើងនៅក្នុងបរិបទ ចំនួន ៣ គឺទី១ បរិបទនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេស ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក។ ទី២ បរិបទដែលរដ្ឋត្រូវរៀបចំច្បាប់ ដើម្បីគ្រប់គ្រងវិស័យបច្ចេកវិទ្យាឌីជីថល ដែលក្រុមហ៊ុនឯកជនកំពុងកាន់កាប់ផ្តាច់មុខ និងទី៣ បរិបទនយោបាយក្នុងគោលដៅពង្រឹងអំណាចប្រមុខរដ្ឋ។ តាមរយៈការអំពាវនាវសុំឲ្យអ្នកមានខ្លាំង ចូលរួមជួយសង្គមពេលនេះ លោក ស៊ី ជីនពីង កំពុងដើរលើផ្លូវ ដែលត្រួសត្រាយដោយអតីតប្រមុខដឹកនាំចិនលោក ម៉ៅ សេទង់ និងចង់បង្ហាញប្រាប់ពលរដ្ឋចិនទូទៅ ពីការដែលលោកចង់បានសង្គមចិនមួយ ដែលគ្មានកម្លាតខ្លាំងរវាងអ្នកមាន និងអ្នកក្រ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here