លោក លី ជុនលាង អនុប្រធានរដ្ឋបាលព្រៃឈើ និងវាលស្មៅចិន បានថ្លែងកាលពីថ្ងៃសុក្រ ទី២០ ខែសីហា ថា ការដាំដើមឈើ ជាបេះដូងនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន តាំងពីច្រើនទសវត្ស និងជាយុទ្ធសាស្រ្តស្នូលក្នុង គោលដៅកាត់បន្ថយឧស្ម័នកាបោន ឲ្យដល់កម្រិតសូន្យ ពីពេលនេះ ទៅដល់ឆ្នាំ២០៦០។ អនុប្រធានរដ្ឋបាលព្រៃឈើ និងវាលស្មៅចិនរូបនេះ បានធានាថា ពីពេលនេះទៅឆ្នាំ២០៣៥ គុណភាព និងស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើជាតិ ស្មៅ តំបន់សំណើម និងវាលខ្សាច់នឹងមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ បើ ផ្អែកតាមផែនការ ៥ឆ្នាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ស្តីពីព្រៃឈើ និងស្មៅ ចេញផ្សាយក្នុងសប្តាហ៍នេះ ចិនសង្ឃឹមបង្កើនអត្រាផ្ទៃដីព្រៃឈើសរុប ចំនួន ២៤,១% ពីពេលនេះ ទៅឆ្នាំ២០២៥។ ផែនការដដែល បានទាញសញ្ញាអាសន្នពីកង្វះប្រភពព្រៃឈើ និងវាលស្មៅ នៅក្នុងប្រទេស ពិសេស នៅតំបន់ខាងជើង និងខាង លិច។ នៅក្នុងការពង្រឹងយុទ្ធនាការដាំដើមឈើនេះ ចិននឹងផ្អែកមួយភាគ លើការដាំដើមឈើឡើងវិញតាម បែបធម្មជាតិ ដោយប្រើប្រភេទដើមឈើខុសៗគ្នា ទៅតាមអាកាសធាតុនៅក្នុងតំបន់នីមួយៗ។ លោក ឆេន ជៀវេន អ្នកទទួលខុសត្រូវនៃការតាក់តែងផែនការ ៥ឆ្នាំ ស្តីពីព្រៃឈើ និងស្មៅ បានបញ្ជាក់ថា នៅរង្វង់ ៥ឆ្នាំខាងមុខ ប្រទេសនឹងពង្រីកបណ្តាញឧទ្យានជាតិ បង្កើតប្រព័ន្ធអេកូឡូស៊ី និងបង្កើនយុទ្ធនាការបង្រ្កាបការជួញដូរសត្វព្រៃខុសច្បាប់។ ក្រុមសិក្សាទីផ្សារឈ្មោះ Comparethemarket.com បានគូសបញ្ជាក់កាលពីថ្ងៃសុក្រ ទី២០ ខែសីហាថា ក្រុងប៉េកាំងតែមួយ គួរតែដាំដើមឈើឲ្យបានជាង ១៥លានដើម ក្នុងមួយឆ្នាំ ដើម្បីទូទាត់នឹងការបញ្ចេញឧស្ម័នពុលប្រចាំឆ្នាំ។ ចំណែកក្រុងសិង្ហបុរី និងហុងកុង គួរដាំឲ្យបានជាង ៩លានដើម ជារៀងរាល់ឆ្នាំ ហើយក្រុងឡុងដ៏ ប្រទេសអង់គ្លេស គួរដាំប្រមាណជាជាង ៤លានដើម៕ AFP