អង់គ្លេសប្រកាសថា មេដឹកនាំ G៧ នឹងជួបពិភាក្សាគ្នា ពីបញ្ហាអាហ្វហ្កានីស្ថាន

0
99

កម្មវត្ថុនៃកិច្ចពិភាក្សារបស់មេដឹកនាំប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ គឺដើម្បីរិះរកវិធីដោះស្រាយ បញ្ហាដែលកំពុងកើតមាននៅព្រលានយន្តហោះក្រុងកាប៊ុល និងស្វែងរកវិធីកាពារ កុំឲ្យស្ថានការណ៍នៅអាហ្វហ្កានីស្ថានកាន់តែធ្លាក់ដុនដាបខ្លាំង។ រយៈពេល ១សប្តាហ៍ តាំងពីរដ្ឋធានីកាប៊ុលធ្លាក់ក្នុងដៃពួកតាលីបង់ មានជនបរទេស ជនជាតិអាហ្វហ្កានីស្ថាន និងអ្នកធ្លាប់ធ្វើការឲ្យកងកម្លាំងបរទេសជាច្រើនព្យាយាមរត់ភៀសខ្លួន ដើម្បីសុវត្ថិភាព។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានឲ្យដឹងថា វាមានសារៈសំខាន់ណាស់ ដែលសហគមន៍អន្តរជាតិធ្វើការរួមគ្នា ដើម្បីធានាដល់ការជម្លៀសប្រកបដោយសុវត្ថិភាព ទប់ស្កាត់វិបត្តិមនុស្សធម៌ និងជួយដល់ប្រជាជនអាហ្វហ្កានីស្ថាន។ សម្ព័ន្ធមិត្តលោកខាងលិចកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ទាក់ទងចំណាត់ការដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន ជាពិសេស នៅបន្ទាប់ពីភាពច្របូកច្របល់នៅឯព្រលានយន្តហោះក្រុងកាប៊ុល បានបណ្តាលឲ្យជនស៊ីវិលអាហ្វហ្កានីស្ថានជាច្រើននាក់ស្លាប់។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលកំពុងរងការរិះគន់ជុំទិសនឹងជួបជាមួយមេដឹកនាំ G7 ដើម្បីសម្របសម្រួលគោលនយោបាយ ពិភាក្សាអំពីប្រតិបត្តិការជម្លៀស និងជំនួយមនុស្សធម៌។ កាលពីថ្ងៃអាទិត្យ លោក បៃដិន ក៏បានឲ្យដឹងដែរថា នឹងប្រើយន្តហោះពាណិជ្ជកម្មប្រមាណ ១៨ គ្រឿង ដើម្បីជួយក្នុងប្រតិបត្តិការដឹកជម្លៀសជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្កានីស្ថានចេញពីទីក្រុងកាប៊ុល។ ប្រមុខការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានគូសបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជួយអ្នករាល់គ្នា គ្រប់ពលរដ្ឋអាមេរិកដែលចង់ចាកចេញពីអាហ្វហ្កានីស្ថាន ហើយនឹងចំពោះជនជាតិអាហ្វហ្កានីស្ថាន ដែលធ្លាប់ធ្វើការឲ្យអាមេរិក៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here