លោកស្រី ខាម៉ាឡា ហារីស បានទៅទស្សនកិច្ចនៅសិង្ហបុរីមុនគេ កាលពីថ្ងៃអាទិត្យ ទី២២ ខែសីហា ហើយនៅថ្ងៃចន្ទ ទី២៣ ខែសីហានេះ លោកស្រី ហារីស ផ្តើមជួបថ្នាក់ដឹកនាំសិង្ហបុរីជាផ្លូវការ មានប្រធានាធិបតី លោកស្រី ហាលីម៉ា យ៉ាកូប និងនាយករដ្ឋមន្រ្តីលោក លី សៀនឡុង។ បន្ទាប់មក លោកស្រី ហារីស នឹងធ្វើដំណើរទៅកាន់មូលដ្ឋានទាហានជើងទឹកចាងជី ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រកន្លះ ពីអាកាសយានដ្ឋានចាងជី ដែលមានវត្តមាននាវាទាហានជើងទឹកសិង្ហបុរី និងអាមេរិក ហើយនៅទីនោះដែល លោកស្រី ហារីស ត្រូវថ្លែងទៅកាន់ទាហានជើងទឹកអាមេរិកនៅលើនាវាអាមេរិក USS Tulsa។ បន្ទាប់មក លោកស្រី ហារីស នឹងចាកចេញពីសិង្ហបុរី ទៅកាន់វៀតណាម ដោយទៅដល់ទីក្រុងហាណូយ នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា។ នៅទីក្រុងហាណូយ លោកស្រីនឹងមានកិច្ចប្រជុំជាមួយរដ្ឋាភិបាលវៀតណាម ចូលរួមបើកសម្ពោធសាខានៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់អាមេរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងចូលជួបក្រុមអ្នកតំណាងសង្គមស៊ីវិលវៀតណាម។ បន្ទាប់មក លោកស្រី ហារីស ក៏នឹងចូលរួមប្រជុំតាមអនឡាញ ជាមួយមន្រ្តីអាស៊ាន ដើម្បីនិយាយពីជំងឺឆ្លងកូវីដ១៩។ លោកស្រី ហារីស ជាអនុប្រធានាធិបតីអាមេរិកទី១ ដែលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមកុម្មុយនិស្ត។ ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស នៅសិង្ហបុរី និងនៅវៀតណាម មានបង្កប់ដោយអត្ថន័យចំនួនពីរ គឺទី១ ការចាប់អារម្មណ៍តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ របស់រដ្ឋបាលអាមេរិក ក្នុងជំនាន់ប្រធានាធិបតីលោក ចូ បៃដិន និងទី២ ការ បង្ហាញជំហរផ្សះផ្សា និងការរំកិលរកវៀតណាម ដែលជាអតីតគូសត្រូវ។ នយោបាយងាករកអាស៊ីរបស់លោក បៃដិន ពេលនេះ ជានយោបាយមួយ ដែលលោក បៃដិន កំពុងដើរតាមផ្លូវត្រួសត្រាយដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងដែលលោក បៃដិន មានតំណែងជាអនុប្រធានាធិបតី នាពេលនោះ។ជម្រើសទៅកាន់អាស៊ីប៉ាស៊ីហ្វិក ពិសេស អាស៊ីអាគ្នេយ៍ របស់លោកស្រី ហារីស ពេលនេះ បានធ្វើឡើង ខណៈដែលចិនកំពុងបន្តមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ និងកំពុងក្រសោបផ្តាច់មុខលើសមុទ្រចិនខាងត្បូង ដែល ចិនកំពុងមានជម្លោះ ជាមួយប្រទេសអាស៊ានចំនួន ៤ គឺព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ អ្នក ទទួលខុសត្រូវអាមេរិកម្នាក់នៅសេតវិមាន បានបញ្ជាក់ថា អាស៊ីអាគ្នេយ៍ ជាតំបន់យុទ្ធសាស្រ្ត និងសេដ្ឋកិច្ច ដ៏សំខាន់របស់អាមេរិក។ និយាយពីទំនាក់ទំនងទ្វេភាគី រវាងអាមេរិក និងវៀតណាម ប្រទេសអតីតគូសត្រូវ ទាំងពីរ កំពុងក្លាយជាដៃគូ និងត្រូវការគ្នាទៅវិញទៅមក។ អាមេរិកត្រូវការវៀតណាមក្នុងប្រយោជន៍សេដ្ឋកិច្ច និងដើម្បីបង្កើនឥទ្ធិពលនៅក្នុងតំបន់ ប្រឈមទប់នឹងឥទ្ធិពលរបស់ចិន។ រីឯ វៀតណាមត្រូវការអាមេរិក ក្នុងប្រយោជន៍សេដ្ឋកិច្ច និងយកអាមេរិកធ្វើជាខ្នង ដើម្បីទប់នឹងចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង៕Reuters