អង្គការសុខភាពពិភពលោករកឃើញវ៉ាក់សាំង Covishield ក្លែងក្លាយ នៅឥណ្ឌា និងអាហ្វ្រិក

0
88

សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងជាច្រើនដូស ត្រូវបានអាជ្ញាធររឹបអូសនៅប្រទេសឥណ្ឌា និងអាហ្វ្រិក នៅចន្លោះខែកក្កដា និងខែសីហា។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន BBC។ វិទ្យាស្ថានផលិតវ៉ាក់សាំងឥណ្ឌាសេរ៉ូម ក៏បានបញ្ជាក់ថា វ៉ាក់សាំងដែលបានរឹបអូស សុទ្ធតែជាវ៉ាក់សាំងក្លែងក្លាយ។ អង្គការសុខភាពពិភពលោក បានព្រមានថា វ៉ាក់សាំងក្លែងក្លាយទាំងនេះ «បង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនៅទូទាំងពិភពលោក» និងបានអំពាវនាវឱ្យមានការបិទចរាចរណ៍វ៉ាក់សាំងទាំងនេះជាបន្ទាន់ផងដែរ។ ទោះយ៉ាងណា មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ចេញពីរដ្ឋាភិបាលឥណ្ឌាទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រសួងសុខាភិបាលរបស់ខ្លួនកំពុងស៊ើបអង្កេតលើបញ្ហានេះ។ មន្រ្តីសុខាភិបាលដែលមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រាប់គេហទំព័រព័ត៌មាន Mint ថា៖«ទោះបីជាយើងមានប្រព័ន្ធរឹងមាំ ដើម្បីការពារករណីបែបនេះក៏ដោយ អ្វីដែលយើងចង់បាន គឺការធានាបានថា គ្មានជនជាតិឥណ្ឌាទទួលវ៉ាក់សាំងក្លែងក្លាយទេ»។ វ៉ាក់សាំង Covishield គឺជាវ៉ាក់សាំងរបស់ AstraZeneca ដែលផលិតនៅឥណ្ឌា និងជាវ៉ាក់សាំងដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសឥណ្ឌា និងបានដាក់ឱ្យប្រើប្រាស់ជាង ៤៨៦ លានដូសហើយ រហូតមកដល់ពេលនេះ។ វិទ្យាស្ថានសេរ៉ូម ក៏បានផ្គត់ផ្គង់វ៉ាក់សាំង Covishield រាប់លានដូស ដល់បណ្តាប្រទេសនៅអាស៊ីអាហ្វ្រិក និងអាមេរិកខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាផ្នែកមួយនៃគម្រោងចែកចាយវ៉ាក់សាំងសកល Covax និងបានផ្កត់ផ្គង់ទៅដល់ប្រទេសជិតខាងផងដែរ ស្របតាមគោលនយោបាយរបស់ប្រទេសនេះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here