នៅក្នុងព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនសម្រាប់ការប្រកួតបាល់ទាត់ដែលថ្លៃជាងគេបំផុតនៅលើពិភពលោក ក្របខ័ណ្ឌ Premier Leagueត្រូវបានបង្ខំចិត្តបោះបង់ចោលការប្រកួតដ៏ធំបំផុតប្រចាំរដូវកាល បន្ទាប់ពីការលុកលុយចូលទឹកដី Old Trafford ដោយអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United ។
ការសម្រុកចូលកីឡាដ្ឋាន ដែលបិទមិនឱ្យអ្នកគាំទ្រចូលមើលអំឡុងពេលមានជំងឺរាតត្បាត បានកើតឡើងប៉ុន្មានម៉ោងមុនពេលដែលក្រុម Man United ត្រូវទទួលភ្ញៀវហង្សក្រហម Liverpool ។ ខណៈដែលអ្នកគាំទ្រតវ៉ានៅលើទីលានប្រឆាំងនឹងម្ចាស់ក្លិបបិសាចក្រហម គឺគ្រួសារត្រកូលក្លេសឺ ផ្សែងពណ៌ជាច្រើនត្រូវបានដុតហុយពេញកីឡដ្ឋានហើយអ្នកគាំទ្ររាប់ពាន់នាក់ទៀតបាននាំគ្នាជួបជុំនៅខាងក្រៅកីឡដ្ឋាន Old Trafford ។
ឈុតឆាកដ៏អាក្រក់អាក្រីនេះបានផ្ទុះឡើងនៅពេលដែលប៉ូលិសប៉ះទង្គិចជាមួយអ្នកគាំទ្រដែលខឹងសម្បាចំពោះការខ្វះការចូលរួម ១៦ ឆ្នាំមកនេះដោយក្រុមគ្រួសារក្លេសឺ ដែលបានសម្រេចចិត្តនាំយក United ចូលទៅក្នុងការប្រកួតពានរង្វាន់ផ្តាច់ខ្លួន European Super League ដែលបានដួលរលំកាលពីពីរសប្តាហ៍មុនក្នុងរយៈពេលតែ ៤៨ ម៉ោង។
កីឡាករមិនបានព្យាយាមចូលទៅក្នុងកីឡដ្ឋានទេ ព្រោះក្រុម United មិនអាចចាកចេញពីសណ្ឋាគារធំរបស់ក្លិប Manchester បានទេ ដោយសារតែមានការផ្ទុះការតវ៉ាមួយផ្សេងទៀតនៅទីនោះ។
ក្លិបអ្នកគាំទ្រក្រុមបិសាចក្រហមបានលើកឡើងពីលទ្ធភាពនៃការបើកច្រកទ្វារចូលមួយដើម្បីឱ្យអ្នកគាំទ្រចូលទៅក្នុងកីឡដ្ឋាន។ ការប្រាស្រ័យទាក់ទងតែមួយគត់ពីក្លិបគឺតាមរយៈសេចក្តីថ្លែងការណ៍ ដែលមិនមែនចេញពីគ្រួសារក្លេសឺ។
Man Uបាននិយាយថា “យើងទទួលស្គាល់ទាំងស្រុងនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងការតវ៉ាដោយសន្តិវិធី។ ទោះយ៉ាងណា យើងមានការសោកស្តាយចំពោះការរំខានដល់ក្រុមកីឡាករនិងសកម្មភាពដែលធ្វើឱ្យអ្នកគាំទ្របុគ្គលិកនិងប៉ូលិសមានគ្រោះថ្នាក់”។
ប្រសិនបើ Liverpool ឈ្នះ Man U នោះបានន័យថា បិសាចក្រហមប្រគល់ពាន EPL ដៃពីរជូនដល់មេឃខៀវ Man City។
ដូច្នេះការអុកឡុកនេះបានជួយឱ្យការប្រកួតរវាងក្រុមទាំងពីរត្រូវលើកពេលទៅថ្ងៃក្រោយ ហើយក៏មានន័យថា Man U មិនចាំបាច់ប្រគល់ពានដៃពីរឱ្យទៅគេនោះដែរ៕