មន្ត្រីជាន់ខ្ពស់ : ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃជាង ២ពាន់នាក់ឆ្លងកូវីដ១៩ និងស្លាប់២១នាក់

0
52

គិតត្រឹមថ្ងៃទី២១ ខែសីហា នេះថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃជាងពីរពាន់នាក់បាន ឆ្លងជំងឺនេះ។ ក្នុងនោះជាសះស្បើយជាង ១.៤០០ នាក់ ,កំពុងព្យាបាលជាង ៧០០នាក់ និងស្លាប់ ២១នាក់ ។

លោកសេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុបានថ្លែងក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូកាលពីព្រឹកថ្ងៃទី២១ ខែសីហា នេះថា “មកដល់ពេលនេះ មានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់កំពុង ព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់ ” ។
លោកបន្តថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន២០លើកស្មើនឹង ១០៧,៣២១ដូស និងទទួលបានសម្ភារបរិក្ខារមួយចំនួនទៀត ។ក្រសួងមហាផ្ទៃក៏បានទទួលជំនួយបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩នេះ ផ្ដល់ដោយថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះនានាមួយចំនួនទៀត មានទាំងជំនួយថវិកា និងសម្ភារៈបរិក្ខារ ។ ក្រសួងមហាផ្ទៃក៏បានទទួលឧបករណ៍ តេស្តរហ័សផ្ដល់ដោយក្រសួងសុខាភិបាល និងទទួលបានពីជំនួយថ្នាក់ដឹកនាំក្រសួង និងសប្បុរសជនជាបន្តបន្ទាប់ព្រមទាំង បានបញ្ជាទិញឧបករណ៍តេស្តរហ័សនេះបន្ថែមសម្រាប់ការប្រើប្រាស់ផងដែរ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ដល់អនុសាសន៍ឱ្យបន្តការងារអប់រំផ្សព្វផ្សាយអំពី ការអនុវត្តវិធានការ៣កុំ៣ការពារពង្រឹងការអនុវត្តច្បាប់និងវិធានការនិងត្រូវជំរុញការចាក់វ៉ាក់សាំងឱ្យបានតាមគោលការណ៍ក្រសួងសុខាភិបាល ។
ជាមួយគ្នានេះ សម្ដេច ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានការផ្ដល់ព័ត៌មានអំពីសំណើនិងសំណូមពរនានាដើម្បីរៀបចំការ សម្របសម្រួល ពិសេសជាមួយក្រសួងសុខាភិបាល ហើយគ្រប់អង្គភាពត្រូវធ្វើរបាយការណ៍ឱ្យទៀងទាត់ ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋលេខាទទួលបន្ទុក និងឯកឧត្តមអគ្គនាយកពន្ធនាគារ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងពន្ធនាគារពិសេសការរៀបចំចាក់វ៉ាក់សាំងជូនអ្នក ជាប់ឃុំ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here