មន្រ្តីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប អះអាងថា ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺអាចព្យាបាលបានជាសះស្បើយ ប្រសិនម្ចាស់សត្វ មើលថែទាំបានល្អ

0
217

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពសត្វគោ ក្របី នៅតាមភូមិ ឃុំមួយចំនួន ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ ជំងឺដុំពកលើស្បែកសត្វគោ និងក្របី បាននឹងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើងនិយាយរួម និងដោយឡែកនៅទូទាំងខេត្តសៀមរាប ជំងឺនេះបានកើតមានចំនួន ៧២០ក្បាល ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦៦៧ក្បាល ហើយកំពុងព្យាបាលបន្តចំនួន ៤៧ក្បាល និងងាប់ចំនួន ៦ក្បាល ។

លោក ព្រំ វិច បានឲ្យដឹងទៀតថា ដោយសារការកើតមានជំងឺប្រភេទនេះ នារយ:កាលកន្លងមកនោះ ធ្វើឲ្យប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមសត្វគោ-ក្របីនេះ សម្ដែងនូវការព្រួយបារម្ភជាខ្លាំង ព្រោះថា ប្រសិនបើសត្វគោ-ក្របីរបស់គាត់ងាប់ច្រើន នឹងធ្វើឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់។ ប៉ុន្តែបញ្ហានេះ ដោយសារពួកគាត់មិនទាន់យល់ច្បាស់អំពីជំងឺប្រភេទនេះ តែតាមពិតជំងឺដុំពកលើស្បែកសត្វគោ និងក្របីនេះ គឺអាចព្យាបាលបាជាសះស្បើយ ប្រសិនម្ចាស់សត្វបានមើលថែទាំបានល្អនោះ ដែលវិធីនៃការព្យាបាល គឺការពារទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ។ ករណីសត្វក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈPracetamole អាចប្រើពពួក Dexametasone , Amoxiciline , Chlorazone, Bactrim ករណីមានដំបៅប្រើថ្នាំខៀវ(Methylen blu) និង Negazun ប៉ុន្តែបើមានអាត្រាងាប់ គឺមានចំនួនតិចទេ ។

លោក ព្រំ វិច បានឲ្យដឹងបន្ថែមថា រយ:កាលកន្លងមក មន្ត្រីបសុពេទ្យខេត្ត ស្រុក ភ្នាក់ងារសុខភាពសត្វភូមិ តែងបានសហកាការជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការអប់រំ និងផ្សព្វផ្សាយពីអនាម័យ វិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដល់កសិករ ដែលជាម្ចាស់សត្វ បានចំនួនជាង ១,២០០គ្រួសារ ព្រមទាំងបានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងចិញ្ចឹមសត្វ បានជាច្រើនកន្លែងផងដែរ។ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសត្វគោ ក្របី ឈឺឬងាប់ ហាមលក់ដូរ ហាមយកសាច់របស់វាទៅបរិភោគ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មសត្វ សូមបងប្អូនចូលរួមសហការជាមួយមន្ត្រីពេទ្យសត្វ ក្នុងអំឡុងពេលគាត់ចុះទៅចាក់វ៉ាក់សាំងដល់សត្វគោ-ក្របី និងយកសត្វទៅចាក់ឱ្យបានគ្រប់ៗគ្នា ជាពិសេសនៅពេលដែលមានសត្វឈឺ ត្រូវធ្វើការទំនាក់ទំងជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរកមូលដ្ឋាន ឱ្យបានលឿន ដើម្បីខាងមន្រ្តីជំនាញជួយរកវិធីសាស្រ្តសង្គ្រោះបានទាន់ពេល ។

សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោនេះ បង្កដោយវីរុស(Poxviridae)តាមរយ:សត្វល្អិតបឺតជញ្ជក់ឈាម មូស របោម រុយ ស្រួយ ដង្កែ។ ការចល័តសត្វឈឺពីតំបន់មួយទៅតំបន់មួយ និងការស៊ីចំណីជុំគ្នាក៏ជាបញ្ហាប្រឈមផងដែរ ប៉ុន្តែជំងឺនេះ ជាជំងឺចាស់សម្រាប់ប្រទេសគេ តែវាថ្មីសម្រាប់ប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here