ចែករំលែកបទពិសោធន៍សម្រាប់ការដាំដុះស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដាំស្វាយចន្ទី នៅក្នុងខេត្តសៀមរាប

0
64

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា រួមជាមួយកសិករដាំដំណាំស្វាយចន្ទី បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ក្នុងការដាំដំណាំស្វាយចន្ទី ឱ្យទទួលបានទិន្នផលខ្ពស់ ជូនដល់កសិករដែលកំពុងតែដាំដំណាំស្វាយចន្ទី ប្រមាណជាង២០នាក់ មកពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ខណ:ដែលបច្ចុប្បន្នដំណាំនេះ កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេសយ៉ាងច្រើនផងដែរ ។

ឯកឧត្ដមឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានប្រសាសន៍ថា លោកបានដាំដំណាំស្វាយចន្ទីតាំងពីឆ្នាំ២០១២មកម្ល៉េះ ដែលទទួលបានទិន្ទផលខ្ពស់ ហើយមកដល់ពេលនេះ លោកមានចំការស្វាយចន្ទីទំហំប្រមាណជាង១,១០០ហិកតា ស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាម។ ដំណាំស្វាយចន្ទីរបស់លោកបានទទួលផល ៤ ទៅ៥ឆ្នាំមកហើយ ដោយផ្គត់ផ្គង់តាមតម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេស។ ដូច្នេះគោលបំណងសំខាន់ នៃការចែករំលែកបទពិសោធន៍នាពេលនេះ គឺដោយសារតែមើលឃើញថា ប្រជាកសិករមួយចំនួន ដែលបានដាំស្វាយចន្ទី មិនទាន់ទទួលបានទិន្នផលល្អនៅឡើយ ដូច្នេះហើយបានជាលោកចង់ផ្តល់បទពិសោធន៍ឱ្យទៅពួកគាត់ ដើម្បីថែទាំស្វាយចន្ទីឱ្យទទួលបានផលល្អ ជាពិសេស គឺការផលិតថ្នាំធម្មជាតិពីបណ្តូលពេជ្រ ដែលផលិតសម្រាប់ការពារជំងឺ និងការចេញជ័ររបស់ស្វាយចន្ទីនៅតាមមែក ឬខ្នែង។

ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថា ពូជស្វាយចន្ទី ដែលល្អបំផុត នៅលើពិភពលោកគឺពូជស្វាយចន្ទីរបស់ស្រុកខ្មែរតែម្តង ដែលលោកបានទិញនៅក្នុងស្រុក ហើយបង្កាត់ពូជដាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ ខណ:បច្ចុប្បន្ននេះស្វាយចន្ទីនៅតែមានតម្រូវនៅលើទីផ្សារ។ ដូច្នេះ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំស្វាយចន្ទី គួរតែស្វែងយល់ឱ្យច្បាស់ អំពីបច្ចេកទេសដាំ , ការជ្រើសរើសដីដាំ និងពូជ។ រីឯដីក៏មានសារ:សំខាន់ផងដែរ ដែលមានល្បាយខ្សាច់ មិនជាំទឹក ព្រោះដីនេះ ជាដីប្រភេទអន់តែវាជាប្រភេទដីល្អសម្រាប់ដាំស្វាយចន្ទី, ការជ្រើសរើសយកប្រភេទពូជណាដែលធន់នឹងការប្រែប្រួលអាកាធាតុ ជាពិសេសការដាក់ជីទៅតាមអាយុកាលរបស់វា ហើយបើនៅតែមិនច្បាស់លាស់ គឺអាចមកចម្ការរបស់លោកបាន ដើម្បីបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែមទៀត ។

លោក ធូ រដ្ឋា ប្រធានសមាគមស្វាយចន្ទីខេត្តសៀមរាប បានឲ្យដឹងថា ក្នុងចំណោម ១២ក្រុង ស្រុកក្នុងទូទាំងខេត្តសៀមរាប មានតែក្រុង ស្រុកចំនួន ៣ក្រុង ស្រុកប៉ុណ្ណោះ ដែលមិនមានចម្ការស្វាយចន្ទី រួមមាន ៖ ក្រុងសៀមរាប , ស្រុកពួក និងស្រុកក្រឡាញ់ ក្រៅពីនេះ ស្រុកចំនួន០៩ សុទ្ធតែមានចម្ការដាំស្វាយចន្ទី ខណ:កសិករក្នុងសមាគមស្វាយចន្ទីខេត្តសៀមរាប មានផ្ទៃដីដាំស្វាយចន្ទីសរុបទំហំ ២,៩២៧ហិកតា ។

សូមបញ្ជាក់ថា កាលពីនាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដឹកនាំដោយឯកឧត្ដម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ រៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក ក្នុងតំបន់ និងពិភពលោក ដែលកន្លងមកកម្ពុជា នាំចេញភាគច្រើន គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ សម្រាប់ប្រទេសជិតខាង ដែលទទួលទិញយកទៅកែច្នៃលក់បន្ត។ ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីច្រើនកន្លែង ដែលអាចឈានទៅរកការកែច្នៃ ដើម្បីបម្រើការនាំចេញបាន។ ពេញមួយឆ្នាំ២០២០កន្លងមកនេះ ស្វាយចន្ទីរបស់កម្ពុជា មានបរិមាណផលចំនួន ២៤២,៣២៤តោន គិតជាទឹកប្រាក់ចំនួន ៤៨១,៤៨៣,៧៥០ ដុល្លារអាមេរិក ហើយបើតាមការប៉ាន់ស្មាន ផ្ទៃដីផលិតកម្ម នៃដំណាំស្វាយចន្ទី នៅឆ្នាំ២០២១នេះ អាចមានចំនួនប្រមាណជា ២៤៨ ,២៩៥ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here