ចលនាប្រឆាំងតាលីបង់ ចាប់លេចរូបរាងនៅភាគឦសានអាហ្វហ្កានីស្ថាន

0
93

នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនអាហ្វហ្កានីស្ថានបានធ្វើបាតុកម្ម នៅតាមទីក្រុងជាច្រើនក្នុងប្រទេស។ បាតុករជាច្រើនលើកគ្រវីទង់ជាតិអាហ្វហ្កានីស្ថាន ចំណែកសាក្សីនៅកន្លែងកើតហេតុម្នាក់ បាននិយាយប្រាប់ទីភ្នាក់ងារ Reuters ថា នៅទីក្រុង Assadabad មនុស្សជាច្រើននាក់បានស្លាប់ នៅពេលទាហានតាលីបង់បាញ់រះទៅលើក្រុមបាតុករ។ នៅទីក្រុង Jalalabad ក្បែរព្រំដែនប៉ាគីស្ថានកើតមានបាតុកម្មផងដែរ ប៉ុន្តែជាបាតុកម្មប្រឆាំងក្រុមតាលីបង់ ព្រោះរូបភាពវីដេអូមួយចំនួន បានបង្ហាញបាតុករចាប់ហែកទង់ជាតិតាលីបង់។ ក្រុមតាលីបង់មិនបានគ្រប់គ្រងទឹកដីទាំងអស់របស់អាហ្វហ្កានីស្ថាននោះទេ។ ព័ត៌មានចេញពីជ្រលងភ្នំ Panchir ដែលស្ថិតនៅភាគឦសានអាហ្វហ្កានីស្ថាន បានឲ្យដឹងថា អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន និងកូនប្រុសរបស់អតីតមេបញ្ជាការទ័ព Massoud កំពុងប្រមូលកម្លាំងទ័ព ដើម្បីប្រឆាំងតទល់នឹងក្រុមតាលីបង់។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែរហ្គេយ ឡាវរ៉ូវ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍។ ខណៈដែលក្រុមតាលីបង់កំពុងជួបពិភាក្សា ជាមួយអតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក ហាមីដ ការហ្សៃ ក្នុងដំណើរការរៀបចំបង្កើតរដ្ឋាភិបាលចម្រុះថ្មី

ប្រមុខការបរទេសរុស្ស៊ីបានអំពាវនាវឲ្យក្រុមតាលីបង់បង្កើតការពិភាក្សាថ្នាក់ជាតិ ដើម្បីបង្កើតរដ្ឋាភិបាលមួយ ដែលតំណាងឲ្យអាហ្វហ្កានីស្ថាន។ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក អាំរូឡា សាឡេះ ដែល បដិសេធមិនចុះញ៉មនឹងក្រុមតាលីបង់ បានដកខ្លួនថយទៅនៅជ្រលងភ្នំ Panchir គ្រប់គ្រងដោយកូនប្រុសរបស់លោក Ahmed Shah Massoud អតីតមេបញ្ជាការទ័ពអាហ្វហ្កានីស្ថានដ៏ល្បីឈ្មោះខាងប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។ កាលពីថ្ងៃចន្ទ រូបភាពវីដេអូបង្ហោះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន និងកូនប្រុសរបស់អតីតមេបញ្ជាការទ័ព ប្រឆាំងក្រុមតាលីបង់ដាក់ ដុំថ្មនៅកន្លែងមួយនៃជ្រលងភ្នំ ដើម្បីសំគាល់ការចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរបបតាលីបង់។ នៅក្នុងអត្ថបទចុះផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃពុធ លោក Ahmad Massoud បានស្វែងរកការគាំទ្រផ្នែកសព្វាវុធពីសហរដ្ឋអាមេរិក ដើម្បីជួយឲ្យចលនាតស៊ូអាហ្វហ្កានីស្ថានអាចតស៊ូប្រឆាំង នឹងក្រុមតាលីបង់ ដែលបានចូលកាន់អំណាចនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ។ តាមលោក អាម៉ាដ ម៉ាស៊ូ អាមេរិកនៅតែអាចជាឃ្លាំងអាវុធ សម្រាប់លទ្ធិប្រជាធិបតេយ្យ តាមរយៈការគាំទ្រចលនាយុទ្ធជនប្រយុទ្ធនៅជ្រលងភ្នំ Panchir ដែលកំពុងប្រមូលផ្តុំដោយអតីតទាហាន និងកងកុម្ម៉ង់ដូរពិសេសរបស់អាហ្វហ្កានីស្ថាន ដែលខកចិត្តនឹងឃើញមេបញ្ជាការទ័ពរបស់ខ្លួន កំសាកទម្លាក់អាវុធចុះចាញ់នៅមុនការប្រយុទ្ធ ជាមួយពួកតាលីបង់៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here