សម្តេច ហ៊ុន សែន ប្រមូលទិញមៀន ពីកសិករក្នុងតម្លៃទាបជាងទីផ្សារ ៥០ភាគរយ

0
155

ភ្នំពេញ៖ សម្តេច ហ៊ុន សែន តាមរយៈលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការដ្ឋានអង្គរក្ស បានចុះប្រមូលទិញមៀនប៉ៃលិន(តាង៉ែន) ពីប្រជាកសិករ ដែលកំពុងជាប់គាំងទីផ្សារ ក្នុងតម្លៃ២,៥០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ បានធ្វើឱ្យកសិករខ្លះត្រេកអរ ឯខ្លះទៀតមិនសប្បាយចិត្ត ព្រោះតែតម្លៃទាបជាងទីផ្សារកន្លងមក ប្រមាណ៥០ភាគរយ។

អ្នកស្រី ជួន គឹមស៊ាន ដែលជាកសិករដាំមៀនប៉ៃលិន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានដឹកមៀន៦តោន លក់ឱ្យសម្តេច ហ៊ុន សែន តាមរយៈក្រុមការងាររបស់លោកហ៊ីង ប៊ុនហៀង នៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធាភូមិភាគភាគទី៥ ស្ថិតក្នុភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ កសិកររូបនេះ លក់មៀនទាំងនោះ បានតម្លៃ២,៥០០រៀលក្នុងមួយគីឡូក្រាម កាលថ្ងៃទី១៨សីហា។ អ្នកស្រី គឹមស៊ាន ត្រេកអរចំពោះការអន្តរាគមន៍របស់សម្តេច ហ៊ុន សែន ក្នុងការជួយទិញមៀន ពីអ្នកស្រីផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារនៅបរទេស ដោយសារជំងឺកូវីដ-១៩។

 

កសិកររូបនេះ បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាថ្ងៃទី១៩សីហានេះថា៖ «ថ្ងៃទី១៨សីហា ខ្ញុំលក់មៀនបានមួយគីឡូក្រាម ២,៥០០រៀល។ [មៀន]លក់បានក្នុងតម្លៃនេះថេរ ខ្ញុំអាចទប់ទល់ថ្លៃដើម។ បើខាត ក៏ខាតតិចតួចដែរ»។

តាមពិតទៅ តម្លៃមៀនប៉ៃលិន ២,៥០០រៀលក្នុងមួយគីឡូ ដែលអ្នកស្រី គឹមស៊ាន និងអ្នកស្រី តុន ណារី លក់ឱ្យសម្តេច ហ៊ុន សែន នេះ មិនបានចំណេញឡើយ តែវាជួយអ្នកស្រី អាចឱ្យរួចថ្លៃដើមបានខ្លះ។ ប៉ុន្តែបើឱ្យតម្លៃទាបជាងនេះទៀត គឺនឹងប្រឈមមុខខាតហើយ។

អ្នកស្រី តុន ណារី ដែលបានលក់មៀន៥តោន ឱ្យក្រុមការងារសម្ដេច ដែរនោះ បានបញ្ជាក់ដូច្នេះ៖«មៀនតម្លៃ២,៥០០រៀលនេះ ថាឱ្យយើងរួចថ្លៃដើមគឺអត់ទេ។ តែដោយសារយើងជាប់គាំងទីផ្សារ ហើយមៀនយើងក៏ទុំពេញដើមទៀត អ៊ីចឹងយើងព្រមលក់ក្នុងតម្លៃនេះ ដើម្បីបានលុយដើមមកវិញខ្លះ។ តែដល់ធ្លាក់ថ្លៃនៅត្រឹម២,៣០០រៀល ក្នុងមួយគីឡូក្រាម យើងកាន់តែខាតទៀតហើយ។

ម្ចាស់ចម្ការមៀនប៉ៃលិន នៅលើផ្ទៃដី៣ហិកតារូបនេះ បានចំណាយដើមទុនជាង៦,០០០ដុល្លារ ដើម្បីថែទាំមៀនឱ្យល្អ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ នាឆ្នាំ២០២១ ប៉ុន្តែដោយសារថៃបិទព្រំដែន និងបិទការនាំចូលពីមៀនពីកម្ពុជា ទើបមៀនកសិកររូបនេះ ក៏ដូចកសិករដទៃទៀត ត្រូវជាប់គាំងទីផ្សារ។

ចំពោះតម្លៃប្រមូលទិញមៀន ២,៥០០រៀលមួយគីឡូនេះ គឺជាតម្លៃល្អមួយ សម្រាប់កសិករទូទៅ អាចទទួលយកបាន។ ប៉ុន្តែតម្លៃ សម្រាប់កសិករ ដែលផលិតមៀន ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនោះ គឺច្បាស់ជាខាតហើយ។ នេះជាការលើកឡើងរបស់ លោក សួន ជុំ ដោយបានបញ្ជាក់ថា មៀនប៉ៃលិន ដែលក្រុមកសិករធ្វើសម្រាប់នាំចេញ បានប្រើដើមទុនច្រើនជាងកសិករ ដែលធ្វើមៀនសម្រាប់លក់នៅទីផ្សារក្នុងស្រុក។

អនុប្រធានសមាគមមៀនប៉ៃលិនរូបនេះ បាននិយាយដូច្នេះ៖«មៀនដែលពួកខ្ញុំធ្វើ គឺបានថែទាំល្អ ដោយប្រើទឹក ជី និងថ្នាំជាដើម ឱ្យមានលក្ខណៈស្មើគ្នា ដើម្បីឱ្យមៀនមានគុណភាពទើបអាចនាំចេញបាន»។ បើតាមលោក សួន ជុំ មៀនប៉ៃលិនដែលនាំទៅទីផ្សារក្រៅប្រទេស យ៉ាងហោចណាស់៤,០០០រៀល ក្នុងមួយគីឡូក្រាម។

ក្រោយឃើញពលរដ្ឋជួបបញ្ហាទីផ្សារនោះ សម្តេច ហ៊ុន សែន បានបញ្ជាឱ្យលោក ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច ចុះប្រមូលទិញមៀនប៉ៃលិន ពីកសិករ នៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែនថៃ។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការដ្ឋានអង្គរក្ស ដែលទទួលបញ្ជាផ្ទាល់ពីសម្ដេចនេះ បាននិយាយថា បើប្រជាកសិករដឹកមៀន ទៅលក់ឱ្យក្រុមការងារនៅបរិវេណនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង នឹងទទួលបានតម្លៃ២,៥០០រៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែតម្លៃមៀននេះ អាចធា្លក់ចុះ ទៅត្រឹម១,៥០០ ទៅ២,០០០រៀលវិញ បើសិនជាក្រុមការងារ ចុះទៅប្រមូលទិញដល់ចម្ការកសិករផ្ទាល់។

លោក ហ៊ីង ប៊ុនហៀង បាននិយាយ ដូច្នេះ៖ «ព្រឹកនេះ ខ្ញុំមកទិញដល់ចម្ការផ្ទាល់អ៊ីចឹង មៀនប៉ៃលិនមានតម្លៃខុសៗ ពីចម្ការនីមួយៗ។ មៀននៅចម្ការខ្លះមានតម្លៃ១,៥០០រៀល ក្នុងមួយគីឡូក្រាម, ចម្ការខ្លះតម្លៃ១,៨០០រៀល ប៉ុន្តែក៏ចម្ការខ្លះ មានមៀនតម្លៃ២,០០០រៀល ក្នុងមួយគីឡូក្រាមផងដែរ គឺដោយសារកម្លាំងក្រុមការងារយើងបានចុះមកកាច់មៀនដល់ចម្ការ កសិករផ្ទាល់។ កសិករគ្រាន់តែជួយបេះផ្លែមៀនស្អុយៗចោលប៉ុណ្ណោះ។ កម្លាំងពលកម្ម បេះមៀន វេចខ្ចប់ ដឹកជញ្ជូន គឺលើយើងទាំងអស់។ អ៊ីចឹងហើយ បានយើងឱ្យតម្លៃមៀនពួកគាត់ ទាបជាងថ្ងៃដំបូង ដែលក្រុមកសិករ បានដឹកមៀនទាំងគោយន្តៗ មកលក់ឱ្យយើងដល់ខេត្ត»។

ថ្វីដ្បិតអ្នកស្រី គឹមស៊ាន សប្បាយចិត្តដែលអាចបញ្ចេញផ្លែមៀនទុំពេញចម្ការខ្លួនក្តី ប៉ុន្តែស្ត្រីរូបនេះ ហាក់ស្រងាកចិត្តដែរ នៅពេលមៀនជាង១០តោន លក់បានតម្លៃត្រឹម ២,០០០រៀលក្នុងមួយគីឡូក្រាម នាថ្ងៃទី១៩សីហានេះ។ អ្នកស្រី គឹមស៊ាន បាននិយាយដូច្នេះ៖ «ថ្ងៃនេះ គាត់[ក្រុមការងាររបស់លោកហ៊ី ប៊ុនហៀង] ចុះមកដល់ចម្ការខ្ញុំ គាត់ឱ្យតម្លៃមៀនតែ ២,០០០ រៀលទេ ក្នុងមួយគីឡូក្រាម។ តម្លៃនេះ គឺខ្ញុំយ៉ាប់ និងចូលដើមហើយ»។

មៀនប៉ៃលិនដែលក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង ទិញមៀនប៉ៃលិន ពីអ្នកស្រី គឹមស៊ាន មួយគីឡូក្រាមតម្លៃ២០០០រៀលនេះ បើធៀបនឹងតម្លៃទីផ្សារ ដែលកសិកររូបនេះលក់បាននៅឆ្នាំកន្លងមក គឺទាបជិត៥០ភាគរយ។ អ្នកស្រី គឹមស៊ាន បានរៀបរាប់ដូច្នេះ៖« ខែនេះរាល់ឆ្នាំ ខ្ញុំបានលក់មៀនបានយ៉ាងទាបណាស់ ក៏បាន៣,០០០ទៅ៣,៥០០រៀល ក្នុងមួយគីឡូក្រាមដែរ។ តម្លៃនេះ គឺខាងគេមកទិញ និងបេះមៀនពីចម្ការយើងផ្ទាល់។ យើងចាំតែរាប់លុយយកមៀនមួយគីឡូក្រាម ៣,៥០០រៀល»។

ប្រភព​ : ថ្មីថ្មិ

LEAVE A REPLY

Please enter your comment!
Please enter your name here