ការអំពាវនាវចែកប៉ាតង់ឱ្យប្រទេសក្រីក្រផលិតវ៉ាក់សាំងកើនឡើងកាន់តែខ្លាំង ស្របពេលប្រទេសនានាខ្វះវ៉ាក់សាំង

0
129

អ្នកវិទ្យាសាស្ត្រព្រួយបារម្ភថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ដែលចង់គ្រប់គ្រងកម្មសិទ្ធិបញ្ញានៃការផលិត វ៉ាក់សាំង ដែលខ្លួនរកឃើញអាចរារាំងដល់លទ្ធភាពទទួលវ៉ាក់សាំងពីសំណាក់ប្រទេសក្រីក្រ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនផលិតថ្នាំ អង់ហ្គោឡា ស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណ ជាមួយវិទ្យាស្ថានសេរ៉ូម និងផលិតវ៉ាក់សាំងបានរាប់រយលានដូស និងចែកចាយដល់ប្រទេសមានចំណូលមធ្យម និងទាប នៅទូទាំងពិភពលោក។ ប៉ុន្តែផលវិបាកនៃការផលិតទុកមុន ការដឹកជញ្ជូនឆ្លងប្រទេស និងបំណងធានាការផលិតទ្រង់ទ្រាយធំនៃវ៉ាក់សាំងកូវីដ១៩ ប្រៀបបាននឹងការបើកសង្រ្គាមមួយនៅក្នុងសមរភូមិកម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសផលិត ជាមួយនឹងពិភពលោក។ ឧស្សាហកម្មឱសថ បានប្រឆាំងនឹងការស្នើឱ្យផ្ទេរប៉ាតង់ ដោយនិយាយថា ប៉ាតង់នេះមានសារសំខាន់ណាស់ ក្នុងការការពារការវិនិយោគដែលខ្លួនត្រូវការ ដើម្បីនាំយកវ៉ាក់សាំងទៅលក់នៅលើទីផ្សារ។ នាយកប្រតិបត្តិក្រុមហ៊ុនឱសថនានា បាននិយាយថា ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបង្កើនការផលិត ហើយក្រុមហ៊ុនផលិតភាគីទី៣ ខ្វះបទពិសោធ និងចំណេះដឹងចាំបាច់ក្នុងការផលិតវ៉ាក់សាំង ដោយគ្មានជំនួយពីពួកគេ។ ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលប្រទេសលោកខាងលិច ភាគច្រើនបានគាំទ្រជំហររបស់ក្រុមហ៊ុនទាំងនេះ។ លោកស្រី Asia Russell នាយកប្រតិបត្តិនៅក្រុមតស៊ូមតិ Health GAP បាននិយាយថា បើទោះជារដ្ឋបាល បៃដិន បានសម្រេចចិត្តគាំទ្រសំណើនេះ ប៉ុន្តែរដ្ឋបាលនេះបានបរាជ័យ «ក្នុងការសាកល្បងភាពជាអ្នកដឹកនាំ ដោយមិនព្រមប្រឈមមុខនឹងក្រុមហ៊ុនឱសថទាំងនោះ ការមិនទទួលខុសត្រូវនេះ បាននាំយើងទៅដល់សុបិនអាក្រក់នៅថ្ងៃនេះ។ មនុស្សតែ ១,៣ ភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសមានប្រាក់ចំណូលទាបទទួលបានវ៉ាក់សាំង ខណៈសេតវិមានគ្មានយុទ្ធសាស្ត្រពិតប្រាកដ ដើម្បីផ្តល់វ៉ាក់សាំង ១៤ ពាន់លានដូស ដែលពិភពលោកត្រូវការ ដើម្បីបញ្ចប់វិបត្តិនេះ»។ លោក Kiran Mazumdar Shaw ប្រធានក្រុមហ៊ុន Biocon របស់ឥណ្ឌា បាននិយាយថា៖ «ការដែលក្រុមហ៊ុនទាំងនេះ បានដាក់កម្រិតលើការផលិតវ៉ាក់សាំង ដោយសារតែភាពវង្វេងស្មារតីរបស់ពួកគេ ពិតជាបង្កឱ្យមានបញ្ហាកង្វះវ៉ាក់សាំងលើពិភពលោកមែន។ ក្រុមហ៊ុន Pfizer និង Moderna បានរក្សាកម្មសិទ្ធិបញ្ញារបស់ខ្លួនជិតឈឹង ដោយសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុនផលិតមួយចំនួនតូចប៉ុណ្ណោះ»។ លោកបាននិយាយថា ថ្វីបើឥណ្ឌា គឺជាប្រទេសមួយ ដែលផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតរបស់ពិភពលោក ប៉ុន្តែបញ្ហាមិនចែកប៉ាតង់របស់ក្រុមហ៊ុនទាំងនេះ ក៏រួមចំណែកសំខាន់នៃបញ្ហាចង្វាក់ផ្គត់ផ្គង់សកលមិនគ្រប់គ្រាន់ដែរ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here