អ្នកបន្សាបគ្រឿងញៀននិងមន្រី្ត នៅខេត្តបន្ទាយមានជ័យ ជិត៦០០នាក់ឆ្លងកូវីដ-១៩

0
40

ភ្នំពេញ៖ រយៈពេលពីរថ្ងៃ អាជ្ញាធរបានពិនិត្យឃើញករណីឆ្លងកូវីដ-១៩ លើមន្រី្ត និងអ្នកបន្សាបគ្រឿងញៀន៥៩៨នាក់ នៅមជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់ ខេត្តបន្ទាយមានជ័យ។ នេះបើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ។

លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ថា អាជ្ញាធរកំពុងតាមដានករណីឆ្លងនេះ ។ «ខ្ញុំមិនទាន់ដឹងមូលហេតុនៃឆ្លងចូលនៅឡើយទេ។ អ្នកដែលឆ្លងក្នុងមណ្ឌល គឺក្រុមការងាររៀបចំដាក់សម្រាកព្យាបាលនៅក្នុងមណ្ឌល។ ស្ថានភាពសុខភាពពួកគេ មិនមានសភាពធ្ងន់ទេ។ តែពួកគេជាអ្នកញៀនគ្រឿងញៀន យើងនឹងបន្តតាមដានសុខភាពពួកគេបន្ថែមទៀត ដោយយកចិត្តទុកដាក់»។ នេះបើតាមលោក សិទ្ធិ ឡោះ ដែលបានបន្ថែមថា អ្នកបន្សាបគ្រឿងញៀនសរុប នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មី មាន៦៦០នាក់។

ជុំវិញករណីនេះ លោក ភា មានិត ប្រធានមជ្ឈមណ្ឌលជិវិតថ្មី សុំមិនឆ្លើយតប។ ចំណែក លោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រាប់សារព័ត៌មានថ្មីៗថា ជាប់ប្រជុំមិនអាចផ្ដល់បទសម្ភាសន៍បានឡើយ។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៧.៧២៣នាក់ ក្នុងនោះ១៣.៦១៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៨៣.២៩៨នាក់  និងស្លាប់សរុប ១.៧៤៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here