មនុស្សយ៉ាងតិច ២ នាក់ ស្លាប់ ដោយសារភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសបារាំង

0
107

ក្រៅពីបានសម្លាប់មនុស្សយ៉ាងហោច ២ នាក់ ភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសបារាំង បានបណ្តាលឲ្យមនុស្ស ២២នាក់ រងរបួស និងកំពុងគ្រប់ដណ្តប់លើផ្ទៃដី ចំនួនប្រមាណ ៧ ពាន់ហិកតា ឯលើភ្នំក្រោយ រមណីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Saint-Tropez។ មានក្រុមអ្នកពន្លត់អគ្គិភ័យ ចំនួន ៥ នាក់ បានរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។ ក្រុមអ្នកពន្លត់អគ្គិភ័យទាំងអស់សរុបប្រមាណ ១ ២០០ នាក់ ត្រូវបានដាក់ពង្រាយ ហើយសកម្មភាពពន្លត់ធ្វើឡើងដោយប្រើទុយោសម្ពាធខ្ពស់ យន្តហោះទម្លាក់គ្រាប់បែកទឹក និងឧទ្ធម្ភាគចក្រ ដើម្បីគ្រប់គ្រងអណ្តាតភ្លើងបាន។ ហេតុការណ៍នេះ បានបង្ខំឲ្យអាជ្ញាបារាំងជម្លៀសមនុស្សរាប់ពាន់នាក់ ចេញពីផ្ទះសម្បែង និងកន្លែងបោះជំរុំរបស់ពួកគេ។ គិតត្រឹមយប់ថ្ងៃពុធ ក្រុមអ្នកពន្លត់អគ្គីភ័យនៅមិនអាចគ្រប់គ្រងភ្លើងព្រៃដែលកំពុងឆេះនោះបានទេ ព្រោះខ្យល់បក់បោកខ្លាំង និងបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅកន្លែងថ្មីទៀត។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ បានចាកចេញពី កន្លែងសម្រាកនារដូវក្តៅរបស់លោកក្បែរនោះ ដើម្បីថ្លែងអរគុណដល់ក្រុមអ្នកពន្លត់អគ្គីភ័យ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ ភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសបារាំង បានចាប់ឆាបឆេះ នៅក្នុងតំបន់អភិរក្សធម្មជាតិ Plaine de Maures ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ពីទីក្រុង Saint-Tropez។ រលក កំដៅខ្លាំងបានវាយប្រហារយ៉ាងសន្ធឹកលើទីតាំងជាច្រើន នៃតំបន់មេឌីទែរ៉ាណេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមានភ្លើងឆេះព្រៃ នៅអេស្ប៉ាញ ក្រិក និងតួកគី។ តំបន់មេឌីទែរ៉ាណេ កាន់ប្រឈមមុខ ទៅនឹងគ្រោះភ្លើងឆេះព្រៃ ដែលបណ្តាលមកពីអាកាសធាតុស្ងួត និងសីតុណ្ហភាពក្តៅខ្លាំងក្នុងរដូវក្តៅ។ អ្នកវិទ្យាសាស្ត្រអាកាសធាតុ បានព្រមានថា តំបន់មេឌីទែរ៉ាណេនឹងជួបគ្រោះភ្លើងឆេះព្រៃញឹកញាប់ និងជាធម្មតា ដោយសារការឡើងកម្តៅផែនដី ដែលកើតចេញពីស្នាដៃរបស់មនុស្ស៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here