តើចិនអាចទាញផលចំណេញអ្វីខ្លះ ពីបរាជ័យអាមេរិកនៅអាហ្វហ្កានីស្ថាន?

0
44

យើងដឹងហើយថា ចិន និងអាមេរិក គឺជាគូប្រជែងដ៏ធំនឹងគ្នា ដូច្នេះភាពអាម៉ាស់របស់អាមេរិកនៅក្នុងសង្រ្គាមអាហ្វហ្កានីស្ថាននេះ គួរតែជាចំណុចវិជ្ជមានមួយសម្រាប់ចិន។ ចិនលែងមានវត្តមានកងទ័ពអាមេរិក នៅជាប់របងផ្ទះ ហើយអស់ពីរដ្ឋាភិបាលស្និទ្ធិអាមេរិកនៅកាប៊ុល ចិនអាចនឹងងាយស្រួលក្នុងការបង្កើនឥទ្ធិពលនៅអាហ្វហ្កានីស្ថាន ទាញអាហ្វហ្កានីស្ថានឲ្យចូលមកក្នុងគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ ដោយភ្ជាប់ទៅកាន់តំបន់អាស៊ីកណ្តាល ព្រមទាំងអាចបង្កើនវិនិយោគទាញយកផលចំណេញសេដ្ឋកិច្ច ក៏ដូចជា ធនធានធម្មជាតិនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ប៉ុន្តែក៏មានហានិភ័យសម្រាប់ចិន ហើយបញ្ហាប្រឈមដ៏ចម្បងបំផុត ដែលចិនត្រូវបារម្ភ គឺអស្ថិរភាពនៅអាហ្វហ្កានីស្ថាន ដែលអាចគំរាមកំហែងដល់សន្តិសុខ បង្កឡើងដោយភេរវកម្មអ៊ីស្លាមជ្រុលនិយម ទាក់ទងនឹងបញ្ហាអ៊ុយហ្គួរ។ ហានិភ័យនេះអាចកើតឡើង ក្នុងករណីមានអស្ថិរភាពនៅអាហ្វហ្កានីស្ថាន តែក៏អាចកើតមានដែរ ក្នុងករណីមានស្ថិរភាព តែអំណាចស្ថិតក្នុងដៃក្រុមតាលីបង់ ដែលជាក្រុមអ៊ីស្លាមប្រកាន់តឹង ហើយមានមនោគមន៍សាសនាដូចគ្នា ទៅនឹងជនជាតិអ៊ុយហ្គួរនៅចិន។ ទោះជាយ៉ាងណា ចិនអាចមើលឃើញនូវចំណុចវិជ្ជមានមួយ គឺនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន កាលពីចុងខែកក្កដា មេដឹកនាំជាន់ខ្ពស់តាលីបង់ បានសន្យាថា ពួកគេនឹងមិនឲ្យក្រុមណាមួយ យកទឹកដីអាហ្វហ្កានីស្ថានធ្វើជាមូលដ្ឋាន ដើម្បីបង្កអសន្តិសុខនៅក្នុងទឹកដីចិននោះទេ។

ជាថ្នូរមកវិញ ចិនសន្យាថា នឹងផ្តល់នូវការគាំទ្រខាងផ្នែកសេដ្ឋកិច្ច និងវិនិយោគ ដើម្បីជួយស្តារប្រទេសអាហ្វហ្កានីស្ថានឡើងវិញ ហើយកាលពីថ្ងៃចន្ទកន្លងទៅ ក្រោយពីក្រុមតាលីបង់ចូលដល់ក្រុងកាប៊ុល មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ចិនត្រៀមខ្លួនបង្កើតទំនាក់ទំនងជាមិត្តភាព ជាមួយអាហ្វហ្កានីស្ថាន។ ទោះជាយ៉ាងណា ជំហររបស់មេដឹកនាំតាលីបង់ចំពោះចិន នាពេលថ្មីៗចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា ជារឿងដែលអាចទៅរួច ដែលថា អាហ្វហ្កានីស្ថានក្រោមការដឹកនាំរបស់តាលីបង់ ទោះបីមានមនោគមន៍សាសនាផ្ទុយគ្នានឹងចិន តែគោលគំនិតបែបប្រាកដនិយម អាចនឹងបើកផ្លូវឲ្យភាគីទាំងពីរសហការគ្នាបាន ដើម្បីស្វែងរកប្រយោជន៍រួម។ ចិនសំឡឹងឃើញផលប្រយោជន៍ខាងផ្នែកវិនិយោគ និងសន្តិសុខ ចំណែកតាលីបង់វិញ ក៏សំឡឹងឃើញផលប្រយោជន៍សេដ្ឋកិច្ចពីខាងចិន និងអាចយកចិន ជាបង្អែកនយោបាយនៅលើឆាកអន្តរជាតិ។ ចិន ក្រៅពីមានគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ និងមិនរវីរវល់នឹងបញ្ហាសិទ្ធិមនុស្ស នៅមានទឡ្ហីករណ៍ចម្បងមួយទៀត ចំពោះពួកតាលីបង់ គឺចិនមិនដែលចូលឈ្លានពានអាហ្វហ្កានីស្ថាន ហើយក៏មិនដែលធ្វើសង្រ្គាមទល់នឹងពួកតាលីបង់នោះដែរ គឺខុសពីសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលសុទ្ធតែមានប្រវត្តិធ្លាប់ចូលឈ្លានពានអាហ្វហ្កានីស្ថាន និងច្បាំងទល់នឹងពួកតាលីបង់៕ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here