សម្តេច​តេ​ជោ ហ៊ុន សែន​៖«​ខ្ញុំ​អាច​បញ្ចាំ​ផ្ទះ​យកលុយ​ទៅ​ទិញ​មៀន​ពី​កសិករ​,​តែ​ខ្ញុំ​ពុំមាន​លទ្ធភាព​ជួយ​ទិញ​ពី​ម្ចាស់​ដី​ដែលមាន​ចំការ​មៀន​ច្រើន​នោះទេ​…»

0
50

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រលប់​ថ្ងៃទី​១៨​ខែ សីហា ២០២១ នេះ​ធ្វើការ​បញ្ជាក់​ទៅកាន់​នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ,​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ត្រូវ​ចងចាំ​ពាក្យ (​ទិញ​ពី​កសិករ​)​គឺ​សំដៅ​ដល់​កសិករ​ក្រីក្រ​ដែល​ដាំ​មៀន​ដោយផ្ទាល់ ។ សម្តេច​បាន​ថ្លែងថា​ខ្ញុំ​អាច​បញ្ចាំ​ផ្ទះ​យកលុយ​ទៅ​ទិញ​មៀន​ពី​កសិករ​ដែល​កំពុង​ជួប​ការលំបាក​តែ​ខ្ញុំ ពុំមាន​លទ្ធភាព​ជួយ​ដល់​ម្ចាស់​ដី​ដែលមាន​ចំការ​មៀន​ច្រើន​នោះទេ​សុំ​ការយោគយល់​ផង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​ថា​៖«​ថ្មីៗ​នេះ​ខ្ញុំ​បានចេញ​បញ្ជា​ឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ដឹកនាំ​កម្លាំង​ទៅ​ប្រមូល​ទិញ​ផ្លែ មៀន​ពី​កសិករ​ដែល​មិនអាច​រក​ទីផ្សារ​ដើម្បី​លក់​មៀនបាន ។ នៅពេល​ប្រមូល​ទិញ​បាន​ខ្ញុំ​នឹង​យកទៅ​ចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូន​ដែល កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទទួលទាន​ដោយ​មិន​គិតថ្លៃ »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថា​នេះ​ជា​វិធី​ដោះ​ទាល់​ក្នុង​កាលទេសៈ​ដ៏​លំបាក​កុំឱ្យ​កសិករ​ក្រីក្រ​យើង​ខាតបង់​ធ្ងន់ធ្ងរ​ពេក​ហើយ​ខ្ញុំ​ក៏​មិន​ប្រើ​ថវិកាជាតិ​ដើម្បី​ទិញ​នោះ ដែរ ។​

​សម្តេច​បន្តថា​៖​ជា​ដំណោះស្រាយ​សម្រាប់​រយៈពេល​ខាងមុខ​គឺ​ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្ត​បាត់ដំបង និង អភិបាលខេត្ត​ប៉ៃលិន​ត្រូវខិតខំ​ដោះស្រាយ រក​ទីផ្សារ​ជូន​កសិករ​យើង ។

​សម្តេច​ក៏បាន​គូសបញ្ជាក់​ទៀតថា​៖«​ឯកឧត្តម ហ៊ីង ប៊ុន​ហៀ​ង ,​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​,​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ត្រូវ​ចងចាំ​ពាក្យ (​ទិញ​ពី​កសិករ​)​សំដៅ​ដល់​កសិករ​ក្រីក្រ​ដែល​ដាំ​មៀន​ដោយផ្ទាល់​។​សម្រាប់​ចំការ​មៀន​របស់​មន្ត្រី​ទាំង​ស៊ីវិល​ទាំង​កងកម្លាំងប្រដាប់អាវុធ​ឬ​របស់​ឧកញ៉ា អ្នកឧកញ៉ា ឬ អ្នក ជំនួញ​ត្រូវ​រក​ទីផ្សារ​ដោយ​ខ្លួនឯង​»​។​

​សម្តេច​បន្តថា​៖« ខ្ញុំ​អាច​បញ្ចាំ​ផ្ទះ​យកលុយ​ទៅ​ទិញ​ពី​កសិករ​ដែល​កំពុង​ជួប​ការលំបាក​តែ​ខ្ញុំ​ពុំមាន​លទ្ធភាព​ជួយ​ដល់​ម្ចាស់​ដី​ដែលមាន​ចំការ​មៀន​ច្រើន​នោះទេ​សុំ​ការ​យោគ យល់​ផង​»៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here