រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងដល់ប្រជាកសិករទូទាំងខេត្តប៉ៃលិន ស្តីពីការទិញផ្លែមៀន ឬតាង៉ែន ក្នុងតម្លៃសមរម្យ នៅតាមចំការផ្ទាល់ខ្លួនរបស់កសិករ

0
46

_ស្របពេលដែលផលិតផលកសិកម្មលើដំណាំផ្លែមៀន និង ផ្លែតាង៉ែន របស់ប្រជាកសិករនៅបណ្តាខេត្តជាប់តាមព្រំដែនកម្ពុជា-ថៃ ជាពិសេសខេត្តប៉ៃលិនដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩ នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។

ឯកឧត្ដម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានផ្តល់បទសំភាសន៍តាមទូរស័ព្ទ មុននេះបន្តិចថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុក ដូចជាផ្លែមៀន ឬតាង៉ែន ដែលបច្ចុប្បន្នកំពុងជួបនឹងបញ្ហាទីផ្សារក្នុងការលក់ដូរ ជាពិសេសការនាំចេញទៅប្រទេសថៃ ។ ដើម្បីដោះស្រាយការលំបាកចំពោះមុខនេះ សម្តេចទាំងទ្វេរនឹងទទួលទិញពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ដែលផ្លែមៀន ឬតាង៉ែន យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្តេច ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដោយសហការណ៍ជាមួយរដ្ឋបាលខេត្តប៉ៃលិន គឺចុះទិញកសិផលទាំងនេះ នៅតាមចម្ការផ្ទាល់ របស់ កសិករ ទូទាំងខេត្តប៉ៃលិន ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានផ្តល់ព័ត៌មានថា ឆ្នាំ២០២១នេះ ផ្ទៃដីដាំដុះផ្លែមៀន ឬតាង៉ែន មានផ្ទៃដី៤៦៥០ហិចតា បើធៀបឆ្នាំមុន ៤៦០០ហិចតា កើន៥០ហិចតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here