បន្ទាយមានជ័យៈ ក្រុមការងារភាគីថៃ កម្ពុជា បានស្នើ និងរៀបចំ អោយពលករ កម្មករខ្មែរ ដែលប្រកបរបរ និងជាប់គាំងនៅម្តុំផ្សាររោងក្លឿ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ អាចវិលត្រឡប់មកប្រទេសកម្ពុជា តាមច្រកព្រំដែនណូនម៉ាក់មុន ស្រុកគោកស៊ូង – អូរបីជាន់ ស្រុកអូរជ្រៅ និងច្រក ព្រំដែន តាប្រាយ៉ា ស្រុកតាប្រាយ៉ា -បឹងត្រកួន ស្រុកថ្មពួក ក្នុងចំនួន ៥០០ នាក់ ក្នុងថ្ងៃៗ ។
ការស្នើបែបនេះ បានធ្វើឡើង ដោយយោងតាមលទ្ធភាព នៃមធ្យោបាយរៀបចំ ដឹកជញ្ជូន បែបបទ និងវិធានការសុខាភិបាល លើការយកសំណាកការបញ្ជូនទៅ មន្ទីរពេទ្យ ឬមណ្ឌលព្យាបាល (សម្រាប់អ្នកវិជ្ជមាន) និងបញ្ជូនទៅមណ្ឌល ចត្តាឡីស័ក សម្រាប់អ្នកអវិជ្ជមាន ។
នេះបើយោងក្រុមការងារ នៃភាគីទាំង២ បានប្រាប់សារព័ត៌មាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
សូមរំលឹកថា ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យ បើកព្រំដែនកម្ពុជា ថៃ សម្រាប់ពលករខ្មែរ នៅប្រទេសថៃ អាចវិលមកមាតុប្រទេស ឡើងវិញ ក្រោយប្រកាសបិទខ្ទប់ រយៈពេល ១៤ ថ្ងៃ ត្រឹមម៉ោង ១១និង៥៩នាទី អធ្រាត្រ ថ្ងៃទី១២ ខែសីហា ឬអាចថា ត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា កន្លងមក ពលករខ្មែរ រាប់រយពាន់នាក់ ដែលជាប់គាំង នៅតាមជំរំតង់ តាមខ្សែបន្ទាត់ព្រំដែន និងតាមកន្លែង ផ្សេងទៀត អាចវិលត្រឡប់ ចូលប្រទេសកម្ពុជា បានវិញ។ ក្នុងនោះ ក្រុមការងារ អាជ្ញាធរ កងកម្លាំង គ្រូពេទ្យ បានយកសំណាក និងដឹកជញ្ជូន ទៅមណ្ឌលព្យាបាល និងមណ្ឌលចត្តា ឡីស័ក ជាបន្តបន្ទាប់។
សម្រាប់ច្រកព្រំដែន នៅភូមិសាស្ត្រខេត្តស្រះកែវ បន្ទាយមានជ័យ មានពលករខ្មែរ ប្រមាណ ១.០០០ នាក់ បានវិលវិញ ក្នុង១ថ្ងៃៗ ។ មានពលករខ្មែរ ដែលធ្វើការនៅ ក្នុងប្រទេសថៃ បាននាំគ្នាធ្វើដំណើរ វិលត្រឡប់មកប្រទេសវិញ យ៉ាងច្រើនសន្ទឹក សន្ធាប់ ។ ក្នុងនោះផងដែរ ក៏មានអាជីវករ កម្មករ និងពលករខ្មែរ នៅផ្សាររោងគ្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ក៏បាននាំគ្នាសម្រុកចុះឈ្មោះ សុំវិលត្រឡប់ មកប្រទេសវិញ ផងដែរ។
មានពលករ កម្មករ អាជីវករខ្មែរ យ៉ាងច្រើន ដឹកជញ្ជូនរបស់របរប្រើប្រាស់ រង់ចាំធ្វើ ដំណើរត្រឡប់ មកប្រទេស នៅបរិវេណទ្វារចូលផ្សាររោងគ្លឿ ដោយមានខាងភាគីថៃ និងស្ថានកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ បានរៀចំរថយន្ត ចាំដឹកបងប្អូន ទៅឯច្រក ណូនម៉ាក់មុន -អូរបីជាន់ និងច្រកតាប្រា យ៉ា -បឹងត្រកួនទាំងអស់ ក្នុងមួយថ្ងៃ ២-៣ ជើង ។
ខាងកម្ពុជា បានប្រកាសថា អាចទទួលជនជាតិខ្មែរ ត្រឡប់ចូលប្រទេស បានមិនលើស ៥០០ នាក់ ក្នុងមួយថ្ងៃ ។ ដោយសារតែមានកម្រិត ក្នុងការចាត់ចែង ត្រៀមទីតាំងចត្តា ឡីស័ក រយៈពេល ១៤ ទៅ ២១ ថ្ងៃ ។
យ៉ាងណាក៏ដោយ ក៏ខាងថៃ កម្ពុជា បើកច្រកឲ្យពលករខ្មែរ ឆ្លងដែនចំនួន ៣ ចំណុចគឺៈ ពលករដែល ចូលពីស្រុកគោកឃ្យូង, ស្រុកតាប្រាយ៉ា ចូលតាមច្រកបឹងត្រកួន ដែលនាំយកទៅធ្វើ ចត្តាឡីស័ក នៅសាលាមធ្យមសិក្សាថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដោយឡែក ពលករ ដែលចូលពី ស្រុកអារញ្ញប្រាថេត ត្រូវនាំទៅធ្វើចត្តាឡីស័ក នៅ ២ មណ្ឌលនាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងពលករដែលចូល ពីស្រុកខ្លងហាត ត្រូវនាំទៅធ្វើចត្តាឡីស័ក នៅ ២ មណ្ឌល នាស្រុកសំពៅលូន ខេត្តបាត់ដំបង៕
ប្រភព : រស្មីកម្ពុជា