អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យជំរុញការដាំដុះបន្លែ របស់ប្រជាកសិករក្នុងស្រុកអូររាំងឳ ក្នុងបរិបទកូវីដ១៩ ដោយផ្តល់នូវម៉ូទ័របូមទឹកចំនួន ១៣គ្រឿង និងគ្រាប់ពូជបន្លែ

0
356

ខេត្តត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យការដាំដុះ ការប្រមូលផលបន្លែ និងសួរសុខទុក្ខ បងប្អូនប្រជាកសិករដែលកំពុងដាំដុះបន្លែនៅក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចុះជួបជាមួយបងស្រី ងន់ ស្រីហ៊ា ដែលរស់នៅក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ បានដាំជីរណាលើផ្ទៃដី ៣.០០០ម៉ែត្រការ៉េ ពីដើមខែឧសភា ហើយប្រមូលផលបាន១.៥០០គ.ក្រមកហើយ អាចប្រមូលផលបានពី ៦០គ.ក្រ ទៅ ៨០គ.ក្រក្នុងមួយថ្ងៃ ហើយលក់បោះដុំបានតម្លៃ១ ៨០០រៀល/គ.ក្រ ទៅឲ្យឈ្នួញមកពីក្រុងសួង និងក្នុងស្រុកអូររាំងឪ។ ជីរណា អាចប្រមូលផលពេញមួយឆ្នាំតែម្តង តាមរយៈការដករំលោះដើម ។

បន្ទប់មកឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ១២គ្រួសារ ដែលបានប្រកបមុខរបរដាំបន្លែលើផ្ទៃដីសរុប ១ហិកតា ៣០អារ មានដំណាំដូចជា ស្ពៃតឿ ស្ពៃក្រញ៉ាញ់ សាលាដ ស្លឹកខ្ទឹម ដែលដាំដុះពេញមួយឆ្នាំ ស្ថិតនៅភូមិចង្វារ ឃុំគងជ័យ ស្រុកអូររាំងឪ ។
មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាកសិករទាំង១៣គ្រួសារ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែបារម្មណ៍ពីសុខភាពរបស់បងប្អូន ជាពិសេសក្នុងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ និងបានសំណូមពរឲ្យមានការប្រុងប្រយ័ត្នជានិច្ច ដោយចូលរួមអនុវត្ត ឲ្យបានតាមវិធានសុខាភិបាល ៣ការពារ ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ រក្សាគន្លាត និង ៣កុំ ៣ការពារ ។


ក្នុងវិបត្តិកូវីដ ១៩នេះ រាជរដ្ឋាភិបាល បានចាត់ទុកកសិកម្មជាវិស័យអាទិភាព ក្នុងការរក្សាចំណូលគ្រួសារកសិករ និងរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ ។ ដូច្នេះការដាំដុះបន្លែរបស់បងប្អូន មិនត្រឹមតែបានជាប្រភពចំណូលគ្រួសារប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកជាធាតុផ្សំ នៃស្បៀងក្នុងរបបអាហាររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំយកអំណោយជាម៉ូទ័របូមទឹកចំនួន ១៣គ្រឿង ជូនដល់កសិករ ១៣គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានម៉ូទ័របូមទឹកចំនួន ១គ្រឿង សារុង ១ និងថវិកាមួយចំនួន សម្រាប់បូមទឹកស្រោចស្រពបន្លែ ជាមួយតម្លៃអគ្គិសនីទាប ព្រមទាំងទទួលយកសំណូមពរ ដាក់បង្គោលបន្ថែម៣ដើម និងដីក្រហម ១០ឡានផងដែរ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here