តា​លី​បង់​ជា​នរណា​?

0
70

តា​លី​បង់ ដែល​ហៅ​ខ្លួនឯង​ថា អេ​មីរ៉ា​ត​អ៊ីស្លា​មអា​ហ្វ​ហ្គានី​ស្ថាន (IEA) គឺជា​ចលនា​អ៊ីស្លាម​ដេ​អូ​បានី​និង​ជា​អង្គការ​យោធា​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​សង្គ្រាម (​ការបះបោរ​ឬ​ជី​ហាដ​) និង​ដណ្តើម​កាន់កាប់​អំណាច​សាជាថ្មី​នៅក្នុង​ប្រទេស​។ ចាប់តាំងពី​ឆ្នាំ ២០១៦ មេដឹកនាំ​តា​លី​បង់​គឺ​មានឈ្មោះ ម៉ា​វ​ឡា​វី ហ៊ី​បា​ទូល​ឡា អា​ឃុន​ហ្សា​ដា​។ នៅ​ឆ្នាំ ២០២១ តា​លី​បង់​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​អ្នក​ប្រយុទ្ធ​ចំនួន ២០ ម៉ឺន​នាក់​។​

​ចាប់ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១ តា​លី​បង់​បាន​កាន់​អំណាច​ប្រមាណ ៣ ភាគ ៤ នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​បាន​អនុវត្ត​ការបកស្រាយ​យ៉ាង​តឹងរ៉ឹង​អំពី​ច្បាប់​សារៀ​ឬ​ច្បាប់​អ៊ីស្លាម​។​

​ក្រុម​តា​លី​បង់​បាន​លេចឡើង​នៅ​ឆ្នាំ ១៩៩៤ ជា​ក្រុម​លេចធ្លោ​មួយ​នៅក្នុង​សង្គ្រាម​ស៊ីវិល​អា​ហ្វ​ហ្គានី​ស្ថាន និង​ភាគច្រើន​ជា​និស្សិត (​ជនជាតិដើម​តា​លី​ប​)​មកពី​តំបន់​ប៉ា​ស្តា​ន់​ភាគ​ខាងកើត​​និង​ខាងត្បូង​អា​ហ្វ​ហ្គានី​ស្ថាន ដែល​បាន​ទទួល​ការអប់រំ​នៅ​សាលា​អ៊ីស្លាម​ប្រពៃណី​ហើយ​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​សូ​វៀត​និង​អា​ហ្វ​ហ្គានី​ស្ថាន​។ ក្រោម​ការដឹកនាំ​របស់​លោក​ម៉ូ​ហា​ម៉េត អូ​ម៉ា ចលនា​នេះ​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​បាន​បន្ត​អំណាច​ពី​ក្រុម​អ្នក​ចម្បាំង មូចា​ហ៊ី​ឌីន (Mujahideen) ។ ​របប​ផ្តាច់កា​រអេមី​រ៉ាត​អ៊ីស្លា​មអា​ហ្វ​ហ្គានី​ស្ថាន​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ហើយ​រដ្ឋធានី​អា​ហ្វ​ហ្គានី​ស្ថាន​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​ទីក្រុង​កាន់​ដា​ហា​។ ​តា​លី​បង់​បាន​គ្រប់គ្រង​ប្រទេស​ភាគច្រើន​រហូត​ត្រូវ​ផ្តួលរំលំ​បន្ទាប់​ពី​ការ​លុកលុយ​ដឹកនាំ​ដោយ​អាម៉េរិក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ខែ​ធ្នូ​ឆ្នាំ ២០០១ បន្ទាប់​ពី​ការវាយប្រហារ​ថ្ងៃទី ១១ ខែ​កញ្ញា​។​នៅ​​ចំណុច​កំពូល​របស់​ខ្លួន រដ្ឋាភិបាល​តា​លី​បង់​ត្រូវ​ទទួលស្គាល់​ខាង​ការទូត​ជា​ផ្លូវការ​ដោយ​ប្រទេស​បី​ប៉ុណ្ណោះ​គឺ​ប៉ា​គី​ស្ថាន អា​រ៉ាប៊ីសាអូឌីត និង​អារ៉ាប់​រួ​អេ​មី​រ៉ា​ត​។​ក្រោយមក​ក្រុម​នេះ​បាន​ប្រមូល​​ផ្តុំគ្នា​ឡើងវិញ​ជា​ចលនា​បះបោរ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋបាល​លោក​កាហ្សៃ​ដែល​គាំទ្រ​ដោយ​អាម៉េរិកនិង​កងកម្លាំ​ង​ជំនួយ​សន្តិសុខ​អន្តរជាតិ​ដឹកនាំ​ដោយ​ណា​តូ​ក្នុង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​តា​លី​បង់​ត្រូវបាន​ថ្កោលទោស​ជា​អន្តរជាតិ​ចំពោះ​ការអនុវត្ត​ដ៏​តឹងរ៉ឹង​នៃ​ច្បាប់​អ៊ីស្លាម​សារៀ ដែលនាំឱ្យ​មាន​ការ​ធ្វើ​បាប​យ៉ាង​ឃោរឃៅ​ទៅលើ​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថាន​ជាច្រើន​។ ​ក្នុង​អំឡុងពេល​នៃ​ការគ្រប់គ្រង​របស់​ពួក​តា​លី​បង់​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១ តា​លី​បង់​និង​សម្ពន្ធមិត្ត​របស់​ពួកគេ​បាន​ធ្វើ​ការសម្លាប់​រង្គាល​ជន​ស៊ីវិល​អា​ហ្វ​ហ្គានី​ស្ថាន​បដិសេធ​ការផ្តល់​ស្បៀង​​អាហារ​របស់​អង្គការសហប្រជាជាតិ​ដល់​ជន​ស៊ីវិល​ដែល​កំពុង​អត់ឃ្លាន​ចំនួន ១៦០.០០០ នាក់ និង​អនុវត្ត​គោលនយោបាយ “​ដុត​បំផ្លាញ​ផែនដី​” ដោយ​ដុត​កម្ទេច​ដី​មាន​ជីជាតិ និង​បំផ្លាញ​ផ្ទះ​​រាប់​ម៉ឺន​ខ្នង​។ ខណៈ​ក្រុម​តា​លី​បង់​គ្រប់គ្រង​អា​ហ្វ​ហ្គានី​ស្ថាន ពួកគេ​បាន​ហាមឃាត់​សកម្មភាព​នានា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​ទាំង​ការ​គូរ​គំនូរ ការថតរូប និង​ការមើល​ភាពយន្ត​និង​ហាមឃាត់​​តន្ត្រី​ផងដែរ​។

​តា​លី​បង់​បាន​រារាំង​ស្ត្រី​មិន​ឱ្យ​ចូល​សាលារៀន ហាមឃាត់​ស្ត្រី​មិនឱ្យ​ធ្វើ​ការងារ​ក្រៅ​ប្រព័ន្ធ​ថែទាំ​សុខភាព (​គ្រូពេទ្យ​ប្រុស​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ជួប​ស្ត្រី​)​និង​តម្រូវ​ឱ្យ​ស្ត្រី​ត្រូវ​តែ​អមដំណើរ​ដោយ​​សាច់ញាតិ​ជា​បុរស​និង​ស្លៀកពាក់​ឈុត​បួ​រកា​គ្រប់ពេល នៅពេល​ស្ថិតនៅ​ទីសាធារណៈ​។ ប្រសិន​បើ​ស្ត្រី​បំពាន​ច្បាប់​ទាំងនេះ ពួកគេ​ត្រូវ​គេ​វាយដំ​ឬ​ប្រហារជីវិត​ជា​សាធារណៈ​។ ​សាសនា​និង​ជនជាតិភាគតិច​ត្រូវបាន​រើសអើង​យ៉ាងខ្លាំង​អំឡុង​ពេល​ពួក​តា​លី​បង់​គ្រប់គ្រង​ប្រទេស​។ យោងតាម​អង្គការសហប្រជាជាតិ​ក្រុម​តា​លី​បង់​និង​សម្ពន្ធមិត្ត​របស់​ពួកគេ​ទទួល​ខុស​​ត្រូវ​ចំពោះ​ការស្លាប់​ជន​ស៊ីវិល​អា​ហ្វ​ហ្គានី​ស្ថាន​៧៦ ភាគរយ​ក្នុង​ឆ្នាំ ២០១០ និង​៨០ ភាគរយ​ក្នុង​ឆ្នាំ ២០១១ និង ២០១២ ។ ក្រុម​តា​លី​បង់​ក៏​បាន​ចូលរួម​ក្នុង​អំពើ​ប្រល័យពូជសាសន៍​វប្បធម៌​ផងដែរ ដោយ​បាន​បំផ្លាញ​បូជនីយដ្ឋាន​ជាច្រើន​រួម​ទាំង​ព្រះ​ពុទ្ធរូប បា​មី​យ៉ាន ដែល​មាន​អាយុកាល ១.៥០០ ឆ្នាំ​ដ៏​ល្បីល្បាញ​។​

​មនោគមវិជ្ជា​របស់​តា​លី​បង់​ត្រូវបាន​ពណ៌នា​ថា​ជា ការរួម​បញ្ចូល​គ្នា​នូវ​ទម្រង់​ថ្មី​នៃ​ច្បាប់​អ៊ីស្លាម​សារៀ​ដោយ​ផ្អែក​លើ​មូលដ្ឋានគ្រឹះ​និយម​ដូ​បាឌី​និង​អ៊ីស្លាម​ជ្រុលនិយម​រួម​បញ្ចូល​គ្នា​ជាមួយ​បទដ្ឋាន​​សង្គម​និង​វប្បធម៌​របស់​ពួក​ប៉ា​ស្តា​ន់ ដែល​គេ​ស្គាល់​ថា ប៉ា​ស្តា​ន់​វ៉ា​លី ដោយសារ​តា​លី​បង់​ភាគច្រើន​ជា​កុល​សម្ពន្ធ​ប៉ា​ស្តា​ន់​។​

​ទីភ្នាក់ងារ​អន្តរ​ចារកម្ម​និង​យោធា​របស់​ប៉ា​គី​ស្ថាន​ត្រូវបាន​សហគមន៍​អន្តរជាតិ​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ចោទប្រកាន់​យ៉ាង​ទូលំទូលាយ​ថា​បាន​ផ្តល់​ការគាំទ្រ​ដល់​ក្រុម​តា​លី​បង់​ក្នុងអំឡុង​ការបង្កើត​ក្រុម​នេះ​ឡើង​និង​អំឡុង​ពេល​ពួកគេ​កាន់អំណាច ហើយ​បាន​បន្ត​គាំទ្រ​ក្រុម​តា​លី​បង់​ក្នុង​អំឡុង​ពេល​បះបោ​រ​បច្ចុប្បន្ន​។

​ប៉ា​គី​ស្ថាន​បានបញ្ជាក់​ថា​ខ្លួន​បាន​ទម្លាក់​ចោល​រាល់​ការគាំទ្រ​ទាំង​អស់​ចំពោះ​ក្រុម​នេះ​បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី ១១ ខែ​កញ្ញា​។ នៅ​ឆ្នាំ ២០០១ តាម​សេចក្តីរាយការណ៍ ជនជាតិ​អារ៉ាប់​ចំនួន ២.៥០០ នាក់​ដែល​ស្ថិតនៅក្រោម​ការបញ្ជា​រប​ស់មេ​ដឹកនាំ​ក្រុម​អាល់​កៃ​ដា លោក អូ​សា​ម៉ា ប៊ី​ន​ឡាដិន បាន​ប្រយុទ្ធ​ឱ្យ​ក្រុម​តា​លី​បង់​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here