មេរងប៉ូលីសស្រុកឆែបត្រវបានដកមកបញ្ឈរជើងដោយសារផ្ទុះអាវុធបាញ់សម្លាប់គោ២ក្បាល

0
328

អធិការរងម្នាក់ មានឋានៈស័ក្តិ២
ទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប ត្រូវបានស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា សម្រេចដកយកមកបញ្ឈរជើង «ផ្អាកពីការងារជានគរបាលជាតិជាបណ្តោះអាសន្ន» ក្រោយរកឃើញកំហុសធ្ងន់ធ្ងរមួយ ដែលផ្ទុយពីវិន័យជាកងកម្លាំង បន្ទាប់ពីអធិការរងរូបនេះ បានផ្ទុះកំហ៊ឹង និងទាញយកកាំភ្លើងមកបាញ់សម្លាប់សត្វគោ ២ក្បាល របស់អ្នកស្រុកទាំងកម្រោល ខណៈសត្វគោ១ហ្វូង កំពុងដើរកាត់វាលស្រែរបស់ខ្លួន ដែលបានភ្ជួររួច នៅក្នុងរដូវប្រាំងនេះ។ ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១ឧសភាឆ្នាំ២០២១ ស្ថិតនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមលិខិតលេខ ៧៦/២១ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១ឧសភាឆ្នាំ២០២១ បានបង្ហាញថា ស្នងការដ្ឋាននគរបាលខេត្ត បានសម្រេចដាក់ចេញ ៣ប្រការ ដោយប្រការ១ ត្រូវបានផ្អាកកាងារជាបណ្តោះអាសន្ន លោកអនុសេនីយ៍ទោ អៀ គាវាសនា មានអត្តលេខ ៦១២១១ ឋានៈជានាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ,ប្រការ២ សាម៉ីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្តីសម្រេចជាថ្មី ,ប្រការ៣ លោកស្នងការងផែនការងារធនធានមនុស្ស និងលោកស្នងការងផែការងារសេនាធិការ លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកឆែប អង្គភាពពាក់ព័ន្ធ និងលោកអនុសេនីយ៍ទោ អៀ គាវាសនា ត្រូវអនុវត្តន៍តាមសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ជុំវិញរឿងបាញ់សម្លាប់សត្វគោអ្នកស្រុកនេះ អធិការនគរបាលស្រុកឆែប លោកវរៈសេនីយ៍ឯក ឈួរ ម៉ាឌី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោក អៀគា វាសនា ហៅ ពែក ដែលជាអធិការរងស្រុកឆែប បានផ្តល់សម្លើយមកថា ខណៈដែលគាត់បានយកកាំភ្លើង AK47 មកបាញ់សត្វគោអ្នកស្រុកបណ្តាលឲ្យងាប់ ២ក្បាលនោះ មកពីខ្លួនគាត់ខឹងខ្លាំងពេក ទប់ចិត្តមិនបាន ដោយសារស្តាយដំណាំ ព្រោះសត្វគោទាំងនេះ បានចូលជាន់ស្រូវពង្រួស របស់គាត់ជារៀងរាល់ថ្ងៃ ហើយកន្លងមកគាត់ធ្លាប់បានទៅជម្រាបដល់ម្ចាស់គោ ជាច្រើនលើកច្រើនសារមកហើយដែរ។

លោកអធិការបានបន្តថា នៅរយៈកាលកន្លងមកគាត់ក៏ធ្លាប់បានរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យធ្វើការផ្សព្វផ្សាយ ជាដំណឹងដល់ម្ចាស់គោ ព្រោះការដាំដំណាំក៏ចង់បានផលដែរ តែការជូនដំណឹងនេះ មិនមានប្រសិទ្ធភាពទាល់តែសោះ ព្រោះម្ចាស់គោទាំងនោះ នៅតែមិនស្តាប់ និងថែមទាំងបានលែងឲ្យដើរពាសវាលវាសកាល ចូលមកស៊ីដំណាំរបស់គាត់ជាបន្តបន្ទាប់ រហូតដល់មានការបាញ់សម្លាប់សត្វគោទាំងនោះ ងាប់អស់ ២ក្បាល ដូចឃើញនៅក្នុងពេលនេះស្រាប់។
លោកអធិការនគរបាលស្រុកឆែប បានបញ្ជាក់ថា ក្រោយហេតុការណ៍ដែលបានកើតឡើងនេះ ភាគីទាំងសងខាង ក៏មានការសម្របសម្រួលគ្នា ដោយម្ចាស់គោ ឈ្មោះ ផេង ផល ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រពន្ធឈ្មោះ រឹម សៀក អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយនៅក្នុងការសម្របសម្រួលនោះ ពីដំបូងភាគីខាងម្ចាស់គោ យល់ព្រមទទួលយកសំណងជាប្រាក់ ៥លានរៀល ប៉ុន្តែ ក្រោយមកប្រកែកមិនព្រមទទួលយកវិញ ព្រោះខឹងនឹងលោកអធិការរងរូបនេះ ឲ្យលុយត្រឹម ៤លាន ៥សែនរៀល មិនគ្រប់តាមការព្រមព្រៀង។
ទាក់ទិននឹងបញ្ហាផ្លូវច្បាប់នោះវិញ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានបង្ហាញឆន្ទៈថា បើទោះបីភាគីទាំងសងខាង បានព្រមព្រៀងគ្នា បញ្ចប់ទំនាស់នេះក៏ដោយចុះ ប៉ុន្តែ ភាគីជនដៃដល់ នៅតែជាប់ក្នុងបណ្តឹងអាជ្ញា គឺព្រះរាជអាជ្ញា ធ្វើជាដើមបណ្តឹងលើសំណុំរឿងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here