អ្នកភូមិនៅស្រុកពួក ផ្តួចផ្តើមកៀងគរថវិកា ស្ដារប្រឡាយទឹក ដាក់លូ និងជួសជុលផ្លូវ ដើម្បីងាយស្រួលធ្វើចរាចរណ៍ និងផ្គត់ផ្គង់ទឹកធ្វើស្រែ

0
517

ទោះបីជំងឹកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍ នៃខេត្ដសៀមរាបក្ដី ប៉ុន្ដែអ្នកភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប បានផ្តួចផ្តើមគំនិតគ្នាកៀងគរថវិកា ក្នុងការជួសជុលផ្លូវ ដាក់លូ និងស្ដារប្រឡាយទឹកមួយខ្សែ ដើម្បីងាយស្រួលការធ្វើដំណើរដឹកកសិកផលដំណាំកសិកម្ម ព្រមទាំងនាំទឹកទុកស្រោចស្រប់ស្រូវប្រាំង និងស្រូវវស្សា។
លោក ប៊ុន គឿម មេភូមិពួកចាស់ ឃុំពួក ស្រុកពួក លោកមានប្រសាសន៍កាលពីថ្ងៃទី០២ ខែឧសភានេះថា ប្រឡាយទឹកនេះ មានទំហំមាត់លើ ៥ម៉ែត្រ ជម្រៅ២ម៉ែត្រ។ ចំណែកផ្លូវសងខាងប្រឡាយម្ខាងមានទំហំប្រវែងទទឹង ៥ម៉ែត្រ ត្រូវបានជួសជុល និងស្ដារវាចាប់ពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ កន្លងមកនេះ ដោយបានថវិកាពីសប្បុរសជនក្នុងភូមិជួយឧបត្ថម្ភគាំទ្រ។លោកថា ប្រព័ន្ធទឹក និងផ្លូវនេះបានចំណាយថវិកាក្នុងដំណាក់កាលជួសជុលលើកទី១ ប្រវែង៥០០ម៉ែត្រ អស់ថវិកាប្រមាណ៥ពាន់ដុល្លា។

លោក បន្តថា ផ្លូវ និងប្រឡាយទឹកនេះមានការលំបាកធ្វើចរាចរណ៍ជាច្រើនឆ្នាំមកហើយ និងមិនដែលមានអ្នកណាស្ដារវានោះទេ ទើបតែប្រជាពលរដ្ឋ សហការជួយចេញថវិកានាពេលនេះ ដើម្បីងាយស្រួលធ្វើចរាចរណ៍ និងសម្រួលប្រព័ន្ធទឹកស្រោចស្រប់ដំណាំកសិកម្ម និងដឹកជញ្ជូនទំនិញកសិផលដំណាំកសិកម្ម ខណ:ដែលប្រជាពលរដ្ឋនៅតំបន់នោះស្ទើរ១០០% ជាអ្នកធ្វើស្រែចំការឆ្លងកាត់តាមផ្លូវនោះ។ លោកមេភូមិរូបនោះ បន្ថែមថា ការស្ដារប្រឡាយ និងជូសជុលឡើងវិញនេះ ធ្វើឡើងប្រមាណជា ៥ថ្ងៃមកហើយ។ លោក ក៏បានអំពាវដល់សប្បុរសជនជួយឧបត្ថម្ភថវិកាបន្ថែមទៀត ដើម្បីមានលទ្ធភាពស្ដារប្រឡាយ និងផ្លូវទៅមុខបន្ដទៀត ខណ:ដែលគ្រឿងចក្របាននឹងកំពុងធ្វើប្រវែង៥០០ម៉ែត្រហើយ។

លោក ព្រហ្ម មេត្ដា ជាអ្នកភូមិពួកចាស់មួយរូប ដែលបានចូលរួមថវិកាច្រើនជាងគេនោះ លោកបានលើកឡើងថា ប្រព័ន្ធធារាសាស្ដ្រ និងផ្លូវនេះ មានសារ:សំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋនៅទីនេះ ដែលមានអ្នកភូមិធ្វើដំណើរ និងប្រើប្រាស់ទឹកប្រឡាយនេះជាច្រើនភូមិ ជាពិសេសអាចស្រោចស្រូវដំណាំកសិកម្មអ្នកភូមិពួកចាស់ព្រោះទឹកនេះបានហូរចេញពីទំនប់បារាណ៍ទឹកថ្លាខាងលិចអង្គរវត្ដ។ លោកបានបន្ដថា លោកក៏បានជួបវិបត្ដិសេដ្ឋកិច្ចគ្រួសារដោយសារជំងឺកូវីដ-១៩ ដូចប្រជាពលរដ្ឋទូទៅដែរ ប៉ុន្ដែលោកឆ្លៀតចំណាយថវិកាខ្លះសម្រាប់ចូលរួមក្នុងសង្គមដូចជាស្ដារប្រឡាយទឹក ដាក់លូ និងជួសជុលផ្លូវនេះ ដើម្បីជួយស្រួលការធ្វើដំណើរទាំងអស់គ្នា និងទុកជាប្រយោជន៍រួមសម្រាប់ទៅថ្ងៃមុខ។

បើតាមលោកមេភូមិ បានអោយដឹងថា ប្រឡាយទឹកនេះកន្លែងខ្លះមានផ្លូវសងខាង ដោយមានប្រវែងសរុបប្រមាណជិត២០គ.ម ដោយហូរចេញចាប់ពីចំនុចបារាយណ៍ទឹកថ្លាខាងលិចអង្គរវត្ដ ឆ្ពោះទៅវាលទំនាបវាលស្រែ នៃបឹងទន្លេសាប ដោយកាត់តាមឃុំពួក ស្រុកពួក ហើយក៏មានប្រជាពលរដ្ឋដើរឆ្លងកាត់ជាច្រើភូមិទៀតផង និងមានប្រជាពលរដ្ឋធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here