តើមិត្តដឹងទេថា ហេតុអ្វីបានជាទីក្រុងប៉ារីសមិនទទួលរងការបំផ្លាញពីសង្គ្រាមលោកលើកទី២ដូចទីក្រុងអឺរ៉ុបដ៏ទៃទៀត?

0
120

នៅខែឧសភា ឆ្នាំ១៩៤០ កងរថក្រោះនៃកងទ័ពណាស៊ីអាឡឺម៉ង់បានបើកប្រតិបត្តិការសឹកផ្លេកបន្ទោរ( Blitzkrieg) ចូលប្រទេសបារាំង។ ១ខែក្រោយមកនៅពាក់កណ្តាលខែមិថុនារដ្ឋាភិបាលបារាំងបានចាកចេញពីទីក្រុងប៉ារីសដកថយទៅភាគខាត្បូងប្រទេស ទុកឱកាសឱ្យកងទ័ពណាស៊ីអាឡឺម៉ង់ចូលកាន់កាប់ទីក្រុងប៉ារីសដោយពុំមានបាញ់អស់មួយគ្រាប់ឡើយ។ បីថ្ងៃក្រោយមកអ្នកដឹកនាំកងទ័ពបារាំងបានចុះសន្ធិសញ្ញាចុះចាញ់ពួកណាស៊ីអាឡឺម៉ង់។ បន្ទាប់មក ហ៊ី ត្លែរ បានតែងតាំងឧត្តមសេនីយ Dietrich von Choltitz ជានាយទាហានណាស៊ីឱ្យធ្វើជាអភិបាលក្រុងប៉ារីស។

នៅតំណាក់កាលចុងសង្គ្រាមក្នុងខែសីហា ឆ្នាំ១៩៤៤ ពីរខែក្រោយប្រតិបត្តិការសឹក D-Day កងទ័ពសម្ព័ន្ធមិត្តបានលើកទ័ពលើងឆ្នេរ Normandy ពេលនោះកងទ័ពណាស៊ីអាឡឺម៉ង់ស្ថិតក្នុងស្ថានភាពចាញ់ប្រៀប ហើយត្រៀមដកទ័ពចេញពីក្រុងប៉ារីស។ ដឹងដូច្នោះ ហ៊ី ត្លែរ បានទូរស័ព្ទបញ្ជាផ្ទាល់ដោយស្រែកគំហ៊កទៅឧត្តមសេនីយ Dietrich von Choltitz ដែល ហ៊ី ត្លែរ បានតែងតាំងឱ្យធ្វើជាអភិបាលក្រុងប៉ារីសនោះ ឱ្យដុតកំទេចទីក្រុងប៉ារីសឱ្យក្លាយជាផេះ ដោយ ហ៊ី ត្លែរ ស្រែកថា សត្រូវនឹងបានតែទីក្រុងប៉ារីសដែលនៅសល់តែកំទេចកំទីនិងផេះតែប៉ុណ្ណោះ។ នៅថ្ងៃ២៣ សីហា ហ៊ី ត្លែរ ទូរស័ព្ទសួរទៅឧត្តមសេនីយ Dietrich von Choltitz ម្តងទៀតថា ហ្អែងដុតប៉ារីសនៅ(Brennst du Paris)?

ឧត្តមសេនីយ Dietrich von Choltitz បានបដិសេដ្ឋមិនធ្វើតាមបញ្ជា ដោយឆ្លើយដោះសារថានៅទេ ព្រោះជាប់ដៃរវល់រក្សាសន្តិសុខ។ តាមពិតឧត្តមសេនីយ Dietrich von Choltitz ជាប់ចរចាជាមួយកងកម្លាំងសម្ព័ន្ធមិត្តការពារមិនឱ្យកើតចលាចលក្នុងទីក្រុង និងបង្កាគ្រោះថ្នាក់ដល់ជីវិតអ្នកនៅក្រោមបញ្ជា។ ពីរថ្ងៃក្រោយមកឧត្តមសេនីយ Dietrich von Choltitz បានចុះហត្ថលេខាបញ្ចប់សង្រ្គាម និងចុះចាញ់ចំពោះមុខកងទ័ពសម្ព័ន្ធមិត្តដោយគ្មានលក្ខខណ្ឌ ព្រោះគាត់មិនចង់ឃើញប៉ារីសត្រូវបំផ្លាញដូចលេនីន ក្រាដ។ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ ឧត្តមសេនីយ Dietrich von Choltitz ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ។ គាត់ស្លាប់នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៦៦ ក្នុងទីក្រុង Baden-Baden ស្រុកកំណើតរបស់គាត់។ នៅក្នុងពិធីបញ្ចុះសពឧត្តមសេនីយ Dietrich von Choltitz មាននាយទាហានបារាំងជាច្រើនរូបបានមកចូលរួម។

គាត់បានទទួលការលើកតំកើងក្នុងឋានៈជាអ្នកការពារទីក្រុងប៉ារីសឱ្យរួចផុតពីក្រញ៉ាំដៃ ហ៊ី ត្លែរ។ ដូច្នេះហើយបានជាទីក្រុងប៉ារីសសំបូរទៅដោយអគារបូរាណ និងសំណង់ចាស់ៗជាច្រើនសន្ធឹកណាស់ បើ ប្រៀបធៀបទៅទីក្រុង លេនីន ក្រាដ ឬទីក្រុងប៊ែរឡាំង។ ចឹងបានថា ” ពេជ្ឈឃាដក៏មានបេះដូងដែរ” !!

LEAVE A REPLY

Please enter your comment!
Please enter your name here