អតីតមេដឹកនាំអូស្ត្រាលី  ២ រូប យល់ថា  ទំនាក់ទំនងអូស្ត្រាលី-ចិន ធ្លាក់ចុះ ព្រោះគោលនយោបាយរបស់លោក ស៊ី ជីនភីង និងអ្នកនយោបាយអូស្ត្រាលីមួយចំនួន

0
124

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Kevin Rudd និងលោក Malcom Turnbull យល់ឃើញថា គោលនយោបាយការបរទេសរបស់ចិន ដឹកនាំដោយលោក ស៊ី ជីនភីង និងកត្តាអ្នកនយោបាយក្នុងស្រុកអូស្ត្រាលី ជាមូលហេតុរុញច្រានឱ្យទំនាក់ទំនង រវាងប្រទេសទាំង២ ស្ថិតក្នុងសភាពរកាំរកូស និងធ្លាក់ចូលក្នុងចំណុចដ៏ទាបមួយ។ កាលពីឆ្នាំ២០១៨ អូស្ត្រាលីក្លាយជាប្រទេសទី១ ដែលហាមមិនឱ្យប្រើប្រាស់ប្រព័ន្ធ 5G របស់ បណ្ដាញទូរស័ព្ទចិន Huawei និងអំឡុងពេលមានផ្ទុះការរាតត្បាតជំងឺកូវីដ១៩ ជាសកល អូស្ត្រាលីក៏ស្ថិតក្នុងចំណោមប្រទេសដែលអំពាវនាវឱ្យធ្វើការស្វែងរកប្រភពនៃជំងឺនេះដែរ។ ចិនឆ្លើយតបទៅអូស្ត្រាលីវិញ តាមរយៈការដំឡើងពន្ធទំនិញមួយចំនួន ដូចជា ស្រា និងគ្រឿងសមុទ្រអូស្ត្រាលី ចំណែកអូស្ត្រាលីក៏បានយករឿងនេះ ទៅប្ដឹងអង្គការពាណិជ្ជកម្មពិភពលោក។ អូស្ត្រាលីក៏ប្រកាសលុបចោលគម្រោងវិនិយោគរបស់ចិនចំនួន២ នៅរដ្ឋ Victoria កាលពីខែមេសាកន្លងទៅ ដែលពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដោយអូស្ត្រាលីប្រាប់ហេតុផលថា៖ «គម្រោងនេះប្រាសចាកគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី» ខណៈរដ្ឋាភិបាលប្រកាន់យកគោលជំហរ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ ចិននៅពេលនោះ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានចាត់ទុកអូស្ត្រាលីថា «ប្រកាន់យកស្មារតីសង្គ្រាមត្រជាក់»។ លោក Turnbull ជាអតីតនាយករដ្ឋមន្ត្រីមកពីគណបក្សសេរីនិយម អំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ មើលឃើញថា ចិនប្រកាន់យករបៀបរបបការទូត «អ្នកចម្បាំងចចក» ព្រមទាំងបញ្ចេញសកម្មភាពគំរាមកំហែងនៅសមុទ្រចិនខាងត្បូង ធ្វើឱ្យប៉ះពាល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ លោកជឿជាក់ថា ហេតុផលដែលលោក ស៊ី ជ្រើសរើសផ្លូវនយោបាយការទូតនេះ ព្រោះតែចង់ផ្គាប់ចិត្តសាធារណមតិនៅក្នុងស្រុកចិនតែប៉ុណ្ណោះ។ ចំណែកលោក Kevin Rudd ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី និងសព្វថ្ងៃ ជាប្រធានវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីមានមូលដ្ឋាននៅញូវយ៉ក បានលើកឡើងថា ចលនានយោបាយរបស់លោក ស៊ី ជីនភីង មានភាពប្រែប្រួលខ្លាំង ដោយមានការបង្កើនផ្នត់គំនិតជាតិនិយម នៅក្នុងគោលនយោបាយការបរទេសចិន។ ក្រៅពីកត្តាកម្លាំងនយោបាយចិន អតីតនាយករដ្ឋមន្ត្រីទាំង២ បានបង្ហាញពីក្ដីបារម្ភស្រដៀងគ្នាថា អ្នកនយោបាយអូស្ត្រាលី ដែលកំពុងតែកាន់អំណាចសព្វថ្ងៃនេះ ក៏ធ្វើឱ្យទំនាក់ទំនងចិន-អូស្ត្រាលីមានការធ្លាក់ចុះផងដែរ។ កាលពីដើមឆ្នាំ២០២១ លោក Peter Dutton រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីព្រមានត្រង់ៗ លើទំព័រសារព័ត៌មាន អំពីលទ្ធភាពនៃការកើតឡើងសង្គ្រាមនៅតៃវ៉ាន់។ ឯលោក Mike Pezzullo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ ប្រាប់បុគ្គលិករបស់ខ្លួនថា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ត្រៀមខ្លួននឹងស្នូរ «ស្គរសង្គ្រាម» ដែលនឹងកើតឡើងឆាប់ៗខាងមុខនេះ។ លោក Rudd យល់ថា ពាក្យសម្ដីបែបនេះជា «ភាសាខ្វះការទទួលខុសត្រូវ និងខ្វះការពិចារណា ព្រោះអាចធ្វើឱ្យបញ្ហាដែលកំពុងនៅស្ថានភាពស្រាលទៅជាធ្ងន់បាន»។ ទាំងលោក Turnbull និងលោក Rudd យល់ថា អូស្ត្រាលីគួរតែបញ្ចេញសកម្មភាព ជាជាងការនិយាយស្ដី។ អតីតនាយករដ្ឋមន្ត្រីទាំង ២ រូប ក៏បង្ហាញពីក្ដីព្រួយបារម្ភ អំពីរឿងរើសអើងពូជសាសន៍ចិន ឬ ដើមកំណើតចិន តាមរយៈពាក្យសម្ដីរបស់អ្នកនយោបាយអូស្ត្រាលី ក្រោយឃើញបទពិសោធ «ការស្អប់ខ្ពើមជនជាតិអាស៊ី» នៅសហរដ្ឋអាមេរិក អំឡុងពេលជំងឺរាតត្បាតសកលនេះ។ លោក Turnbull អំពាវនាវថា គ្រប់គ្នាត្រូវបែងចែកឱ្យដាច់ថា គ្រប់យ៉ាង គឺបង្កឡើងដោយរដ្ឋាភិបាលចិន ហើយ«ប្រជាជនចិនជាផ្នែកមួយនៃគ្រួសាររបស់យើង គឺគ្រួសារអូស្ត្រាលី»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here