ទីផ្សារហិរញ្ញវត្ថុអាស៊ីធ្លាក់ចុះ ក្រោយចិនប្រកាសបន្តរឹតបន្តឹងការត្រួតពិនិត្យក្រុមហ៊ុនជាច្រើន

0
51

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលទីផ្សារហិរញ្ញវត្ថុអាស៊ីជាច្រើន បានរងផលប៉ះពាល់ពីវិធានការរឹតបន្តឹងការត្រួតពិនិត្យរបស់អាជ្ញាធរចិន លើក្រុមហ៊ុនក្នុងវិស័យជាច្រើន រួមមាន វិស័យបច្ចេកវិទ្យាអ៊ីនធ័រណេតជាដើម។ ភាគហ៊ុននៅហុងកុង សៀងហៃ តូក្យូ សេអ៊ូល វ៉េលីងតុន តៃប៉ិ និងម៉ានីល បានធ្លាក់ចុះ បើទោះបីជាទីផ្សារភាគហ៊ុនដ៏ធំរបស់អាមេរិក (Wall Street) មានការកើនឡើងក៏ដោយ។ ក្រុមអ្នកលេងភាគហ៊ុនបានប៉ាន់ស្មានថា តម្លៃទីផ្សារភាគហ៊ុនអាមេរិកបានល្អប្រសើរវិញ ក្រោយពេលមានការធ្លាក់ចុះនៃអតិផរណា ដែលជាការបន្ធូរបន្ធយសម្ពាធខ្លះ ទៅលើធនាគារកណ្តាលអាមេរិក។ នៅអាស៊ី ការធ្លាក់ចុះភាគហ៊ុននៅចិន បាន ជះឥទ្ធិពលអាក្រក់ដល់ទីផ្សារហិរញ្ញវត្ថុ។ ក្រុមអ្នកវិនិយោគិនអាស៊ីកំពុងសម្លឹងមើលប្រទេសចិន ដោយប្រយ័ត្នប្រយែង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសពីវិធានការថ្មីៗ ដើម្បីបន្តរឹតបន្តឹងការត្រួតពិនិត្យលើក្រុមហ៊ុនជាច្រើន រួមមានទាំងក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធ័រណេត និងលក់ភាគហ៊ុនលើទីផ្សារអន្តរជាតិ។កាលពីថ្ងៃពុធ ក្រុមប្រឹក្សារដ្ឋរបស់ចិនបានបង្ហាញពីការជំរុញរបស់រដ្ឋាភិបាល ក្នុងការធ្វើនិយ័តកម្មផ្នែកសេដ្ឋកិច្ច ដែលនឹងបន្ត ក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។ សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រុមប្រឹក្សា និងគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្តចិន បាននិយាយថា វិស័យជាច្រើន រួមទាំងការបង្រៀនឯកជន ម្ហូបអាហារ និងថ្នាំសង្កូវ ផង ក៏នឹងត្រូវអនុវត្តច្បាប់ត្រួតពិនិត្យតឹងរ៉ឹងជាងមុនដែរ។ សេចក្តីថ្លែងការណ៍នេះ បានបង្កឲ្យក្រុមអ្នករកស៊ីមានការព្រួយបារម្ភខ្លាំង ពីព្រោះតែមិនដឹងថា មន្រ្តីចិននឹងបញ្ចប់វិធានការរឹតបន្តឹង នេះនៅពេលណានោះទេ។ ពាក់ព័ន្ធរឿងនេះ លោក Graham Webster ដែលជាអ្នកដឹកនាំគម្រោង DigiChina នៅមជ្ឈមណ្ឌលគោលនយោបាយអ៊ីនធ័រណេតរបស់សាកលវិទ្យាល័យស្ទែនហ្វដ បាននិយាយថា គេមិនអាចវាយតម្លៃដឹងនោះទេ ពីទំហំនៃផលប៉ះពាល់លើទីផ្សារភាគហ៊ុន ដោយគ្រាន់តែសំអាងលើឯកសារមួយ ឬ ឯកសារមួយចំនួនផ្សេងទៀតនោះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here