អឺរ៉ុបបើកព្រំដែន ជាមួយអាមេរិកវិញ   តែហេតុអ្វីបានជាអាមេរិកនៅមិនទាន់ឆ្លើយតប?

0
69

កាលពីខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកបាននាំមុខគេនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ហើយមេដឹកនាំសហភាពអឺរ៉ុបបានណែនាំឱ្យប្រទេសជាសមាជិករបស់ខ្លួន បើកព្រំដែនជាមួយអាមេរិកវិញ ដោយសង្ឃឹមថា ជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The New York Times។ ប៉ុន្តែជិត ២ខែក្រោយមក ព្រំដែនអាមេរិកនៅតែបិទ ចំពោះអ្នកធ្វើដំណើរមកពីអឺរ៉ុបភាគច្រើន សូម្បីតែអ្នកចាក់វ៉ាក់សាំងរួចក៏ដោយ។ ការសម្រេចបិទព្រំដែនរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យអឺរ៉ុបភ្ញាក់ផ្អើល និងធ្វើឱ្យមេដឹកនាំរបស់ពួកគេខកចិត្តយ៉ាងខ្លាំង ហើយទាមទារឱ្យអាមេរិកឆ្លើយតបនឹងការសម្រេចរបស់អឺរ៉ុប ក្នុងការបើកព្រំដែនរវាងគ្នានឹងគ្នា។ លោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់ប្លុកនេះ បាននិយាយកាលពីសប្តាហ៍មុនថា៖ «ច្បាប់នេះអនុវត្តបាន លុះត្រាមានការយល់ព្រមពីភាគីទាំងសងខាង»។ មន្រ្តីក្នុងប្លុកនេះ ថែមទាំងស្នើឱ្យដាក់កំហិតលើការធ្វើដំណើរអាមេរិកឡើងវិញទៀតផង ប៉ុន្តែការសម្រេចចិត្តភ្លាម គ្មានការរំពឹងទុកនេះ អាចធ្វើឱ្យវិស័យទេសចរណ៍នៅរដូវក្តៅប្លុកនេះ ធ្លាក់ក្នុងស្ថានភាពប្រថុយប្រថាន។ លោកស្រី Michele Kastelein ជាជនជាតិបារាំង-អាមេរិក រស់នៅ Portola Valley រដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា ឥឡូវនេះ យើងមានវ៉ាក់សាំងហើយ យ៉ាងហោចណាស់ អនុញ្ញាតឱ្យអ្នកដែលចាក់ហើយបានមកអាមេរិកវិញផង។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន អ្នកនាំពាក្យសេតវិមាន Jen Psaki បានប្រាប់ពីមូលហេតុ ដោយសារប្រទេសនេះ អនុវត្តតាមការណែនាំរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងកំពុងព្រួយបារម្ភអំពីការរីករាលដាលនៃវ៉ារ៉្យង់ដែលតា។ ដោយអនុវត្តតាមច្បាប់នេះ បច្ចុប្បន្នប្រជាជនស្ទើរតែទាំងអស់នៃតំបន់ Schengen របស់អឺរ៉ុប ដែលជាតំបន់គ្មានលិខិតឆ្លងដែន រួមបញ្ចូលទាំង ២៦ ប្រទេស រួមទាំង អង្គភាពផ្សេងទៀត ក៏ដូចជា អ្នកដែលរស់នៅក្នុងចក្រភពអង់គ្លេស និងអៀរឡង់ នៅតែត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រទេសចំនួន ៥ ផ្សេងទៀត ក៏ត្រូវបានហាមឃាត់ដែរ រួមមាន ប្រទេសដែលមានអត្រាឆ្លងខ្ពស់ ដូចជា អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង ប្រេស៊ីល និងឥណ្ឌា ប៉ុន្តែក៏មានប្រទេសចិនផងដែរ ដែលជាប្រទេសមានអត្រានៃការរីករាលដាលទាបជាងប្រទេសអាមេរិក អស់ជាច្រើនខែ។ ការហាមឃាត់ការធ្វើដំណើរនេះ បានលើកលែងមនុស្សមួយចំនួន ក្នុងនោះមានពលរដ្ឋអាមេរិក អ្នករស់នៅអាមេរិកអចិន្រៃ្តយ៍ និងសមាជិកគ្រួសារខ្លះនៃពលរដ្ឋអាមេរិក ដែលមានអាយុក្រោម ២១ឆ្នាំ។ ប្រជាជនមកពីប្រទេសមានហានិភ័យបញ្ហាកូវីដ១៩ នៅតែអាចចូលសហរដ្ឋអាមេរិកបាន ប្រសិនបើពួកគេចំណាយពេល ១៤ថ្ងៃមុនពេលពួកគេមកដល់ប្រទេស ហើយមិនស្ថិតនៅក្នុងបញ្ជីរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ(CDC)។ សហភាពអឺរ៉ុបបានដាក់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីប្រទេសដែលមានសុវត្ថិភាព នៅក្នុងខែមិថុនា ហើយបច្ចុប្បន្ន រួមមាន ប្រទេសអាល់បានី អាមេនី អូស្ត្រាលី អាស៊ែបៃហ្សង់ បូស្ន៊ី និងហឺហេ្ស ហ្គោវីណា ប្រ៊ុយណេដារូសាឡឹម កាណាដា អ៊ីស្រាអែល ជប៉ុន ហ្ស៊កដានី លីបង់ ម៉ុងតេណេហ្គ្រោ នូវែលសេឡង់ កាតា សាធារណរដ្ឋម៉ុលដាវី សាធារណរដ្ឋ ម៉ាសេដូនៀខាងជើង អារ៉ាប៊ីសាអ៊ូឌីត ស៊ែប៊ី សិង្ហបុរី កូរ៉េខាងត្បូង អ៊ុយក្រែន និងសហរដ្ឋអាមេរិក៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here