គ្រោះធម្មជាតិធ្វើឲ្យពិភពលោក ខាតបង់ ៧៧ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២១

0
151

ក្រុមហ៊ុនធានារ៉ាប់រងស្វីស ដែលមានទីស្នាក់ការក្នុងទីក្រុង Zurich បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ បានធ្វើឲ្យថ្លៃខាតបង់របស់ក្រុមហ៊ុនកើនឡើងជាលំដាប់។ ក្រុមហ៊ុនត្រូវទទួលបន្ទុកចេញសងលើថ្លៃខូចខាតកាន់តែច្រើនជាងមុន នៅពេលគ្រោះហមន្តរាយកើតឡើងញឹកញាប់។ ក្នុងចំណោមទំហំខាតបង់ផ្នែកសេដ្ឋកិច្ចសរុបទាំងអស់នៅឆមាសទី១ នៃឆ្នាំ២០២១ នេះ មាន ៧៤ ពាន់លានដុល្លារ បង្កដោយគ្រោះមហន្តរាយធម្មជាតិ។ ចំណែក គ្រោះមហន្តរាយដែលជាស្នាដៃមនុស្សវិញ បណ្តាលឲ្យខាតបង់សេដ្ឋកិច្ច ចំនួន ៣ពាន់លានដុល្លារបន្ថែមទៀត។ ប្រធានទទួលផ្ទុកផ្នែកគ្រោះមហន្តរាយរបស់ក្រុមហ៊ុនស្វីសរ៉េ លោក Martin Bertogg បានមានប្រសាសន៍ថា ផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ បានបង្ហាញឲ្យឃើញជាក់ស្តែង តាមរយៈសីតុណ្ហភាពឡើងក្តៅខ្លាំង ការកើនឡើងកម្រិតទឹកសមុទ្រ និងជំនន់ទឹកភ្លៀងជាដើម។ល។

គ្រោះធម្មជាតិដែលកើតឡើងកាន់តែច្រើន និងកាចសាហាវខ្លាំងជាងមុន បានធ្វើឲ្យគេព្យាករថា ការខាតបង់ផ្នែកសេដ្ឋកិច្ចរបស់ពិភពលោកនឹងបន្តកើនឡើងទៀត នៅឆមាសទី២ នៃឆ្នាំ២០២១នេះ។ ជាក់ស្តែង គ្រោះទឹកជំនន់ដ៏កំណាច ដែលបានកើតឡើងកាលពីខែកក្កដាកន្លងទៅ នៅអឺរ៉ុប ចិន និងឥណ្ឌា បានបណ្តាលឲ្យមនុស្សបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ ភ្លើងឆេះព្រៃ ដែលកើតឡើងនាខែសីហានេះ នៅក្នុងប្រទេសតួកគី ក្រិក និងអ៊ីតាលី នឹងជំរុញឲ្យការខាតបង់សេដ្ឋកិច្ចឡើងខ្ពស់បន្ថែមទៀត។ គ្រោះមហន្តរាយដែលកើតឡើងក្នុងឆ្នាំ២០២១ គិតត្រឹមខែសីហានេះ បាននាំឲ្យគេមើលឃើញកាន់តែច្បាស់ ពីការកើនឡើងនៃហានិភ័យ បង្កដោយការប្រែប្រួលអាកាសធាតុ។ ការនេះបានធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងចេញមុខទាញសញ្ញាអាសន្នជាថ្មីថា ភាពបរាជ័យរបស់ពិភពលោក ក្នុងការទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដី នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែខាតបង់ខ្លាំងឡើង នាថ្ងៃអនាគត៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here