បើក​ព្រំដែន តែ​មិនមែន​បើក​ឲ្យ “​ដែល​តា​” ចូល​សហគមន៍​យើង​ទេ​!

0
92

ភ្នំពេញៈ បន្ទាប់ពី​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ព្រំដែន តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ជា បណ្តោះអាសន្ន អស់​រយៈពេល ១៤​ថ្ងៃ សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ រួចមក​គឺ​នៅ​ថ្ងៃទី​១៣​សីហា នេះ ព្រំដែន​បើក​ឡើងវិញ​ហើយ​។​

​ពលករ​ខ្មែរ​យើង នៅជាប់​គាំង​នៅតាម​ព្រំដែន ក្នុង​ទឹកដី​ថៃ ក៏​អាច​ធ្វើឡើង វិលត្រឡប់​ចូលមក​កម្ពុជាបាន​ឡើងវិញ​។ ពលករ​ទាំងអស់នោះ នឹងត្រូវ​បញ្ជូនទៅ​ត្រួតពិនិត្យ​សុខភាពនៅ​ច្រកព្រំដែន ដូច​អ្វីដែល​បាន​អនុវត្ត​កន្លងមក​។ អ្នករក​ឃើញ​កូ​វីដ ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល ហើយ​អ្នក​រកឃើញ​ឆ្លង​កូ​វីដ យកទៅដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ទីកន្លែង មណ្ឌល​ដែល​អាជ្ញាធរ​រៀបចំ តាម​ខេត្ត​ជាប់​ព្រំដែន ក្នុង​រយៈពេល៧​ថ្ងៃ មុននឹង​ដឹកជញ្ជូន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត តាម​ខេត្ត​រាជធានី ដែលជា​ស្រុកកំណើត​របស់​ពលករ​ទាំងអស់នោះ​។​

​ក្នុងករណី​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​ខេត្ត​ជាប់​ព្រំដែន​ពេញ​អស់ គឺ​ពលករ​ខ្មែរ​យើង ដែល​ឆ្លងដែន​មកពី​ថៃ ត្រូវ​ពិនិត្យ​សុខភាព និង​ធ្វើតេស្តរ​កកូ​វីដ ហើយ​អ្នក​អវិជ្ជមាន ត្រូវបញ្ជូន​ឡើង​ឡាន ដឹក​ចេញពី​ព្រំដែន មកកាន់​ខេត្ត​រាជធានី​នៅ​ជួរ​ក្រោយ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​យ៉ាងណាក៏ដោយ ក្នុងពេល​កន្លងមក នៃ​ការបិទ​ព្រំដែន និង​បិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន​ថៃ ១៤​ថ្ងៃ​មកនេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាសថា បានត្រឹមតែ​គ្រប់គ្រង និង​ពន្យារពេល​នៃ​ការឆ្លង​កូ​វីដ ប្រភេទ​ដែល​តា មិន​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ប៉ុណ្ណោះ ខណៈដែល​កូ​វី​ដដែល​តា ដែល​បាន​ឆ្លង​ចូល​កម្ពុជា​តាមរយៈ​អ្នកដំណើរ​មកពី​ក្រៅប្រទេស ហើយ​ភាគច្រើន​ជា​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ បាន​ធ្លាយ​ឆ្លង​ចូល ១៧​រាជធានី​ខេត្ត​រួចមកហើយ​។​

​ដូច្នេះ​ក្នុងអំឡុងពេល​បើក​ព្រំដែន​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៣​សីហា​នេះ​តទៅ គឺ​រាជរដ្ឋាភិបាល បានសម្រេច​បន្ត​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ការ​រឹតត្បិត និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ ដែល​តា ក្នុង​រយៈពេល ៧​ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​។​

​ជាមួយគ្នានេះ បណ្តា​ខេត្ត​រាជធានី ទូទាំងប្រទេស ក៏បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល និង​បម្រាម​គោចរ ៧​ថ្ងៃ​ថែមទៀត គិតពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែសីហា ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ ប្រភេទ​ថ្មី ដែល​តា​។ ចំណែក​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្នុង​រយៈពេល ១​សប្តាហ៍​ទៀត​នេះ ក៏បាន​សម្រេច​ផ្អាក​ការធ្វើដំណើរ​ចេញចូល និង​ឆ្លងកាត់ ដូចជា នៅ​ខេត្ត​ប៉ៃលិន ហើយ​នៅ​ខេត្តបាត់ដំបង ក៏បាន​សម្រេច​បិទ​ខ្ទប់​ផ្សារ​ទាំងអស់​ក្នុង​ខេត្ត ចាប់ពី​ថ្ងៃទី​១៣​សីហា ដល់​ថ្ងៃទី​១៩​សីហា​។​

​ដូច្នេះ ៧​ថ្ងៃ​ទៀត​នេះ ខេត្ត​ជាប់​ព្រំដែន​ថៃ នៅ​បន្ត​រឹតត្បិត ដោយ​ហាម​ឆ្លងកាត់ ចេញចូល ដូច​កាលពី ១៤​ថ្ងៃមុន​។ តែ​សម្រាប់​ពលករ​មកពី​ថៃ បើក​ឲ្យ​ចូល តែ​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​សុខភាព ធ្វើតេស្តរ​កកូ​វីដ និង​អាច​ដឹកជញ្ជូន​ចេញទៅ​កាន់​រាជធានី​ខេត្ត ដែលជា​ស្រុកកំណើត​របស់​ពលករ បើសិនជា​មណ្ឌល​ច​ត្តា​ឡី​ស័ក តាម​ព្រំដែន លែងមាន​កន្លែង​ដាក់​អ្នក​ឆ្លងដែន​ពី​ថៃ​ទាំង​នោះទេ​។​

​ត្បិតតែ​មន្ត្រី​សមត្ថកិច្ច រួមទាំង​ពេទ្យ​នៅ​ជួរមុខ​យើង បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ហើយក៏​ដោយ ក៏ត្រូវ​តែមាន​ការត្រួត​ពិនិត្យ​លើ​ពលករ​ឆ្លងដែន ដោយ​ប្រយ័ត្នប្រយែង រួមទាំង​ការធ្វើ​តេស្ត ការដឹកជញ្ជូន​ពី​ទល់ដែន ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​ខេត្ត​ជាប់​ព្រំដែន ឬក៏​ដឹកជញ្ជូន​ឆ្លង​ចេញពី​ខេត្ត​ជាប់​ព្រំដែន មកកាន់​ខេត្ត​រាជធានី​ជួរ​ក្រោយ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ត ក៏ត្រូវ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន កុំ​ធ្វេសប្រហែស​។ ការធ្វើ​ច​ត្តា​ឡី​ស័ក ក៏​គួរតែ​បង្កើន​រយៈពេល​ពី ១៤​ថ្ងៃ ទៅ ២១​ថ្ងៃ ព្រោះ​ចូរ​កុំភ្លេចថា ក្មេងប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ទើបតែ​រកឃើញ​ឆ្លង​កូ​វីដ ប្រភេទ ដែល​តា នៅ​ខេត្ត​ព្រះសីហនុ ប្រកាស​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ក្រោយពី​កុមារា​នោះ ឆ្លងដែន​មកពី​ថៃ តាម​ខេត្តបន្ទាយមានជ័យ ចាប់តាំងពី​ថ្ងៃទី​២០ ខែកក្កដា ហើយ​ធ្វើតេស្ត​រក​មិនឃើញ​ឆ្លង​កូ​វីដ​ទេ រហូតដល់​ដឹក​ចេញពី​ខេត្ត​បន្ទាយ​ជ័យ ទៅដល់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៦ ខែសីហា ទើប​ធ្វើតេស្ត ឃើញ​ឆ្លង​កូ​វីដ​។​

​ដូច្នេះ​ករណី​ថ្មី​ចុងក្រោយ​លើ​កុមារា​អាយុ ៨​ឆ្នាំនេះ ត្រូវតែ​អាជ្ញាធរ​សមត្ថកិច្ច​យើង មិន​ថា នៅ​ជួរមុខ ឬ​នៅ​ជួរ​ក្រោយ​ទេ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ហើយ​ប្រជាពលរដ្ឋ​យើង​គ្រប់គ្នា ក៏ត្រូវ​តែ​នុ​វត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វីដ​។

​បើសិនជា ៧​ថ្ងៃ​ទៀត​នេះ យើង​អាច​បន្ត​គ្រប់គ្រង និង​ទប់ស្កាត់​កុំ​ឲ្យ​ដែល​តា ឆ្លង​ចូល​សហគមន៍ ស្រប​ពេលដែល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ បាន​កាន់តែច្រើន នោះ​វិធានការ​រដ្ឋបាល ការ​រឹតត្បិត​នានា រួមទាំង​បម្រាម​គោចរ ដែល​ហាមឃាត់​មុខរបរ ការងារ និង​អាជីវកម្ម ដែលមាន​ហានិភ័យ​នានា រួមទាំង​ការហាមឃាត់​ការធ្វើដំណើរ​ផង​នោះ នឹងមិន​អូសបន្លាយ​ន្ត​ទៀតឡើយ​។ ផ្ទុយទៅវិញ បើ​ប្រជាពលរដ្ឋ​យើង ធ្វេសប្រហែស បណ្តាល​ឲ្យ​ឆ្លង​កូ​វីដ​ពី​ម្នាក់ ទៅ​ច្រើន​នាក់ ក្នុង​សហគមន៍​យើង ក្នុង​គ្រួសារ​យើង នោះ​ការបិទ​ខ្ទប់ និង​វិធានការ​ទប់ស្កាត់​នានា នឹងត្រូវ​បន្ត ហើយ​ពង្រីក​កាន់តែ​ធំ​ជាង​មុន​ទៅទៀត​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here