អាល្លឺម៉ង់ និងហូឡង់ផ្អាកការបញ្ជូនជនចំណាកស្រុក ត្រលប់ទៅអាហ្វហ្កានីស្ថានវិញ

0
50

រដ្ឋាភិបាលអាល្លឺម៉ង់នឹងបញ្ឈប់ការបញ្ជូនជនចំណាកស្រុកអាហ្វហ្គានីស្ថាន ទៅកាន់ស្រុកកំណើតជាបណ្តោះអាសន្នសិន ដោយសារតែស្ថានភាពសន្តិសុខនៅទីនោះកាន់តែធ្លាក់ដុនដាបខ្លាំង។ នេះបើយោងតាមក្រសួងមហាផ្ទៃអាល្លឺម៉ង់ ប្រាប់សារព័ត៌មាន DW កាលពីថ្ងៃពុធ ទី១១ ខែសីហា។ សេចក្តីសម្រេចរបស់អាល្លឺម៉ង់នេះ គឺទន្ទឹមគ្នានឹងប្រទេសហូឡង់ ដែលបានប្រកាសផ្អាកការបញ្ជូនជនចំណាកស្រុក ត្រលប់ទៅអាហ្វហ្កានីស្ថានវិញ រយៈពេល ៦ ខែ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Steve Alter បាននិយាយថា មានជនជាតិអាហ្វហ្កានីស្ថាន ចំនួនជិត ៣ ម៉ឺននាក់ កំពុងស្នាក់នៅ និងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអាល្លឺម៉ង់។ ពីខាងទីក្រុងឡាអេវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសន្តិសុខហូឡង់ លោកស្រី Ankie Broekers-Knol បានសរសេរនៅក្នុងលិខិតមួយទៅកាន់សភាហូឡង់ថា ការពន្យារនេះនឹងត្រូវអនុវត្តរយៈពេល ៦ ខែ ហើយនឹងអនុវត្តចំពោះរាល់ជនបរទេស ដែលមានសញ្ជាតិអាហ្វហ្កានីស្ថានប៉ុណ្ណោះ។ សេចក្តីសម្រេចរបស់អាល្លឺម៉ង់ និងហូឡង់ កាលថ្ងៃពុធ ខុសគ្នាផ្ទុយស្រឡះពីគោលជំហររបស់ពួកគេ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ដោយបានចូលរួមជាមួយប្រទេសអឺរ៉ុប៤ ផ្សេងទៀត រួមមាន អូទ្រីស បែលហ្ស៊ិក ដាណឺម៉ាក និងក្រិក ជំរុញការបញ្ជូនជនចំណាកស្រុកអាហ្វហ្កានីស្ថាន ត្រលប់ទៅស្រុកកំណើតវិញ ប្រសិនបើការស្នើសុំសិទ្ធិជ្រកកោនរបស់ពួកគេទទួលបរាជ័យ។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយនោះទេថា ប្រទេសអឺរ៉ុប ៤ ផ្សេងទៀត ប្តូរគោលជំហរដូចអាល្លឺម៉ង់ និងហូឡង់ឬក៏អត់។ កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលក្រុងកាប៊ុលបានទទូចសុំសហភាពអឺរ៉ុប ឲ្យផ្អាកការបញ្ជូនជនចំណាកស្រុកអាហ្វហ្កានីស្ថាន រយៈពេល ៣ខែសិន ព្រោះថា ទាហានរដ្ឋាភិបាលអាហ្វហ្កានីស្ថានកំពុងនៅតស៊ូ ប្រយុទ្ធប្រឆាំងនឹងការវាយលុកយ៉ាងសន្ធឹកពីពួកតាលីបង់៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here