ស្នងការ​នគរបាល​កំ​ពង់​ស្ពឺ ដក​អធិការនគរបាល​ស្រុក​បសេដ្ឋ​បញ្ឈរជើង

0
323

​កំពង់ស្ពឺ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល ខេត្តកំពង់ស្ពឺ បានបញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​នេះ​ថា លោក​បាន ចាត់​ឱ្យ​លោកស្នងការ​រង​ទទួល​ផែន បុគ្គលិក​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម និង​ដក លោក​វរសេនីយ៍ត្រី អ៊ុ ចំរើន អធិការនគរបាល​ស្រុក​បសេដ្ឋ មក​បញ្ឈរជើង​ក្រោយ មាន​ពាក្យបណ្តឹង​របស់​ក្រុមមន្ត្រី​ថ្នាក់ក្រោម ដែលមាន​អធិការរង ប្រធាន​ផ្នែក នាយរង​ផ្នែក និង​នាយ​នគរបាល​ប៉ុស្តិ៍​។​

​មន្ត្រីនគរបាល​ជាច្រើន​នាក់​នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រាប់​តាំងពី​អធិការរង ប្រធាន​ផ្នែក នាយរង​ផ្នែក និង​នាយ​នគរបាល​តាម​បណ្តាញ​ប៉ុស្តិ៍ បាន​រួមគ្នា​ប្តឹងទៅ កាន់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម សេនីយ៍​ទោ សម សាមួន ស្នងការ នគរបាល​ខេត្ត សុំ​ឲ្យ​ផ្លាស់ប្តូរ​អធិការនគរបាល ស្រុក​បសេដ្ឋ លោក អ៊ុ ចំរើន ចេញ​ដោយសារ​មន្ត្រីនគរបាល​រូបនេះ បាន​ប្រព្រឹត្ត កំហុស​ជាច្រើន ដែល​ពួកគាត់​មិនអាច​ទទួលយកបាន និង​មិន​ព្រម​ឲ្យ​បន្ត​តំណែង ជា​អធិការនគរបាល​ស្រុក​ទៀត​។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល​ស្រុក​បសេដ្ឋ ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​នេះ បាន​រៀបរាប់ថា លោក អ៊ុ ចំរើន បាន​ប្រព្រឹត្ត​ទង្វើ​មួយ ចំនួន​រួមមាន​៖ រាល់​ការតែងតាំង និង​ផ្លាស់ប្ដូរ​មុខងារ​មន្ត្រីក្រោមឱវាទ តែង​ទាមទារ លាភសក្ការៈ ពោល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​, ចំពោះ​ការងារ​កសាង​អង្គភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​វិញ គ្មាន​រីកចម្រើន​ទាល់តែសោះ​, មិន​ឲ្យ​តម្លៃ​ដល់ មន្ត្រីក្រោមឱវាទ​របស់​ខ្លួន ដឹកនាំ​ខ្វះ​ក្រមសីលធម៌ ហើយ​គ្មាន​ការទទួលខុសត្រូវ​, ចំពោះ​ចរិត​ឫកពា​មិន​សមជា​ថ្នាក់ដឹកនាំ ឬ​មិន​ធ្វើជា​គំរូ​ដល់​កូនចៅ​ជារឿយៗ​បាន ជេរប្រមាថ​មើលងាយ​កូនចៅ​ក្រោម​ឱវាទ តាម​វិទ្យុទាក់ទង មិន​ស្គាល់​ចាស់​ស្គាល់​ក្មេង និយាយ​អួត​ក្អេងក្អាង​ថា ខ្លួន​មាន​តួនាទី​ធំ និង​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​ជា​អ្នក ធំ​ផងដែរ​។​

​ជាមួយគ្នានេះ ក្រុមមន្ត្រី​នគរបាល​ទាំងនេះ បាន​ចោទថា លោក​វរសេនីយ៍ត្រី អ៊ុ ចំរើន គ្មាន​ភាពជា​អ្នកដឹកនាំ​ឡើយ ជាពិសេស​ខ្វះ​សាមគ្គីភាព​ផ្ទៃក្នុង​យ៉ាងខ្លាំង​ជាហេតុ​នាំ ឲ្យ​សុំ​ធ្វើការ​ផ្លាស់ប្តូរ​ចេញ​៕​/PC

LEAVE A REPLY

Please enter your comment!
Please enter your name here