ហេតុអ្វីគេត្រូវខ្វល់ខ្វាយអំពីនយោបាយអាកាសធាតុរបស់ចិន?

0
26

នៅក្នុងរបាយការណ៍អាកាសធាតុ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ ក្រុមអ្នកវិទ្យាសាស្រ្ត របស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នអំពីការកើនឡើងកម្តៅផែនដី ដោយសារឧស្ម័នផ្ទះកញ្ចក់ ដែលចេញពីសកម្មភាពរបស់មនុស្ស។ ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីនេះ គ្រប់អ្នកជំនាញទាំងអស់បានឯកភាពគ្នាថា យើងនឹងមិនអាចទទួលជោគជ័យបានទេ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រទេសចិន។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ បើគិតជាមធ្យម ប្រជាជនចិនម្នាក់បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រឹមតែប្រមាណជាពាក់កណ្តាលប៉ុណ្ណោះ នៃប្រជាជនអាមេរិកម្នាក់។ ប៉ុន្តែដោយសារចិន មានប្រជាជនច្រើន ហើយគិតជាសរុបទៅចិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងអាមេរិកដល់ទៅ ពីរដង។ បច្ចុប្បន្ននេះ ចិនជាប់ចំណាត់ថ្នាក់ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេលើពិភពលោក ក្នុងមួយឆ្នាំៗ គ្រាន់តែប្រទេសចិនមួយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ស្មើនឹងប្រមាណជា ១ភាគ៤ ឯណោះនៃបរិមាណឧស្ម័នផ្ទះកញ្ចក់សរុប ដែលមនុស្សបញ្ចេញទៅក្នុងបរិយាកាស។ ចិន គឺជាប្រទេសដែលមានសក្តានុពលកំណើនសេដ្ឋកិច្ចខ្ពស់ ដូចនេះតម្រូវការថាមពលក៏កាន់តែកើនឡើងខ្ពស់ ហើយការផលិតថាមពលនៅចិនភាគច្រើនលើសលុប មានប្រភពចេញពីធ្យូងថ្ម ដែលជាដើមហេតុចម្បងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ គិតមកទល់នឹងពេលនេះ ចិនមានរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម រហូតដល់ទៅជាង ១ពាន់ គឺស្មើនឹងពាក់កណ្តាលនៃថាមពលអគ្គិសនី ដែលមាន នៅទូទាំងពិភពលោក។ កន្លងមក លោក ស៊ី ជីនពីង ធ្លាប់បានសន្យាថា ចិននឹងចាប់ផ្តើមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅឆ្នាំ២០៣០ ហើយឈានទៅកាត់បន្ថយឲ្យធ្លាក់ដល់កម្រិត សូន្យ ឬ “ហ្សេរ៉ូកាបោន” នៅមុនឆ្នាំ២០៦០។ អ្នកជំនាញខាងអាកាសធាតុរបស់ចិន សិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យស៊ីងហួ ធ្លាប់បានលើកឡើងថា ដើម្បីអាចសម្រេចទៅតាមគោលដៅ ដែលដាក់ចេញដោយលោក ស៊ី ជីនពីង នេះ ចិនចាំបាច់ត្រូវតែបញ្ឈប់ការប្រើថាមពលធ្យូងថ្មទាំងស្រុង ហើយជំនួសមកវិញ ដោយថាមពលបៃតង នៅត្រឹមឆ្នាំ២០៥០ ខាងមុខ។ ប៉ុន្តែគេសង្កេតឃើញថា ក្រៅពីរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានយ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយនោះ ចិនកំពុងបន្តសាងសង់រោងចក្រថ្មីៗបន្ថែមទៀត ដោយបច្ចុប្បន្ននេះ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ចំនួន ៦០កន្លែង កំពុងស្ថិតក្រោមការសាងសង់នៅទូទាំងប្រទេសចិន។ ជាទូទៅ អាយុរបស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនីមួយៗ អាចដំណើរការក្នុងរយៈពេលពី ៣០ឆ្នាំ ទៅ៤០ឆ្នាំ។ ដូច្នេះរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលចិនសាងសង់នៅពេលនេះ នឹងត្រូវបន្តដំណើរការរហូតដល់ឆ្នាំ២០៥១ ទៅឆ្នាំ២០៦១ គឺទៅហួសពីឆ្នាំ២០៥០ ដែលចិនត្រូវបញ្ឈប់ទាំងស្រុងនូវការប្រើថាមពលធ្យូងថ្ម។ នេះមានន័យថា ចិនប្រាកដជានឹងមិនអាចសម្រេចតាមគោលដៅ “ហ្សេរ៉ូកាបោន” មុនឆ្នាំ២០៦០ ដូចការសន្យានោះទេ ប៉ុន្តែចិននឹងត្រូវប្រឈមនឹងការផ្លាស់ប្តូរយ៉ាងគំហុកក្នុងវិស័យថាមពល នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយត្រូវបង្កើនការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងវិស័យថាមពលបៃតងផង ដើម្បីជំនួសថាមពលធ្យូងថ្ម ហើយរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មខ្លះ ដែលសាងសង់ថ្មីអាចនឹងត្រូវបញ្ឈប់ដំណើរការមុនអាយុកំណត់ ដោយប្រើមិនទាន់គ្រប់សក្តានុពល និងមិនគ្រប់ទំហំទឹកប្រាក់ដែលវិនិយោគសាងសង់៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here