លោក ចូ បៃដិន ថា “មិនស្តាយក្រោយ” រឿងដកទ័ពចេញពីអាហ្វហ្កានីស្ថានទេ

0
225

២០ឆ្នាំក្រោយអន្តរាគមន៍កងទ័ពយោធាបរទេសត្រូវដកចេញអស់ពីអាហ្វហ្កានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកចូ បៃដិន កាលពីល្ងាចថ្ងៃអង្គារ ទី១០ ខែសីហា បានមានប្រសាសន៍ថា៖ “ខ្ញុំមិនស្តាយក្រោយ ចំពោះសេចក្តីសម្រេចចិត្តចាកចេញពីអាហ្វហ្កានីស្ថានទេ” ដោយលោកបានសង្កត់ធ្ងន់ថា អាហ្វហ្កានីស្ថានត្រូវមានឆន្ទៈប្រយុទ្ធតតាំងនឹងពួកតាលីបង់ ត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង និងដើម្បីជាតិ។សហរដ្ឋអាមេរិកហាក់បញ្ចេញអារម្មណ៍មួរម៉ៅកាន់តែខ្លាំងឡើងៗ នៅចំពោះមុខភាពទន់ខ្សោយរបស់ទាហានរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលអាមេរិកបានបង្ហាត់បង្វឹកផ្តល់ហិរញ្ញវត្ថុ និងបំពាក់អាវុធយុទ្ធភ័ណ្ឌឱ្យ តាំងពីជាច្រើនឆ្នាំមកហើយ។ កងកម្លាំងយោធារបស់ក្រុងកាប៊ូល មានកម្លាំងច្រើន និងខ្លាំងជាងទ័ពរបស់ពួក តាលីបង់ឆ្ងាយណាស់ មិនគួរណាត្រូវចាញ់ខ្លាំងដូច្នេះទេ។ គំនិតដែលថា មិនអាចបញ្ឈប់ពួកតាលីបង់បាន ខុសពីការពិតជាក់ស្តែងលើសមរភូមិ។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price។ គិតត្រឹមថ្ងៃពុធ ទី១១ ខែសីហា តាលីបង់ដណ្តើមបានទីរួមខេត្ត ៩ ក្នុងចំណោមខេត្តសរុប ៣៤ របស់អាហ្វហ្កានីស្ថាន ហើយ ពីរភាគបី នៃខេត្តនៅតំបន់ភាគខាងជើងបានធ្លាក់ក្នុងកណ្តាប់ដៃពួកគេ។ ក្នុងពេលពួកតាលីបង់សម្រុកលើគ្រប់សមរភូមិនៅភាគខាងជើងផង និងភាគខាងត្បូងផង ទីក្រុងដូហាបានទទួលបើកជំនួបប្រជុំអន្តរជាតិ ដោយមានតំណាងមកពីប្រទេសកាតា សហរដ្ឋអាមេរិក ចិន អង់គ្លេស ប៉ាគីស្ថាន អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបចូលរួម។ ដំណើរចរចារកសន្តិភាព ពួកតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ស្របតាមកិច្ចព្រមព្រៀង រវាងអាមេរិក និងតាលីបង់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ត្រូវជាប់គាំងទាំងស្រុង។ ទោះក្តីសង្ឃឹមមានតិចតួច ក៏អន្តរការីអាមេរិកត្រូវជំរុញពួកតាលីបង់ជាថ្មី ឱ្យបញ្ឈប់សកម្មភាពយោធា និងចរចាស្វែងរកកិច្ចព្រមព្រៀងនយោបាយដែរ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here