ចិនកាត់ទោសជនជាតិកាណាដាម្នាក់ ឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទចារកិច្ច

0
42

បន្ទាប់ពីបានបើកសវនាការដោយបិទទ្វារ ដូចទម្លាប់រាល់គ្រប់សំណុំរឿង ពាក់ព័ន្ធនឹងការណ៍សម្ងាត់រដ្ឋ កាលពីខែមីនា ឆ្នាំ២០២១មក តុលាការខេត្តដង់ដុង ជាប់ព្រំដែនកូរ៉េខាងជើង បានចេញសាលក្រម កាលពីថ្ងៃពុធ ទី១១ ខែសីហា ដាក់ទោសលោក Michael Spavor ជនជាតិកាណាដា ឱ្យជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទធ្វើចារកិច្ចឱ្យបរទេស និងលួចការណ៍សម្ងាត់រដ្ឋ ដោយបានល្មើសបម្រាមលួចទៅថតរូបយន្តហោះយោធា។ ជាមួយការដាក់ទោសឱ្យជាប់ពន្ធនាគារ តុលាការរឹបអូសយកទ្រព្យសម្បត្តិ (យ៉ាងច្រើនបំផុត ៥០ម៉ឺនយ័ន =៦៦០០អឺរ៉ូ) ព្រមទាំងត្រូវបណ្តេញចេញពីទឹកដីចិនទៀត តែពុំទាន់កំណត់ពេល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការ។ គ្រាន់តែបានឮសាលក្រមភ្លាម នាយករដ្ឋមន្ត្រីកាណាដាលោក ហ្សូសស្តាំង ទ្រូដូ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសភ្លាមដែរថា នេះជាសាលក្រមដែលមិនអាចទទួលយកបានជាដាច់ខាត ជាសវនាការគ្មានតម្លាភាព និងគ្មានគោរពច្បាប់ និងបទដ្ឋានអន្តរជាតិសូម្បីតែបន្តិច បន្ទាប់ពីចាប់ខ្លួន និងឃុំឃាំងលោកដោយបំពាន អស់ជាង ២ឆ្នាំ។ ចំណែក ឯកអគ្គរដ្ឋទូតកាណាដាប្រចាំក្រុងប៉េកាំងលោក Dominic Barton ដែលបានធ្វើដំណើរទៅដល់តុលាការ និងបានជួបលោក Michael Spavor មួយភ្លែត បានអះអាងថា លោក Michael Spavor អាចមានលទ្ធភាពធ្វើបណ្តឹងឧទ្ធរណ៍បាន ហើយកំពុងពិចារណាជាមួយមេធាវី។ មានជំនាញខាងទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយធ្លាប់ជួបលោក គីម ជុងអ៊ុន ជាច្រើនលើក ព្រមទាំងធ្លាប់បានសម្របសម្រួលឱ្យមានទស្សនកិច្ចជាច្រើន នៅព្យុងយ៉ាង លោក Michael Spavor និងលោក Michael Kovrig អតីតអ្នកការទូតកំពុងបម្រើការឱ្យអង្គការវិភាគនយោបាយ International Crisis Group ត្រូវបានអាជ្ញាធរប៉េកាំង ចាប់នៅថ្ងៃទី១០ ខែធ្នូ ក្នុងពេលដែលកាណាដា និងចិន កំពុងមានវិបត្តិការទូត ទាក់ទងនឹងសំណុំរឿង Huawei ។ ជាផ្លូវការ ប៉េកាំងចាប់ខ្លួនអ្នកទាំងពីរ ពីបទមានការគំរាមកំហែងសន្តិសុខជាតិចិន ដែលគ្មានជាប់ចំណងអ្វីជាមួយនឹងការឃាត់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ទេ។ ចិនបដិសេធថា ពុំបានចាប់ពលរដ្ឋកាណាដាទាំង ពីររូប មកធ្វើថ្នូរនឹងការដោះលែងលោកស្រី ម៉េង វ៉ាន់ចូវ ទេ។ ប៉ុន្តែពិតជាចៃដន្យ ដែលសាលក្រមធ្លាក់មកជួនពេលដែលកំពុងមានសវនាការនៅកាណាដា ទាក់ទងនឹងសំណុំរឿងធ្វើបច្ចាប័នលោកស្រី ម៉េង វ៉ាន់ចូវ ទៅឱ្យអាមេរិក។ លោកប្រមុខការទូតកាណាដានៅចិនថា នេះមិនមែនជារឿងចៃដន្យទេ។ តុលាការចិនបានបញ្ជាក់អំពីការកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាម្នាក់ ពីបទជួញដូរគ្រឿងញៀន។ ឯជោគវាសនារបស់លោក Michael Kovrig វិញ ពុំដឹងជាយ៉ាងណាទេ លោកឯករដ្ឋទូតមិនបានទទួលដំណឹងអ្វីសោះ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here