លោក ចូ បៃដិន ប្រកាសបើក “ជំនួបកំពូលដើម្បីប្រជាធិបតេយ្យ” នៅខែធ្នូចុងឆ្នាំ

0
29

នៅថ្ងៃទី៩ និងទី១០ ខែធ្នូខាងមុខ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអ្នកដឹកនាំសង្គមស៊ីវិល ព្រមទាំងអ្នកទទួលខុសត្រូវសេដ្ឋកិច្ចពិភពលោកនឹងត្រូវអញ្ជើញឱ្យមកចូលរួមក្នុងជំនួបកំពូលដើម្បីប្រជាធិបតេយ្យ តាមអនឡាញ។ មួយឆ្នាំបន្ទាប់មកទៀត ភ្ញៀវដដែលនេះ នឹងជួបជុំគ្នាជាថ្មី ជាលើកទីពីរ ដើម្បីវាយតម្លៃអំពីវឌ្ឍនភាពរបស់ខ្លួន ជុំវិញកម្មវត្ថុ ៣ គឺប្រយុទ្ធប្រឆាំងនឹងការប្រើអំណាចផ្តាច់ការ   ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងផ្តល់សន្ទុះដល់ការគោរពសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន កាលពីថ្ងៃពុធ ទី១១ ខែសីហា។ ប្រធានាធិបតីអាមេរិកមិនទាន់លម្អិតបញ្ជីឈ្មោះប្រមុខរដ្ឋ-រដ្ឋាភិបាល ដែលត្រូវអញ្ជើញមកចូលរួម ក្នុងជំនួបកំពូលដើម្បីប្រជាធិបតេយ្យនេះទេ ប៉ុន្តែគេអាចដឹងថា នេះជាការឆ្លាស់ជំនួប G២០ និងអាចចាត់ទុកបានថា ជាជំនួបផ្គើនចិន។ G២០ ដែលជាបណ្តុំក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ២០ ដំបូងគេនៅលើពិភពលោក មាន ចិន រុស្ស៊ី ឬ អារ៉ាប៊ីសាអូឌីតផង ត្រូវបើកជំនួបកំពូលប្រចាំឆ្នាំរបស់ខ្លួន នៅប្រទេសអ៊ីតាលី ក្នុងខែតុលា។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានដដែល ដល់វេលាដែលត្រូវបង្ហាញឱ្យឃើញថា ប្រជាធិបតេយ្យអាចធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសនោះផ្ទាល់ បានប្រសើរឡើងផង និងដោះស្រាយបញ្ហាធំៗនៅលើពិភពលោកបានទៀត។ ហេតុដូច្នេះហើយបានជាអាមេរិកចង់រៀបចំជំនួបកំពូល ដើម្បីប្រជាធិបតេយ្យឱ្យបានធំទូលាយ មានតំណាងក្រុមប្រទេសកំពូលលូតលាស់ផង មិនកំរិតត្រឹមក្រុម G៧ ដែលប្រមូលផ្តុំតែប្រទេសបស្ចិមលោក ឬ ប្រទេសប្រជាធិបតេយ្យធំៗទេ។ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានចេតនាចង់ឱ្យជំនួបកំពូលដើម្បីប្រជាធិបតេយ្យ ទាំងពីរលើក ក្លាយជាឱកាសសម្រាប់មេដឹកនាំគ្រប់ប្រទេសបានស្តាប់ដៃគូ និងប្រជាពលរដ្ឋបានផ្តោះប្តូរភាពជោគជ័យ បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបាននិយាយដោយត្រង់ៗ អំពីភាពប្រឈមនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនីមួយៗ។ ចក្ខុវិស័យប្រជាធិបតេយ្យបានបើកផ្លូវឱ្យលោក បៃដិន បានទទួលជោគជ័យក្នុងដឹកនាំប្រទេសរួចទៅហើយ។ ផែនការផ្តល់សន្ទុះសេដ្ឋកិច្ច គម្រោងច្បាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាល ត្រូវបានសមាជិកសភា និងព្រឹទ្ធសភាទាំងពីរគណបក្សគាំទ្រអនុម័ត ព្រមទាំងបានស្ថាបនាសម្ព័ន្ធភាព ជាមួយដៃគូប្រជាធិបតេយ្យឡើងវិញទៀត និងការផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋបាន ៧០% នេះ ជាស្នាដៃរយៈពេល ៦ខែដំបូងរបស់លោកប្រធានាធិបតី ដែលសេតវិមានបានរៀបរាប់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here