ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណិត្តិទី៣ ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍រីកសម្រើនរបស់ខេត្ត

0
63

ខេត្តត្បូងឃ្មុំៈ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណិត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។


កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណិត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្តីពា្រង គម្រោងថវិកាចំណូល និងចំណាយប្រចាំឆ្នាំ២០២២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ៤ -បញ្ហាផ្សេងៗ ។
លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម២៤លើ២៤សម្លេង ។


ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់កន្លងមក ។


ឯកឧត្តម ស៊ាក ឡេង បានជំរុញឲ្យរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាព ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា ក៍ដូចជាសំណើរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អោយបានទាន់ពេលវេលា ជាពិសេសក្នុងដំណាក់ការកូវីដ១៩ កំពុងរីករាលដាលនៅកម្ពុជា និងត្រូវពង្រឹង វិធានការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺបម្លែងថ្មី (Delta) មិនអោយចូលដល់មូលដ្ឋានខេត្តត្បូងឃ្មុំបានឡើយ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here