សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនលោកតា និងលោកយាយ អាយុ១០០ឆ្នាំឡើង ចំនួន៤នាក់ នៅខេត្តត្បូងឃ្មុំ ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

0
116

ខេត្តត្បូងឃ្មុំៈ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា និងលោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។

លោកតា និងលោកយាយទាំង៤នាក់ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះ រួមមាន៖
.ទី១៖ លោកតាឈ្មោះ យ៉ាំ ហយ អាយុ១០០ឆ្នាំ រស់នៅភូមិទី៦ ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ
.ទី២៖ លោកយាយឈ្មោះ កៅ ម៉ាស់ អាយុ១០១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិគរ ឃុំគរ ស្រុកត្បូងឃ្មុំ
.ទី៣៖ លោកតាឈ្មោះ ឡាក់ គិច អាយុ១០១ឆ្នាំ ភូមិលេខបួនកើត ឃុំអំពិលតាពក ស្រុកអូររាំងឪ
.ទី៤៖ លោកតា ណឹម ស៉ីម អាយុ១០១ឆ្នាំ រស់នៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ ។


លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់ នៅឱកាសនេះ ។
ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹករលឹក និងស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកជំទាវ ឱ វណ្ណឌីន ផងដែរ។ លោកតា និងលោកយាយបន្ថែម តាំងពីដើមរហូតមកដល់ពេលនេះ មិនមានអ្នកណាដឹកនាំល្អដូចសម្ដេចតេជោ ហ៊ុន សែន នោះឡើយ ។
បើតាមការសាកសួរចំពោះករណីលោកយាយ កៅ ម៉ាស់ ហាក់មានសុខភាពល្អជាងកាលពីពេលមិនទាន់បានចាក់វ៉ាក់សាំង ទាំងការសំរាននិងការហូបចុកប្រចាំថ្ងៃជាដើម ដែលធ្វើឲ្យកូនចៅរបស់គាត់ មានក្ដីសប្បាយរីករាយជាខ្លាំង ។


បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការសម្រេចចិត្តទៅចាក់វ៉ាក់សាំងពីសំណាក់លោកតា និងលោកយាយ ដែលមានជន្មាយុចាប់១០០ឆ្នាំឡើង គឺបង្ហាញពីគំរូមួយដ៏ល្អសម្រាប់មនុស្សពេញវ័យ និងកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដើម្បីទៅទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ។


បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ បើគិតចាប់ពីថ្ងៃចាប់ផ្ដើមចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ រហូតមកដល់ថ្ងៃទី១១ ខែសីហានេះ មានលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង មានសរុបចំនួន ៦នាក់ហើយ ដែលទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់ជូន ។
ដោយឡែក ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី១០ ខែសីហានេះ មានអ្នកចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង១៨០.១១១នាក់ហើយ និងដោយឡែកអ្នកកំពុងបានចាក់វ៉ាក់សាំងដូសលើកទី២ បានចំនួន ៥៩.២០៩នាក់ផងដែរ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here