បុរសម្នាក់បានបើករថយន្ត មួយគ្រឿង ម៉ាក តាកូម៉ា បើកទៅបុករះជាមួយរថយន្ត ៣គ្រឿង ទៀតបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ៤០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត មួយគ្រឿង ម៉ាក Tacoma ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AU-2256 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តខាងលើបានទៅបុកពីក្រោយរថយន្ត Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2088 ដែលបើកបរក្នុងទិសដៅស្របគ្នា ។ក្រោយមករថយន្ត Tacoma ក៏បាន ថយក្រោយ ក្នុងគោលបំណងបើករត់គេចខ្លួន តែក៏បានទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-6633បណ្តាលឲ្យរងការ ខូចខាត ផ្នែកខាងក្រោយចំហៀងខាងឆ្វេងបែកស្តុបក្រោយ រួចរថយន្ត Tacoma ក៏បន្តបើក រត់គេច ទៀត ក៏ទៅបុកជាមួយរថយន្ត មួយគ្រឿង ទៀត ម៉ាក Infinitl QX56 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2AA-8118 បណ្តាលឲ្យរងការខូចខាតផ្នែក ខាងមុខ ចំហៀងខាងស្តាំ ទើបរថយន្ត Tacoma ខាងលើ មិនអាចបន្តដំណើរទៅមុខទៀតបាន ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តម៉ាក Tacoma ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ ខ្លួនតែម្តង។
ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួន ជនបង្កយកទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែទី១ និងបានសហការជាមួយជំនាញ ការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បី រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។
សូម បញ្ជាក់ ផងដែរថាជនបង្ករខាងលើ សមត្ថកិច្ច បានឆែកឆេក្នុងហោប៉ៅខោឃើញ មានឧបករណ៍ប្រើប្រាស់គ្រឿងញៀនផងដែរ៕