បង់ក្លាដែសចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

0
39

មានករណីឆ្លងកូវីដ១៩ សរុបជាង ១លាន ៣សែននាក់ និងមានមនុស្សស្លាប់ ២២ ៨៩៧ នាក់ បង់ក្លាដែសកំពុងប្រឈមនឹងរលកឆ្លងថ្មីនៅគ្រប់ទីកន្លែង ដោយសារមេរោគបំប្លែងខ្លួន“ដែលតា”។ ក្នុងជំរំជនភៀសខ្លួន ក្នុងស្រុក Cox’s Bazar ដែលប្រមូលផ្តុំជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង ៨សែននាក់ មេរោគកូវីដ១៩ បានឆ្លងរាតត្បាតទៅមនុស្សជាង ២ម៉ឺននាក់ និងសម្លាប់មនុស្ស ២០០០នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលលឿននៃមេរោគកូវីដ១៩ រដ្ឋាភិបាលបង់ក្លាដែសបានរួមគ្នា ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អង្គការគ្រូពេទ្យគ្មានព្រំដែន និងកាកបាទក្រហមអន្តរជាតិ ដើម្បីផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងជំរំភៀសខ្លួននៅស្រុក Cox’s Bazar។ តាមអ្នកទទួលខុសត្រូវផ្នែកសុខភាពរបស់ស្រុក Cox’sBazar ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង រយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើម កាលពីថ្ងៃអង្គារ គេគ្រោងនឹងចាក់វ៉ាក់សាំងដល់ជនជាតិរ៉ូហ៊ីងយ៉ា ឲ្យបានជាង ៤ម៉ឺននាក់។ ប្រធានសហគមន៍រ៉ូហ៊ីងយ៉ា បុគ្គលិកស្ម័គ្រចិត្តដែលធ្វើការនៅក្នុងជំរំ និងជនជាតិរ៉ូហ៊ីងយ៉ា ដែលមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ ជាក្រុមមនុស្សដែលត្រូវទទួលវ៉ាក់សាំងបង្ការកូវីដ១៩ Sinopharm ផលិតនៅប្រទេសចិន។ អ្នកទទួលខុសត្រូវរបស់អង្គការគ្រូពេទ្យគ្មានព្រំដែនប្រចាំនៅបង់ក្លាដែសលោក Romain Briey បាននិយាយថា អ្នកដែលមានបញ្ហាសុខភាព ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម រោគហឺត ឬ ជំងឺធាត់ជ្រុលនឹងទទួលបានអាទិភាពចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃអង្គារ អង្គការកាកបាទក្រហមបានអះអាងថា វ៉ាក់សាំងបង្ការកូវីដ១៩ ជាអំណោយដ៏សំខាន់ សម្រាប់ឲ្យគ្រួសាររ៉ូហ៊ីងយ៉ាត្រលប់ទៅរស់នៅក្នុងភាពថ្លៃថ្នូរ វិញ ព្រោះដោយសារកូវីដ១៩ ជនជាតិរ៉ូហ៊ីងយ៉ាត្រូវរស់នៅបិទខ្ទប់គ្មានសេរីភាពនៅក្នុងជំរំមួយ ដែលពួកគេពិបាកនឹងទទួលបានទឹកស្អាត និងសេវាពេទ្យរួចស្រាប់ហើយនោះ។ មកជ្រកកោនក្នុងជំរំភៀសខ្លួនក្នុងទឹកដីបង់ក្លាដែស បន្ទាប់ពីរត់គេចចេញពីអំពើហិង្សា ការធ្វើទុក្ខម្នេញក្នុងរដ្ឋរ៉ាឃីន ប្រទេសភូមា ប្រជាជនរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម ជាង ១លាននាក់ គ្មានសង្ឃឹមនឹងត្រលប់ទៅរស់នៅក្នុងទឹកដីភូមា ក្នុងពេលឆាប់ៗខាងមុខនេះទេ។ ជាមួយយន្តការកូវ៉ាក់ ដែលសន្យាផ្តល់វ៉ាក់សាំងជាង ១០លានដូស ដល់បង់ក្លាដែស  អង្គការអន្តរជាតិបានទាមទារឲ្យរដ្ឋាភិបាលបង់ក្លាដែស រក្សាទុកវ៉ាក់សាំងមួយផ្នែក សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រូវបានលើកពេលជាច្រើនដង ដោយសារបង់ក្លាដែសខ្វះខាតមិនដែលបានទទួលវ៉ាក់សាំងពីយន្តការកូវ៉ាក់ ឬ វ៉ាក់សាំងដែលបង់ក្លាដែសបានកុម្ម៉ង់ទិញពីឥណ្ឌា ក្រោយឥណ្ឌាប្រកាសផ្អាកនាំចេញសម្រាប់ការប្រើប្រាស់ក្នុងស្រុក កាលពីខែមេសាកន្លងទៅ។ គិតរហូតមកដល់ពេលនេះ មានតែ ៥%នៃប្រជាជនសរុប ១៦០លាននាក់ របស់បង់ក្លាដែស ដែលបានទទួលវ៉ាក់សាំងបង្ការកូវីដ១៩៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here