ចិនធានាថា នឹងគោរពឲ្យបានតាមការសន្យា កាត់បន្ថយបញ្ចេញឧស្ម័ន

0
124

មួយថ្ងៃក្រោយពីចេញរបាយការណ៍អាកាសធាតុរបស់អ្នកជំនាញអន្តររដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដែលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរនៃការឡើងកម្តៅផែនដី គេបានសំឡឹងទៅមើលចិន ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេបំផុតនៅលើពិភពលោក។ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ពាក្យសម្តីធានាជាបឋមចេញពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដែលគូសបញ្ជាក់ថា «ពិភពលោកគួរមានទំនុកចិត្ត ចំពោះការសន្យារបស់មហាប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»។ ការទូតចិន បញ្ជាក់ទៀតថា «ខ្លួនប្រកាន់ខ្ជាប់ការសន្យានេះយ៉ាងជាប់លាប់ តាំងតែពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ពីឆ្នាំ២០១៥ រហូតមក ហើយចិនក៏បាននិងកំពុងបន្តអនុវត្តឲ្យចេញជាសកម្មភាពជាក់ស្តែង និងដោយភាពស្មោះត្រង់»។ កាលពីខែកក្កដា ចិនកំណត់តម្លៃទីផ្សារកាបូននៅក្នុងស្រុក។ ក្រុមហ៊ុនឧស្សាហកម្មចិនដែលបញ្ចេញឧស្ម័នបំពុលបរិស្ថាន ត្រូវបង់ប្រាក់ជូនរដ្ឋ ក្នុង ១តោន គឺត្រូវបង់ ៥០យ៉ន់ ប្រហែលជាង ៦អឺរ៉ូកន្លះ។ រដ្ឋចិនបានគាំទ្រយន្តការផលិត និងលក់រថយន្ត ដែលដើរដោយថាមពលអគ្គិសនី។ របាយការណ៍ថ្មីៗនេះ បានឲ្យដឹងថា រថយន្តប្រមាណ ៥ភាគរយ លក់នៅស្រុកចិន គឺដើរដោយថាមពលអគ្គិសនី។ ចិនថែមទាំងបានជំរុញ និងចូលរួមដាំដើមឈើ បើគិតជាមធ្យមក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានដាំដើមឈើ ចំនួន ៤០ពាន់លានដើម។ ជារួម ផ្ទៃដី ២២ភាគរយរបស់ចិន បានត្រូវ គ្របដណ្តប់ដោយព្រៃឈើឡើងវិញ។ ព្រៃស្រុកចិនកើនឡើង ប្រសិនបើធៀបនឹងឆ្នាំ១៩៧៨ ដែលចិនមាន កម្រាស់ព្រៃតែ ១២ភាគរយប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ មហាយក្សចិននៅរំពឹងខ្លាំងលើថាមពលធ្យូងថ្ម សម្រាប់បញ្ឆេះក្បាលម៉ាស៊ីនសេដ្ឋកិច្ច ឧស្សាហកម្ម។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យបើកដំណើរការរោងចក្រឧស្សាហកម្មធ្យូងថ្មជាថ្មីឡើងវិញ ចំនួន ១៥ រោងចក្រ នៅតំបន់ប៉ែកនិរតីនៃផ្ទៃប្រទេស។ ក្រុមហ៊ុនចិន ចំនួន ៣៨ទៀត ខាងផលិតធ្យូងថ្ម នៅជាប់ប្រទេសម៉ុងហ្គោលី ក៏ចាប់ផ្តើមសកម្មភាពវិញដែរ។ មជ្ឈមណ្ឌលចិនទទួលបន្ទុកខាងអគ្គសនីបានបញ្ចេញធ្យូងថ្ម ១០លានតោន ចេញពីស្តុករបស់រដ្ឋ។ រដ្ឋាភិបាលចិនក៏គ្រោងនឹងបង្កើនការបញ្ចេញធ្យូងថ្មពីស្តុកជាតិថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គីសនីចំពោះមុខ ព្រោះរដ្ឋមិនចង់ឃើញបញ្ហាខ្វះអគ្គីសនីដូចឆ្នាំ២០២០កន្លងទៅទេ។ ដូច្នេះ ចិនច្បាស់ជាមិនអាចគោរពសន្យាបានជាប់លាប់នោះទេ ដរាបណាចិននៅតែរំពឹងលើធ្យូងថ្មជាត្រីមុខ។ ទើបជាដំណោះស្រាយ អ្នកជំនាញអាកាសធាតុមួយក្រុមនៅសហរដ្ឋអាមេរិក យល់ថា ចិនត្រូវបន្តសកម្មភាពឲ្យខ្លាំងជាងមុន នៅលើផ្នែកដាំដើមឈើ ជំរុញការប្រើប្រាស់រថយន្តដើរដោយអគ្គីសនី ត្រូវផលិតថាមពលស្អាត និងថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ ។ នៅស្រុកចិន វិស័យទាំងពីរនេះ នៅមានតិចនៅឡើយ ត្រឹមតែ ១៥ភាគរយប៉ុណ្ណោះនៃតម្រូវការអគ្គិសនីបច្ចុប្បន្ន។ ប្រសិបើចិនចង់កាត់បន្ថយការផលិតឧស្ម័នបញ្ចេញទៅបរិយាកាស ឲ្យបាន ៩០ភាគរយ គឺច្បាស់ជាត្រូវរំពឹងលើថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរនេះហើយ។ ចំណុចនេះ រដ្ឋាភិបាលចិនបានគិតគូររួចស្រេចដែរ ដ្បិតថា ការវិនិយោគលើថាមពលនុយក្លេអ៊ែរ បានកើនខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយ។ ចិនរំពឹងថា នៅរវាង ១៥ឆ្នាំទៀត គឺសមត្ថភាពផលិតថាមពលនុយក្លែអ៊ែររបស់ចិន គឺស្មើនឹងសមត្ថភាពផលិតថាមពលនាពេលបច្ចុប្បន្នរបស់បារាំង និងអាមេរិកបូកបញ្ចូលគ្នា៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here