រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​រឿង​មន្ត្រី​ចោទ​ចោទប្រកាន់​លោក​ផាន អូន អគ្គនាយកដ្ឋាន ក​.​ប​.​ប​ប្រព្រឹត្ត​អំពើពុករលួយ​

0
63

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ចំពោះ​ករណី​មន្ត្រី​មួយចំនួន​បាន​ចោទប្រកាន់​លោក​ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​នៃ ក្រសួងពាណិជ្ជកម្ម​បាន​ប្រព្រឹត្ត​អំពើពុករលួយ​អំពើពុករលួយ គឺ​ក្រសួង​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​គឺ​មិនមាន បញ្ហា​អ្វី​ទេ ពីព្រោះ​កិច្ចការងារ​នេះ ជា​កិច្ចការ​ផ្ទៃក្នុង​។​

ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​មន្ត្រី​មួយចំនួន​បាន​ចោទប្រកាន់​លោក ផាន អូន ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​កាត់​ប្រាក់​យន្ត​ការដែល​ក្រសួង​បានផ្តល់​ឲ្យ​ស្ថាប័ន​តាម​រាជធានី ខេត្ត​ក្នុង​ការចំណាយ ផ្សេងៗ ដើម្បី​អនុវត្ត​ផែនការ​ការងារ​ប្រចាំខែ​របស់​ស្ថាប័ន​ទាំងនោះ​ជំនួស​វិញ​។​

លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា នេះ​ថា “​យើង​នឹង​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​អត់​មាន​បញ្ហា​អី​ទេ កិច្ចការ​នេះ​គឺជា​កិច្ចការ​ផ្ទៃក្នុង​ទេ យើង​ជជែក​គ្នា​ក្នុង​ផ្ទៃក្នុង​ហើយ នឹងមាន​ការដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​”​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា “​ការកែទម្រង់​ជាការ​ធម្មតា​ទេ តាមពិតទៅ​យើង​មាន​ភាព​រីកចម្រើន​ច្រើនណាស់​ក្នុង​កិច្ចការ​កែទម្រង់​នេះ តាម​បញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​នេះ​ជា​បញ្ហា​តិចតួច ហើយ​យើង​បាន​ដោះស្រាយ​ផ្ទៃក្នុង​អស់ហើយ​”​។​

ប្រភពពី​មន្ត្រី​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម​បាន​ហាមឃាត់​សកម្មភាព​អំពើពុករលួយ​លែង​ឲ្យ​មាន​កាត់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​មន្ត្រី ក​.​ប​.​ប​. ប្រចាំខែ​រូ​ចមក គឺ​លោក​ផាន អូន បាន​បង្វែ​សកម្មភាព​ពុករលួយរ​បស់​ខ្លួន​កាត់​ប្រាក់ យន្ត​ការដែល​ក្រសួង​បានផ្តល់​ឲ្យ​ស្ថាប័ន​តាម​រាជធានី ខេត្ត ក្នុងការ​ចំណាយ​ផ្សេងៗ​ដើម្បី​អនុវត្ត​ផែនការ​ការងារ​ប្រចាំខែ របស់​ស្ថាប័ន​ទាំងនោះ​ជំនួស​វិញ ហើយ​លោក​ផាន អូន បាន​បែងចែក​មួយចំនួន​សម្រាប់​ខ្លួនឯង​និង​មួយចំនួនទៀត​ដាក់ចូល ទៅ​មន្ត្រី​មួយចំនួន​នៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ធ្វើជា​ខ្នងបង្អែក​។​

លោក ផាន អូន (រូបឯកសារ)

​មន្ត្រី​បាន​បន្តថា នៅពេលនេះ លោក​ផាន អូន បាន​តម្រូវ​ឲ្យ​ប្រធាន​សាខា និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម រ៉ៃ​អង្គាស​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​រ៉ាប់រង​ការចំណាយ​របស់​អង្គភាព​ទៅវិញ ខណៈដែល​ក្រសួង​បានផ្តល់​ឲ្យ​សម្រាប់​អនុវត្ត​ការងារ​ប្រចាំខែ​នោះ ត្រូវបាន​លោក​ផាន អូន និង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ស៊ីដាច់​អស់ហើយ​។​

ជាមួយគ្នានេះ ក្រុមមន្ត្រី​បានស្នើ​ឲ្យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​ចំពោះ​លោក ផាន អូន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ពីព្រោះ​លោក​ផាន អូន តែងតែ​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​បិទបាំង​អំពើអាក្រក់​របស់ខ្លួន ដោយ​អះអាងថា អ្វីៗ​ដែល​គាត់ (​ផាន អូន​) បានធ្វើ​គឺ​ដើម្បី​ថ្នាក់ដឹកនាំ​តែប៉ុណ្ណោះ​។​

ក្រុមមន្ត្រី​បាន​ទម្លាយ​ទៀតថា បន្ទាប់ពី​មានការ​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ផាន អូន​គឺ​ក្រសួងពាណិជ្ជកម្ម បានធ្វើ​កំណែទម្រង់​ឲ្យ​ម​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​អាច​បើកប្រាក់​លើកទឹកចិត្តរ​បស់​ខ្លួន​តាម​ធនាគារ​ដើម្បី​បញ្ឈប់​ការ​កាត់​ប្រាក់​លើកទឹកចិត្ត​របស់​ពួកគេ​ពី​លោក​ផាន អូន ជា​បន្តទៀត​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក​ផាន អូន នៅតែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ដោយ​រលូន​ដដែល តែ​ធ្វើឡើង​តាម​វិធី​ផ្សេង​ដូចជា​កាត់លុយ​ស្ថាប័ន​តាម​រាជធានី ខេត្ត​ជាដើម​។​
ទាក់ទង​ការចោទប្រកាន់​នេះ លោក​ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​នៃ​ក្រសួងពាណិជ្ជកម្ម​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

សូមជម្រាបថា លោក​ផាន អូន ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អគ្គនាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ជំនួស​លោក​ម៉ក់ ពេជ្រ​រិ​ទ្ធ​។ ក្រោយពី​ទទួលបាន​កាន់តំណែង​នេះ លោក​ផាន អូន បានរៀបចំ​ខ្សែ​បណ​ញ​តា​ញ​ជា​សាច់ញាតិ​របស់​ខ្លួ​ក្នុងតួនាទី​សំខាន់ៗ ដើម្បី​អាច​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ដោយ​រលូន​គ្មាន​ការរាំងស្ទះ​។
គួរ​បញ្ចា​ក់ថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ប្តូរ​ឈ្មោះ​ថ្មី​ទៅជា​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here