អង្គការសហប្រជាជាតិព្រមានពីឧក្រិដ្ឋកម្មសង្រ្គាម នៅទឹកដីអាហ្វហ្កានីស្ថាន

0
32

ក្រុមតាលីបង់ដែលពង្រីកដែនគ្រប់គ្រង ៦៥%នៃទឹកដីអាហ្វហ្កានីស្ថាន បានវាយដណ្តើមគ្រប់គ្រងទីក្រុងអាហ្វហ្កានីស្ថាន ចំនួន ៧ នៅក្នុងរយៈពេលតែ ៥ថ្ងៃ និងកំពុងឡោមព័ទ្ធគំរាមវាយបកទីក្រុងសំខាន់ៗ ចំនួន ១១ ផ្សេងទៀត ដែលនៅក្នុងនោះមានរដ្ឋធានីកាប៊ូលផងដែរ។ កាលពីថ្ងៃអង្គារ ក្រុមតាលីបង់បានវាយចូលកាន់ទីតាំងរដ្ឋបាលអាហ្វហ្កានីស្ថានក្នុងទីក្រុង Aybak របស់ខេត្ត Samangan ដែលស្ថិតនៅចន្លោះរដ្ឋធានីកាប៊ូល និង Maza I sharif ទីក្រុងធំសំខាន់បំផុតនៅភាគខាងជើង។ បើសិនក្រុមតាលីបង់វាយយកបាន ទីក្រុងនៅភាគខាងជើងមួយទៀត នោះរដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងបាត់បង់កម្លាំងគាំទ្រយោធាដ៏សំខាន់មួយពីតំបន់ខាងជើង។ មន្រ្តីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ធ្លាប់និយាយប្រាប់អ្នកកាសែតថា លោកប្រធានាធិបតីអាហ្វហ្កានីស្ថានបានព្យាយាមកេណ្ឌប្រមូលក្រុមប្រដាប់អាវុធ និងប្រជាជននៅតាមតំបន់ឲ្យងើបតស៊ូប្រឆាំងក្រុមតាលីបង់ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថាន។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានអះអាងជាថ្មីថា អាមេរិកនឹងនៅបន្តដកទ័ពតាមកាលកំណត់ ចំណែកការប្រយុទ្ធ ការពារប្រទេសអាហ្វហ្កានីស្ថាន ជាកាតព្វកិច្ចរបស់កងទ័ពអាហ្វហ្កានីស្ថាន។ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារថា ការបង្កើតចលនាគាំទ្ររដ្ឋាភិបាល ដើម្បីប្រយុទ្ធតតាំងនឹងក្រុមតាលីបង់ នៅតាមទីក្រុងនឹងគំរាមកំហែងអាយុជីវិតប្រជាជនស៊ីវិល។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យក្រុមតាលីបង់បញ្ឈប់ជាបន្ទាន់ ការវាយប្រហារទៅលើទីក្រុងអាហ្វហ្កានីស្ថាន ព្រោះថា ការប្រយុទ្ធគ្នានៅតាមទីក្រុង រវាងក្រុមតាលីបង់ និងកងទ័ពរដ្ឋាភិបាល នៅមួយខែមកនេះ បានសម្លាប់ប្រជាជនស៊ីវិលយ៉ាងតិច ១៨៣ នាក់ និងរបួសជាង ១១០០នាក់ ដែលនៅក្នុងនោះមានកុមារអាហ្វហ្កានីស្ថានផងដែរ។ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សបានទទួលការរាយការណ៍ថា ក្រុមប្រយុទ្ធតាលីបង់បានប្រហារជីវិតមន្រ្តីទាហានរដ្ឋាភិបាល និងប្រជាជនអាហ្វហ្កានីស្ថាននៅតាមទីក្រុង ដែលក្រុមនេះបានវាយដណ្តើមកាន់កាប់នៅប៉ុន្មានថ្ងៃមកនេះ។ សម្រាប់ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស ការសម្លាប់ប្រជាជនស៊ីវិល ជាការរំលោភច្បាប់អន្តរជាតិផ្នែកមនុស្សធម៌ និងអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។ នៅក្នុងកិច្ចប្រជុំ ដើម្បីសន្តិភាពនៅអាហ្វហ្កានីស្ថាន បេសកជនពិសេសរបស់អាមេរិកសម្រាប់អាហ្វហ្កានីស្ថាន បានព្រមានហើយថា សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់រដ្ឋាភិបាលណា ដែលចូលកាន់កាប់ប្រទេសតាមរយៈការប្រយុទ្ធធ្វើសង្រ្គាមនោះទេ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here