ចម្រោះទឹកស្អុយយកមកប្រើវិញ ជាដំណោះស្រាយមួយនៃកង្វះទឹក

0
65

ប្រឈមនឹងកង្វះទឹកដែលភពផែនដីកំពុងជួបប្រទះខ្លាំងឡើងៗ គេរកឃើញមានដំណោះស្រាយមួយ គឺការចម្រោះសម្អាតទឹកស្អុយយកមកប្រើវិញ។ នេះជាការគូសបញ្ជាក់របស់អង្គការសហប្រជាជាតិ ដែលជំរុញឱ្យប្រទេសនីមួយៗ ចាប់ផ្តើមគិតគូរប្រើប្រព័ន្ធសម្អាតទឹកស្អុយ ដើម្បីធានារក្សាធនធានទឹកក្រោមដីដែលមានបរិមាណកំណត់។ ការសម្អាតទឹកស្អុយអាចយកមកប្រើច្រើន ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម អនាម័យក្រុង ឬ សម្រាប់បញ្ចុះសីតុណ្ហភាពរោងចក្រអគ្គីសនី និងអាចប្រើជាទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំរបស់ប្រជាពលរដ្ឋទូទៅដែរ។ ប្រទេសណាមីប៊ី បានយកទឹកលូ ឬ ទឹកស្អុយ ញែកចម្រោះជាទឹកស្អាតសម្រាប់បរិភោគ តាំងពីឆ្នាំ១៩៦០។ នៅតំបន់មេឌីទែរ៉ាណេបារាំង នៅតិចសាស់ កាលីហ្វ័រនីញ៉ាជាដើម គេសម្អាតទឹកលូ សម្រាប់ប្រើក្នុងប្រព័ន្ធធារាសាស្ត្រ ស្រោចស្រប់ស្រែចម្ការ ដំណាំកសិកម្ម។ សិង្ហបុរីអាចចាត់ទុកជាជើងឯកពិភពលោក ខាងចម្រោះសម្អាតទឹកស្អុយ។ បច្ចុប្បន្ននេះ ៤០% នៃទឹកប្រើប្រាស់នៅសិង្ហបុរីបានមកពីការចម្រោះសម្អាតទឹកស្អុយ និងចង់ដំឡើងឱ្យដល់ ៥៥% នៅឆ្នាំ២០៦០។ នៅកំរិតពិភពលោកវិញ ទឹកស្អុយប្រមាណ ៨០% ត្រូវហូរធ្លាក់ទៅក្នុងសមុទ្រ ទៅក្នុងធម្មជាតិ និងប្រព័ន្ធអេកូសាស្ត្រ ដោយគ្មានការសម្អាត គ្មានការសម្លាប់មេរោគអ្វីទាំងអស់។ ចំណែក បារាំងនឹងចាប់ផ្តើមបើកគម្រោងចម្រោះទឹកស្អុយជាទឹកស្អាតសម្រាប់បរិភោគ នៅឆ្នាំ២០២៤ ដែលជាគម្រោងដំបូងបំផុតសម្រាប់អឺរ៉ុប។ ពីមុនមក មានតែតំបន់ភ្នំ តំបន់ប្រជុំកោះ តំបន់ត្រូពិក តំបន់ប៉ូលខាងជើងទេ ដែលមានហានិភ័យជួបគ្រោះខ្វះទឹក ប៉ុន្តែពេលនេះ តំបន់ប្រជុំជនធំៗនៅអាស៊ីអាហ្វ្រិក នៅដើមបូព៌ាកាន់តែច្រើនឡើង ក៏ចាប់មានបញ្ហាខ្វះទឹកដែរ។ បើតាមការព្យាកររបស់អ្នកជំនាញអាកាសធាតុ តំបន់អឌ្ឍគោលខាងជើងនឹងមានភ្លៀងធ្លាក់កាន់តែច្រើន នៅរដូវរងារ និងភ្លៀងកាន់តែតិចនៅរដូវក្តៅ។ ទឹកនឹងហួតអស់ ៧%បន្ថែម បើកម្តៅសីតុណ្ហភាពនៃភពផែនដីឡើងលើសតែមួយអង្សា។ ហេតុដូច្នេះហើយ បានជាអង្គការសហប្រជាជាតិជំរុញឱ្យគ្រប់ប្រទេសចាប់ផ្តើមគិតគូរការចម្រោះទឹកស្អុយមកប្រើប្រាស់វិញចាប់ពីថ្ងៃនេះឱ្យបានកាន់តែឆាប់ ព្រោះគេនឹងត្រូវចំណាយកាន់តែអស់ច្រើន ដោយត្រូវធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងទឹកស្អុយ កាលណាការបំពុលទឹកកាន់តែយូរ ទឹកនឹងកាន់តែពុលខ្លាំង ការចម្រោះ និងសម្អាតកាន់តែពិបាក និងថ្លៃខ្លាំង។ បើតាមអ្នកដឹកនាំសរសេររបាយការណ៍អំពីទឹក ការចម្រោះទឹកស្អុយមកប្រើវិញ ចំណាយច្រើនជាងចម្រោះទឹកស្ទឹង ទន្លេ ៥ ដង តែទាប និងស៊ីថាមពលតិចជាងការបន្សាបទឹកសមុទ្រមកធ្វើទឹកសាបអាចប្រើប្រាស់បាន។ សម្រាប់អ្នកជំនាញសុខាភិបាល វិទ្យាសាស្ត្របច្ចុប្បន្នមានសមត្ថភាពអាចចម្រោះទឹកស្អុយមកជាទឹកស្អាតបាន ឱ្យតែរដ្ឋាភិបាលហ៊ានចំណាយ “ថវិកា” តែបញ្ហាធំ គឺឧបសគ្គផ្លូវចិត្ត។ គេពិតជាពិបាកជម្រះគំនិតខ្ពើមទឹកស្អុយ ជាងចម្រោះទឹកស្អុយមកជាទឹកស្អាតណាស់។ គេទំនងជាត្រូវការប្រើពេលវេលាយូរ ទើបអាចយកឈ្នះមតិសាធារណៈបាន។ ការទទួលទានទឹកស្អុយចម្រោះសម្អាតហើយ គ្មានគ្រោះថ្នាក់ដល់សុខភាពទេ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here