ក្រសួងប្រាប់ពេទ្យឯកជន-ឱសថស្ថាន ឱ្យធ្វើតេស្ត និងលក់ឧបករណ៍តេស្ត ក្នុងតម្លៃសមរម្យ

0
168

មន្ទីរពេទ្យឯកជន និងគ្លីនិក ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ដល់ពលរដ្ឋក្នុងតម្លៃទាបសមស្រប។ ជាមួយគ្នានេះ ក្រសួងក៏ណែនាំឱ្យឱសថស្ថាន និងឱសថស្ថានរង លក់ឧបករណ៍តេស្តរហ័សដល់ពលរដ្ឋនៅក្នុងតម្លសមរម្យផងដែរ។ នេះបើតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ សីហា ដោយក្រសួង ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ រៀបចំកន្លែងធ្វើតេស្តរហ័សដល់ពលរដ្ឋដែលមិនមានលទ្ធភាពទិញឧបករណ៍តេស្ត នៅតាមទីតាំងស្រុក-ខណ្ឌ ឬឃុំ-សង្កាត់តែម្តង។

ក្រសួងសុខាភិបាល បានចេញសារាចរណែនាំមួយនៅថ្ងៃទី ១០ ខែសីហា ដល់មូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ជុំវិញការធ្វើតេស្តរហ័ស និងការលក់ឧបករណ៍តេស្តរហ័ស ដើម្បីចូលរួមចំណែកកាត់បន្ថយការរីករាលដាល នៃជំងឺកូវីដ-១៩។ តាមសារាចរណែនាំនោះ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំកន្លែងធ្វើតេស្ត នៅតាមស្រុក-ខណ្ឌ ឬឃុំ-សង្កាត់ រហ័សដល់ពលរដ្ឋដែលមិនមានលទ្ធភាព។ ចំពោះការធ្វើតេស្ត និងលក់ឧបករណ៍តេស្តដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ដោយផ្នែកឯកជន ក៏ត្រូវតែមានតម្លៃទាបសមស្រប។

បើតាមសារាចរណែនាំមន្ទីរពេទ្យឯកជន និងគ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ត្រូវផ្តល់សេវាធ្វើតេស្តរហ័ស និងលក់ឧបករណ៍តេស្តរហ័ស ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ដល់ពលរដ្ឋក្នុងតម្លៃទាបសមស្រប។

ក្រៅពីណែនាំទៅមូលដ្ឋានសុខាភិបាលឯកជន ក្រសួងសុខាភិបាល ក៏ប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ឱ្យរៀបចំកន្លែងយកសំណាក ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពទិញឧបករណ៍តេស្តរហ័ស ដោយមន្ត្រីមូលដ្ឋាន ឬក្រុមអ្នកស្រ័គ្រចិត្តនៅតាមស្រុក-ខណ្ឌ ឬឃុំ-សង្កាត់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល  ក៏ណែនាំឱ្យមូលដ្ឋានសុខាភិបាលរដ្ឋទាំងអស់ ត្រូវប្រើឧបករណ៍តេស្តរហ័សផ្តល់ដោយក្រសួងសុខាភិបាល និងត្រូវគ្រប់គ្រង និងពិនិត្យឱ្យបានច្បាស់លាស់ កុំឱ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។

ចំពោះស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងទីតាំងដែលមានអង្គការចាត់តាំង ត្រូវធ្វើតេស្តជាប្រចាំទៅលើមន្ត្រី និងបុគ្គលិករបស់ខ្លួន ហើយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នឹងបន្តចែកចាយឧបករណ៍តេស្តរហ័សជូនក្នុងតម្លៃដើម។ នេះបើតាមសារាចរដដែល ដោយបានបន្តទៀតថា តំបន់ដែលមានផ្ទុះជំងឺកូវីដ-១៩ ជាតំបន់បិទខ្ទប់ ត្រូវបានកំណត់វាយតម្លៃលើប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងធ្វើតេស្តរហ័ស ឬធ្វើតេស្ត PCR ស្របតាមបទដ្ឋាន បច្ចេកទេសសុខាភិបាល។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា ការលក់ឧបករណ៍តេស្តរហ័ស ដោយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នឹងបន្តរយៈ២ខែទៀត ដើម្បីធ្វើឱ្យមានភាពសម្បូរ និងបន្ស៊ាំទៅនឹងតម្លៃទីផ្សារ មុននឹងផ្ទរឱ្យអង្គភាពណាមួយទទួលខុសត្រូ ឬទុកឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប៕

ប្រភព : ថ្មីថ្មី

LEAVE A REPLY

Please enter your comment!
Please enter your name here