កំពង់ស្ពឺៈ បុរសនិងស្ត្រីដែលជាប្តីប្រពន្ធដែលធ្វើដំណើរតាមម៉ូតូបានស្លាប់ភ្លាមៗ។ចំណែកកូនស្រីរបួសធ្ងន់បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រថយន្ត នៅលើផ្លូវក្រាលកៅស៊ូ 1KS1ត្រង់ចំណុចលើខ្នង ទំនប់ចាន់ថ្នាល ភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ កាលពីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក ហ្វត រ៉េនជ័រ (២០១៨) ពណ៌ស គ្មានស្លាកលេខ បើកបរពីលិចទៅកើត។ លុះបើកបរមកដល់ ចំណុចខាងលើ បានបើកទៅបុកជាមួយម៉ូតូមួយគ្រឿងហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G.8692 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។ម៉ូតូជិះគ្នាបីនាក់បណ្តាលឱ្យម៉ូតូប៉ើងខ្ទាត ហើយមនុស្សពីរនាក់បានបាត់បង់ជីវិតភ្លាមៗនិងក្មេងស្រីម្នាក់ជាកូនជនរងគ្រោះដល់ជីវិត របួសធ្ងន់។ចំណែកអ្នកបើកឡានបន្ទាប់ពីជួបហេតុការណ៍បានរត់គេចខ្លួនបាត់។
ប្រភពបានបន្តថា ជនរងគ្រោះដល់ជីវីតឈ្មោះ រ៉ាត់ ណត់ អាយុ ៣៥ ឆ្នាំត្រូវជាប្តីជាអ្នកបើកម៉ូតូ,ឈ្មោះ ឃុយ នីម អាយុ ៣២ ឆ្នាំ ត្រូវជាប្រពន្ធ ។ ចំណែកកូនដែលរបួសធ្ងន់ឈ្មោះ រ៉ាត់ កញ្ញា ភេទស្រី អាយុ ១៤ ឆ្នាំ ។ អ្នកទាំងបីនាក់ រស់នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ៕
ប្រភព : រស្មីកម្ពុជា