អ្នកជំនាញចិនកំពុងចោទសួរ អំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ “សូន្យកូវីដ”

0
31

បើតាមសារព័ត៌មាន South China Morning Post ក្រុមសកលវិទ្យាធិការ និងប្រធានមជ្ឈមណ្ឌលជាតិ ការពារ និងជំនាញត្រួតពិនិត្យជំងឺរោគរាតត្បាត បានជួបពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យ ទី៨ ខែសីហា អំពី ប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ “សូន្យកូវីដ” ដោយចង់ឱ្យអាជ្ញាធរប្តូរយុទ្ធសាស្ត្រ ដើម្បីសម្របខ្លួនរស់ជាមួយកូវីដ១៩។ សម្រាប់អ្នកវិទ្យាសាស្ត្រក្រុមនេះ យុទ្ធសាស្ត្រ “សូន្យកូវីដ” ជាបន្ទុកដ៏ធ្ងន់ខ្លាំង និងពុំបានទាញប្រយោជន៍ពីការចាក់ថ្នាំបង្ការទេ។ ម្យ៉ាងវិញទៀត ករណីវិជ្ជមានកូវីដ១៩ ឆ្លងថ្មីភាគច្រើន ជាជំងឺស្រាល ដែលមិនគួរណាក្លាយជាសម្ពាធ និងបង្កភាពស្លន់ស្លោដល់សង្គម ដូចអ្វីដែលមានកើតឡើងនៅតាមខេត្តក្រុង និងនៅវូហាន មួយខែកន្លងមកនេះទេ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភូមិឋាន សង្កាត់ ក្រុងខ្លះ ត្រូវបិទខ្ទប់ ប្រជាជនផ្អើលទៅវិញឥវ៉ាន់មកស្តុកទុក មានសណ្ឋានដូចផ្ទុះកូវីដ១៩ ដំបូង។ ប៉ុន្តែអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលចិនមិនគាំទ្រដាច់ខាត ការប្តូរយុទ្ធសាស្ត្រមករៀនរួមរស់ជាមួយកូវីដ១៩។ លោកជឿជាក់ជានិច្ចថា ចិននឹងអាចលុបបំបាត់កូវីដ១៩ បាន ហើយអាចដើរចេញពីវិបត្តិកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រ “គ្មានកូវីដសោះ ឬ សូន្យកូវីដ”។ យុទ្ធសាស្ត្រដែលជាវិធានការយ៉ាងតឹងតែង ការបិទខ្ទប់ កំរិតការធ្វើដំណើរ ដាក់ពណ៌ឱ្យតំបន់មួយទៅតាមស្ថានភាពមានករណីវិជ្ជមាន ជាតំបន់ក្រហម ឬ លឿងទុំ ដែលអាចត្រលប់មកជាតំបន់បៃតង(ធម្មតា)វិញ ដរាបណាលែងមានករណីវិជ្ជមានសោះ រយៈពេល ១៤ ថ្ងៃ លើកពេលបើកបវេសនកាលនៅប៉េកាំង ឬ បន្តបិទទ្វារទីកន្លែងវប្បធម៌ជាបណ្តោះអាសន្នទៀតសិន ចិនធ្វើគ្រប់យ៉ាងទាំងអស់ ដើម្បីការពារ និងទប់ស្កាត់មិនឱ្យមានករណីវិជ្ជមានកូវីដ១៩ ក្នុងទឹកដីខ្លួនជាថ្មី ជាពិសេស គឺនៅរដ្ឋធានីប៉េកាំងតែម្តង។ វិធានការនេះ បានកំរិតការចម្លងកូវីដ១៩ បំប្លែងខ្លួនដែលតា ឱ្យមានត្រឹម ៦០០ នាក់ (៨១នាក់ ក្នុងមួយថ្ងៃអាទិត្យ ទី៨ ខែសីហា) ក្នុងមួយខែ និងគ្មានស្លាប់ម្នាក់សោះក្នុងរលកចម្លងថ្មីនេះ។ ដូច្នេះគំនិតចង់ប្តូរផ្លាស់យុទ្ធសាស្ត្រ “០កូវីដ” ពិតជាពិបាកទទួលណាស់ សម្រាប់អាជ្ញាធរចិនដែលស្រមៃចង់រៀបចំកីឡាអូឡាំពិករដូវរងារចុងឆ្នាំ២០២២ ដោយមានទស្សនិជនចូលរួមយ៉ាងច្រើននោះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here