បណ្តាប្រទេសក្រីក្រទំនងងើបពីវិបត្តិនៅឆ្នាំ២០២៤

0
32

យោងតាមទិន្នន័យផ្លូវការចុងក្រោយ ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការសុខភាពពិភពលោក (WHO) និងសាកលវិទ្យាល័យ Oxford បានបង្ហាញថា វិសមភាពនៃការទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងជះឥទ្ធិពលយូរអង្វែង និងស៊ីជម្រៅដល់ការងើបឡើងវិញសេដ្ឋកិច្ចសង្គម នៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ ការពន្លឿនក្នុងការបង្កើនផលិតកម្ម និងការចែករំលែកវ៉ាក់សាំងគ្រប់គ្រាន់ បណ្ដាឲ្យប្រទេសទាំងនោះ អាចបង្កើនសេដ្ឋកិច្ចបន្ថែមចំនួន ៣៨ពាន់លានដុល្លារអាមេរិក សម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២១ ប្រសិនបើបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមទាំងនោះ មានអត្រាអ្នកចាក់វ៉ាក់សាំងប្រហាក់ប្រហែលទៅនឹងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ របាយការណ៍នេះ ក៏បានលើកឡើងផងដែរថា នៅពេលដែលប្រទេសអ្នកមាន បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញ និងលើកស្ទួយសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងធ្លាក់ចុះ ក៏ជាពេលដែលត្រូវឱ្យការចែកចាយវ៉ាក់សាំងមានភាពឆាប់រហ័សផងដែរ។ បណ្តាប្រទេសក្រីក្រនឹងត្រូវការពេលវេលាយូរ ដើម្បីទទួលបានថ្នាំបង្ការ ដែលមានតម្លៃសមរម្យ និងការគាំទ្រហិរញ្ញវត្ថុទាន់ពេលវេលា។ លទ្ធផលនៃរបាយការណ៍នេះ ត្រូវបានធ្វើឡើងដោយរួមបញ្ចូលព័ត៌មានចុងក្រោយ ស្តីពីការចាក់វ៉ាក់សាំងការពារកូវីដ១៩ បូកនឹងទិន្នន័យសេដ្ឋកិច្ចសង្គមថ្មីៗបំផុត ដើម្បីបង្ហាញពីមូលហេតុដែលការបង្កើនល្បឿនចាក់វ៉ាក់សាំងប្រកបដោយសមធម៌ មិនត្រឹមតែមានសារៈសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការងើបឡើងវិញលឿនជាង និងមានភាពស្មើគ្នាជាងមុន ពីជំងឺរាតត្បាតបច្ចុប្បន្ននេះ។ លោក Achim Steiner មន្រ្ដីរដ្ឋបាល UNDP បានលើកឡើងថា “នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ប្រជាជនតិចជាង ១ភាគរយ នៃចំនួនប្រជាជនទាំងអស់បានទទួលវ៉ាក់សាំង”។ ផ្អែកតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ធនាគារពិភពលោក អង្គការ UNICEF អង្គការ Gavi និងការវិភាគលើអត្រាកំណើនចំណូលជាតិសរុប វាស់វែងដោយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ បង្ហាញថា បណ្តាប្រទេសអ្នកមានត្រូវបានគេរំពឹងថា នឹងអាចចាក់វ៉ាក់សាំងបានលឿនជាង ហើយសេដ្ឋកិច្ចអាចងើបឡើងវិញលឿនជាង ស្របពេលដែលបណ្តាប្រទេសក្រីក្រមិនអាចផ្តល់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាលរបស់ពួកគេ និងប្រជាជន ដែលត្រូវបន្ដប្រឈមហានិភ័យខ្ពស់បំផុត។ ប្រទេសក្រីក្រទាំងនោះនឹងអាចត្រលប់ទៅរកកំណើនសេដ្ឋកិច្ចដូចពីមុនកូវីដ១៩ រហូតដល់ឆ្នាំ២០២៤។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានលើកឡើងថា វិសមភាពវ៉ាក់សាំង គឺជាឧបសគ្គធំបំផុតរបស់ពិភពលោក ក្នុងការបញ្ចប់ជំងឺរាតត្បាត និងងើបចេញផុតពីវិបត្តិកូវីដ១៩។ លោក Thomas Hale សាស្រ្តាចារ្យរងនៃគោលនយោបាយសាធារណៈសកលរបស់សាកលវិទ្យាល័យ Oxford បានលើកឡើងថា ការកាត់បន្ថយគម្លាតនៃការទទួលបានវ៉ាក់សាំង ទាមទារឱ្យយើងចាត់ទុកវិបត្តិរាតត្បាតជារឿងដំបូង។ របាយការណ៍នេះ អាចជួយបង្កើន និងពន្លឿនការផ្តល់វ៉ាក់សាំងជាសកល ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។ វាបង្ហាញមិនត្រឹមតែលើចំនួនវ៉ាក់សាំងដែលបានផ្តល់ឱ្យប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញគោលនយោបាយ និងយន្តការនានា ដែលប្រទេសមួយអាចធ្វើបាន៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here