ពិភពលោកប្រតិកម្មទៅនឹងរបាយការណ៍ ទាញសញ្ញាអាសន្នពីគ្រោះមហន្តរាយ អាកាសធាតុ

0
83

ការឡើងកម្តៅផែនដី ១,៥អង្សា នឹងអាចកើតមាននៅអំឡុងឆ្នាំ២០៣០ គឺ ៩ឆ្នាំខាងមុខ ប៉ុន្តែមិនមែននៅ ឆ្នាំ២០៤០ ដូចដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានព្យាករទុក កាលពី ៣ឆ្នាំមុននោះទេ។ នេះជាដំណឹងដ៏គួរឲ្យរន្ធត់តក់ស្លុត។ តាមរបាយការណ៍របស់ក្រុមជំនាញអន្តរដ្ឋាភិបាល ស្តីពីអាកាសធាតុ ការកើនឡើងកម្តៅផែនដី ១,៥អង្សា នឹងធ្វើឲ្យជីវិតនៅផែនដីកាន់តែប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ញឹកញាប់ ដែលមិនធ្លាប់មានពីមុនមក។ សម្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អង់តូនី ប្លីងកិន ពិភពលោកមិនអាចពន្យារពេលតទៅទៀត ដើម្បីចាត់វិធានការអាកាសធាតុដ៏មានមហិច្ឆតា។ ប្រតិកម្មទៅនឹងរបាយការណ៍របស់ក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ ប្រមុខការបរទេសអាមេរិកបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្នុងពិភពលោក ក្រុមឯកជន និងគ្រប់បុគ្គល ចាត់វិធានការធ្វើការរួមគ្នាជាបន្ទាន់ និងធ្វើគ្រប់បែបយ៉ាង ដើម្បីការពារផែនដីអនាគតមនុស្សជាតិនៅទសវត្សរ៍នេះ និងនៅថ្ងៃអនាគត។ សម្រាប់អតីតប្រធានាធិបតីប្រទេសកោះម៉ាល់ឌីវ ជាមួយការលើកឡើងពីការកើនឡើងកំពស់ទឹកសមុទ្រ របាយការណ៍របស់អ្នកជំនាញអាកាសធាតុបានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសជាតិដែលប្រឈមរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុកំពុងឈានទៅរលាយបាត់មុខពីលើផែនដី។ របាយការណ៍របស់ក្រុមជំនាញអន្តរដ្ឋាភិបាល ស្តីពីអាកាសធាតុ បានបង្ហាញហើយថា ការប្រែប្រួលអាកាសធាតុជាស្នាដៃកើតចេញពីសកម្មភាពរបស់មនុស្សទាំងស្រុង។ សម្រាប់រដ្ឋមន្រ្តីបារាំងទទួលបន្ទុកអន្តរបរិស្ថាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ គឺជាការងារដ៏ធំសម្បើមពិបាកនឹងសម្រេចបាន ព្រោះតម្រូវឲ្យអរិយធម៌មួយ ដែលពឹងផ្អែកទៅលើថាមពលហ្វូស៊ីល (ប្រេង ធ្យូងថ្ម) អស់ជាច្រើនសតវត្សរ៍មកហើយ ត្រូវដើរចេញឈប់ប្រើវា ក្នុងរយៈពេលតែ ១០ឆ្នាំខាងមុខ។ សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេស ដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំសន្នីសិទអន្តរជាតិ ស្តីពីអាកាសធាតុ របាយការណ៍របស់ក្រុមជំនាញអន្តរដ្ឋាភិបាល ស្តីពីអាកាសធាតុ គឺជាសំឡេងស្រែកដាស់ឲ្យពិភពលោកដឹងខ្លួន និងចាត់វិធានការភ្លាមនៅពេលនេះ ឲ្យបានមុនជំនួបប្រជុំនៅខែវិច្ឆិកាខាងមុខ។ នៅក្នុងអង់គ្លេសផ្ទាល់ រដ្ឋាភិបាលអង់គ្លេសកំពុងរងការរិះគន់ក្នុងរឿងដែលអនុញ្ញាតឲ្យគេបន្តជីករកឧស្ម័នប្រេង ក្នុងពេលដែលទីភ្នាក់ងារថាមពលអន្តរជាតិបានអំពាវនាវឲ្យគេឈប់ជីករុករកប្រេង និងឧស្ម័នតទៅទៀត បើសិនគេចង់ទប់មិនឲ្យការកើនឡើងកម្តៅផែនដី មានត្រឹម១,៥អង្សា៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here