ស្តាប់សង្ឃដីការបស់ព្រះចៅអធិការវត្តស្អាងភ្នំ គឺសក់បះច្រូងព្រោះថា នៅលើភ្នំមានសត្វពស់អ្នកតាធំៗណាស់ ប៉ុន្តែមិនដែលធ្វើបាបដល់មនុស្សឡើយ។
យោងតាមសង្ឃដីការរបស់ភិក្ខុ អគ្គធីរោ អ៊ុក ប៊ុនធឿន ព្រះចៅអធិការវត្តស្អាងភ្នំ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងថា នៅលើភ្នំ ស្អាងភ្នំ នេះ ពិតជាមានសត្វពស់ធំៗពិតប្រាកដមែន ប៉ុន្តែមិនដឹងជាពស់អ្វីទេ។ ហើយនៅពេលថ្មីៗនេះ មានសត្វពស់ដ៏ធំបានមកសំងំដេកនៅមុខទីបល្ល័ង្កព្រះ ដែលទំហ៊ុំខ្លួនធំជាងភ្លៅប្រវ៉ែងជិត១០ម៉ែត្រ។ ខណៈនោះព្រះគ្រូចៅអធិការសុំឲ្យសត្វពស់ចេញទៅកន្លែងវិញព្រោះខ្លាចក្រែងពុទ្ធបរិសទ្ធ ឬញាតិញោមដែលអញ្ជើញមកវត្តបានឃើញនាំឲ្យភ័យខ្លាចបើទោះជាពស់នេះមិនបញ្ចេញភាពសាហាវដាក់មនុស្សក៏ដោយ។
ព្រះគ្រូចៅអធិការវត្តបានបញ្ជាក់ទៀតថា ធាតុពិតសត្វពស់គ្រប់ប្រភេទនៅលើភ្នំ ស្អាងភ្នំ នេះច្រើនណាស់។ប៉ុន្តែមិនដែលធ្វើអ្វីឲ្យប៉ះពាល់ដល់មនុស្ស សូម្បីតែសត្វអ្នកស្រុកចិញ្ចឹមក៏មិនដែលមកបៀតបៀនឡើយ។
គួរបញ្ជាក់ថា វត្តស្អាងភ្នំ ដែលមានទីតាំងស្ថិតក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល គឺមានប្រាសាទតូចមួយនៅលើកំពូលភ្នំ ដែលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិនាំគ្នាទៅកម្សាន្តលេងយ៉ាងច្រើន។ ជាពិសេសថ្ងៃសៅរ៍អាទិត្យនិងថ្ងៃបុណ្យជាដើម៕