លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២១ បានផ្ញើលិខិតលិខិតមួយច្បាប់ជម្រាបជូនអភិបាលខេត្តសៀមរាបស្តីពីការអនុវត្ត ច្បាប់ចំពោះបុគ្គល ដែលបានគេចវេះចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុចំនួន១៤នាក់ ដែលមានដំណឹងថាបានទៅដល់ខេត្តសៀមរាប ដោយនៅក្នុងលិខិតបានសរសេរយោងអនុក្រឹត្យលេខ៣៧ , អនុក្រឹត្យលេខ៥៧ និង សេចក្តី សម្រេចលេខ១១៦/២១សសរ។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក គួចចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ភូមិសាស្ត្រក្រុងព្រះសីហនុខេត្តព្រះសីហនុត្រូវបាលរដ្ឋបាលខេត្តព្រះសីហនុសម្រេច ដាក់ជាតំបន់បិទខ្ទប់រយៈពេល១៤ គិតចាប់ពីថ្ងៃទី២៣ខែមេសាឆ្នាំ ២០២១ ក្នុងគោ លបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃ ជម្ងឺកូវីដ-១៩ ក្នុង សហគមន៍ និងទប់ស្កាត់ជម្ងឺនេះមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត។ ប៉ុន្តែក្នុងអំឡុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តព្រះសីហនុបានទទួល ព័ត៌មានថា មានបុគ្គលចំនួន១៤នាក់ (មានវិជ្ជមានកូវីដ- ១៩ ចំនួន៨ នាក់) បានលេចគេចវេះចេញពីតំបន់ បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តសៀមរាប។
បុគ្គលទាំង១៤ នាក់រួមមាន៖ ១- ឈ្មោះ បាន់ ផាវ ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះនឿន ម៉ាប់ ភេទស្រី អាយុ២០ឆ្នាំ, ៣- ឈ្មោះ ប៊ូរិន រតនា ភេទប្រុស អាយុ៥ឆ្នាំ (វិជ្ជមានកូវីដ-១៩), ៤- ឈ្មោះ ជាវ រដ្ឋា ភេទប្រុស អាយុ១១ខែ (វិជ្ជមានកូវីដ-១៩), ៥- ឈ្មោះណា ណាង ភេទប្រុស អាយុ១៦ឆ្នាំ, ៦- ឈ្មោះអៀន លឹម ភេទស្រី អាយុ៤០ឆ្នាំ (វិជ្ជមានកូវីដ-១៩) , ៧- ឈ្មោះ ផល រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ (វិជ្ជមានកូវីដ-១៩), ៨- ឈ្មោះណា និត ភេទប្រុស អាយុ២០ឆ្នាំ, ៩- ឈ្មោះ ឆាត រតនា ភេទប្រុសអាយុ២៧ឆ្នាំ, ១០- ឈ្មោះ ឆាត ដាណេត ភេទស្រី អាយុ៣០ឆ្នាំ (វិជ្ជមានកូវីដ-១៩), ១១- ឈ្មោះឡីសុខ ណី ភេទស្រី អាយុ១៦ឆ្នាំ, ១២- ឈ្មោះហួរ ស្រីម៉ាច ភេទស្រី អាយុ២៥ឆ្នាំ, ១៣- ឈ្មោះ មឿត ភក្តី ភេទប្រុស អាយុ៣៩ឆ្នាំ និង១៤- ឈ្មោះអៀង អៀប ភេទប្រុស អាយុ៣៧ឆ្នាំ។ អំពើរបស់ពួកគេទាំង១៤នាក់នេះ គឺជាអំពើដោយចេតនាមិនគោរពវិធានការ រដ្ឋបាល ដែលចែងនៅក្នុងមាត្រា៤ និងមាត្រា១០នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងជម្ងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ផ្សេងទៀត៕